ភ្លើងឆេះព្រៃបង្កហានិភ័យនៃវដ្តមរណៈសម្រាប់អាកាសធាតុ

នៅ​ក្នុង​ការសិក្សា​ស្រាវ​ជ្រាវ​មួយ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពីថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៨ ឲ្យ​ដឹងថា អ្នក​សិក្សា​ស្រាវ​មួយ​ក្រុម​បាន​តាម​ដាន​ហានិភ័យ​នៃ​ឥទ្ធិពល​បណ្តាក់​គ្នា ដែល​នឹង​មក​ដល់។ យោង​តាម​យន្តការ​នេះ ការ​កើន​កម្តៅ​នៃ​ផែនដី​គឺ​មិន​អាច​គ្រប់​គ្រង​បាន​សោះឡើយ។   នៅ​ក្នុង​លក្ខខណ្ឌ​ទាំង​នេះ ​ការកើន​ខ្ពស់​នៃ​សីតុណ្ហភាព​បង្ក​ហានិភ័យ​ក្នុង​ការ បង្កើន​ល្បឿន​យ៉ាង​ពិតប្រាកដ និង​ពង្រីក​ចំនួន​នៃ​ភ្លើង​ឆេះ​ព្រៃ។ នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​បារាំង និង​ប្រទេស​ព័រទុយហ្គាល គេ​បាន​ឃើញ​នៅ​ក្នុង​អំឡុង​ពេល ២០​ឆ្នាំ ចុង​ក្រោយ ថា​មាន​រលក​គ្រោះ​រាំង​ស្ងួត​ជាច្រើន​ជាប់ៗ​គ្នា ដែល​គេ​ធ្លាប់​ឃើញ​វា​កើត​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​មួយ​សតវត្ស កាល​ពី​ពេល​មុន។

 

លក្ខខណ្ឌ​ដ៏​អនុគ្រោះ​បំផុត​នៃ​ភ្លើង​ដែល​អាច​ឆេះ​ព្រៃ គឺ​ត្រូវ​បាន​ជំរុញ​ដោយ​ការ​កើន​កម្តៅ​នៃ​អាកាស​ធាតុ។ លោក​តូម៉ាស ឃឺត នាយក​សិក្សា​ស្រាវ​ជ្រាវ​អាកាស​ធាតុ នៅ​តំបន់​ប្រូវ៉ង់ ប្រទេស​បារាំង ធ្លាប់​បាន​ពន្យល់​ថា ៖ “ភ្លើង​ឆេះព្រៃ​បង្ក​ឲ្យ​មាន​កត្តា​បី ៖ ការកើន​កម្តៅ​នៃ​អាកាស​ធាតុ។ ព្រៃ​ជា​ប្រភេទ​រុក្ខជាតិ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ងាយ​ស្រួល​ឆាប​ឆេះ តួ​យ៉ាង ដូច​ជា ដើម​ស្រល់ និងដើម​ស៊ី​ប្រ៊ែ ព្រម​ទាំង​ព្រៃ​ដុះ​ យ៉ាង​ក្រាស់​ឃ្មឹក”។ 

 

ដូច្នេះ​នេះ​គឺ​គ្មាន​ការភ្ញាក់​ផ្អើល​ទេ​ដែល​ថា តំបន់​ទាំង​ឡាយ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​ភ្លើង​ឆេះ គឺ​ជា​តំបន់​ដែល​សីតុណ្ហ​ភាព និង​ភាព​រាំង​ស្ងួត​កើន​ឡើង ​នៅ​ក្រោម​ការវាយ​ប្រហារ​ពី​ការ​កើន​​កម្តៅ​អាកាសធាតុ។

 

លោក​ដាវីឌ បូវម៉ាន សាស្រ្តាចារ្យ​នៅ​សកល​វិទ្យាល័យ តាសម៉ានី នៅ​ប្រទេស​ អូស្រ្តាលី និង​ជា​សហនិពន្ធ​នៃ​ស្នាដៃ​អំពី​ភ្លើង​ព្រៃ បាន​ពន្យល់​ថា ៖ “ការ​ប្រែប្រួល​អាកាស​ធាតុ គឺ​ជា​អ្នក​បង្កើន​ល្បឿន​ឲ្យ​ព្រៃ​ឆេះ”។

 

ចំណែក​លោក​គ្រីស្តូហ្វឺ វីលៀម នៃ​សកល​វិទ្យាល័យ​ក្លាក នៅ​ក្នុង​រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋ​អាម៉េរិក បាន​ពន្យល់​ថា ៖ “ការប្រែប្រួល​អាកាស​ធាតុ​បង្កើន​ការ​នាំ​មក​នូវ​ខ្យល់​ដែល​កាន់តែ​ស្ងួត និង​កាន់​តែ​ក្តៅ បង្ក​បាន​ជា​ស្ថានជីវ​ចម្រុះ​ដែល​កាន់​តែ​ងាយ​ឆាប់​ឆេះ ដោយ​បង្កើន​នូវ​អត្រា​ហួតទឹក និង​ភាព​ញឹក​ញាប់​នៃ​គ្រោះ​រាំងស្ងួត”។ 

 

ដោយ​ប្រតិកម្ម​ទៅ​នឹង​ការកើន​កម្តៅ ភាវរស់​ដែល​អាច​សម្រប​ខ្លួន​បាន​ល្អ​នឹង​លក្ខខណ្ឌ ពាក់​កណ្តាល​​ហួត​ហែង បាន​រីក​សាយ​ភាយ។ នៅ​ក្នុង​តំបន់​មេឌីទែរ៉ាណេ ធម្មជាតិ​នៃ​ឈើ​បាន​ផ្លាស់​ប្តូរ។ លោក​មីសែល វ៉ង់នេត្យេ វិស្វករ​សិក្សា​ស្រាវ​ជ្រាវ​បរិស្ថាន នៅ​បារាំង បាន​សន្និដ្ឋាន​ថា ៖ “រុក្ខជាតិ​ដែល​ស្រឡាញ់​ភាព​សើម​បាន​បាត់​បង់ ដែល​ផ្តល់​កន្លែង​សម្រាប់​រុក្ខជាតិ​ដទៃ​ទៀត​ដែល​ស៊ូ​​ទ្រាំ​បាន​ល្អ​នឹង​ភាព​រាំង​ស្ងួត ដូចជា រុក្ខជាតិ​រ៉ូម៉ារាំង ដើម​ធីម និង​ផ្កា​ឡាវ៉ង់ព្រៃ។ ប៉ុន្តែ​ពួក​វា​ទាំងនេះ​ជាទូទៅ​កាន់​តែងាយ​ឆាប់​ឆេះ”។  លោក​មីសែល វ៉ង់នេត្យេ ធ្លាប់​បាន​ពន្យល់​ថា ៖“ទាំង​នេះ​គឺ​ជា​រុក្ខជាតិ​ដែល​គេ​ធ្លាប់​យក​វា​មក​ដុត​ចម្អិន​អាហារ។ រុក្ខជាតិ​ស្ងួត​ផ្ទុក​ទឹក​កាន់​តែ​តិច និង​ឆាប​ឆេះ​ងាយ​ស្រួល​ជា​ទីបំផុត”។  ម្យ៉ាងវិញ​ទៀត កត្តា​ដទៃ​ទៀត ដូចជា ការគ្រប់​គ្រង​ព្រៃ​​មិ​នល្អ ក៏​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​កាន់​តែ​ងាយស្រួល។ លោក​មីសែល វ៉ង់នេត្យេ ពន្យល់​ទៀត​ថា ៖ “ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ភាព​រាំង​ស្ងួត​ធ្ងន់​ធ្ងរ​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត ច្រើន​ជាង​បើ​ប្រៀប​​ធៀប​នឹង​អតីត​កាល។ ស្ថានភាព​នេះ​បង្កើន​នូវ​រុក្ខជាតិ​ស្ងួត​ដ៏​ច្រើន​សម្បើម ជា​មួយនឹង​ដើម​ឈើ​តូច​ធំ​ដួល​រលំ​ងាប់​នៅ​ក្បែរៗ ទាំង​នេះ​ប្រៀប​បាន​នឹង​គ្រឿង​​ចំហេះ​ដ៏​ប្រសើរ”។ រុក្ខជាតិ​ដែល​កាន់​តែ​សម្រប​ខ្លួន​ទៅ​នឹង​កម្តៅ ជារឿយៗ វា​កាន់​តែ​ងាយ​ឆាប់​ឆេះ​ផង​ដែរ។

ការប្រែ​ប្រួល​ស្ថាន​ជីវចម្រុះ​ផែន​ដី​កំពុង​ដំណើរ​ការ។  លោក​តូម៉ាស ឃឺត បាន​ពន្យល់​ផង​ដែរ​ថា ៖ “បន្ទាប់​ពី​ការរាំង​ស្ងួត​មុនៗ ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ២០០៧ ដើម​ឈើ​ខ្លះ​បាន​ងាប់​ស្ទើរ​តែ​ទាំង​​ស្រុង​នៅ​កន្លែង​តែ​ម្តង។ យោង​តាម​ការសិក្សា​មួយ​ដែល​យើង​បាន​ធ្វើ​នៅ​ឆ្នាំ​២០១០ ដើម​សែន​ពណ៌ស គឺ​ទទួល​រង​ការ​ប៉ះពាល់​បំផុត។ ដើម ឬ​មែក​ខាង​ចុង​របស់​វា​ងាប់! យើង​មើល​ឃើញ ដើម​សែន​កំពុង​បាត់​បង់​បន្តិចម្តងៗ។ តែ​ដើម​ឈើ​មួយ​ប្រភេទ​នៅ​រស់រាន​មាន​​ជីវិត​គឺ​ដើម​ស្រល់ អាឡឹប ដែល​ជាដើម​ឈើមួយ​ក្នុង​ចំណោម​ដើមឈើ​ចុងក្រោយ​ៗ ដែល​គេរក​ឃើញ​​បន្ទាប់​ពីរលក​នៃ​គ្រោះ​រាំងស្ងួត”។

 

នៅក្នុង​តំបន់​ត្រជាក់​បង្គួរ​នៃ​អឌ្ឍគោល​ខាង​ជើង រដូវ​នៃ​អគ្គីភ័យ​ជាប្រពៃណី កម្រិត​នៅ​ត្រឹម​ពី​ខែ​​កក្កដា ដល់ខែ សីហា។ សព្វ​ថ្ងៃ​នេះ វា​អាច​រាល​ដាល​ពី​ខែ​មិថុនា ដល់​ខែ តុលា តួយ៉ាង​នៅ​ក្នុង​​អាង​ មេឌី​ទែរ៉ាណេ។ ចំណែក​នៅ​រដ្ឋ​កាលីហ្វ័រនី សហរដ្ឋ​អាម៉េរិក អ្នកជំនាញ​ប៉ាន់​ប្រមាណ​ថា ភ្លើងឆេះ​ព្រៃ​អាច​នឹង​កើត​មាន​ឡើង​ពេញ​មួយ​ឆ្នាំ​តែ​ម្តង។

 

ឧតុនិយម​នៃ​ទ្វីប​អាម៉េរិក​ខាង​ជើង និងនៅ​ផែនដី​អឺរ៉ាស៊ី ពឹងផ្អែក​ជា​ខ្លាំង​ទៅលើ​ខ្យល់​នៅរយៈ​កម្ពស់​ខ្ពស់ ដែល​បង្កើត​ឡើង​ដោយ​ភាពខុស​គ្នានៃ​សីតុណ្ហភាព​រវាង​តំបន់​ប៉ូល និង​តំបន់​អេក្វាទ័រ។ ប៉ុន្តែការ​កើន​កម្តៅនៃ​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​ទន់​ខ្សោយ​ដល់​ចរន្ត​ខ្យល់​នេះ។

 

ក្នុង​ស្ថាន​ភាពនេះ លោកម៉ាក ហ្វ្លានីហ្កាន សាស្រ្តាចារ្យ​នៃ​សកលវិទ្យាល័យ អាល់ប៊ែរតា ប្រទេស​កាណាដា ពន្យល់​ថា ៖ “វា​ធ្វើ​ឲ្យ​មាន​ការកើត​ឡើង​ជា​បន្ត​បន្ទាប់​នូវ​ព្រឹត្តិការណ៍​អាកាសធាតុ​​ហួត​ហែង​ខ្លាំងក្លា​ ដែល​បង្កឡើង​ដោយ​ចរន្ត​ខ្យល់​ធ្លាក់​ចុះ ដែល​ធ្វើ​ឲ្យ​បរិយាកាស​ឡើង​កម្តៅ និង​ស្ងួត”។ ផ្ទុយ​មក​វិញ ​ភ្លើងឆេះ​ព្រៃ​ញឹកញាប់...​ក៏​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ដល់​ការប្រែប្រួល​អាកាស​ធាតុ​ ដែល​និង​បង្កើន​អត្រា​នៃ​ភ្លើង​ឆេះព្រៃ ព្រម​ទាំង​ទំហំ​ភ្លើង​ឆេះ​របស់​វា​ផងដែរ។​លោក​ម៉ាក ហ្វ្លានីហ្កាន ក៏​បាន​បន្ថែម​ផងដែរ​ថា ៖ “ប្រសិន​បើ​ភ្លើង​ឆេះ​ព្រៃ ប្រែ​ក្លាយ​ទៅជា​មាន​កម្លាំង​ខ្លាំង​ក្លា​ពេក ដូច​ក្នុង​ករណី​ភ្លើង​ឆេះ​នៅ​កាលីហ្វ័រញ៉ា​សព្វថ្ងៃ និង​នៅ​ប្រទេស​ក្រិក គឺវា​គ្មាន​វិធាន​​ការ​ណា​ដែល​អាច​បញ្ឈប់​វា​បាន​ដោយ​ផ្ទាល់​នោះ​ទេ៕”

Add new comment

2 + 0 =