ពលរដ្ឋរាជធានីភ្នំពេញពេញចិត្តនឹងការប្រមូលសំរាម ស្របតម្លៃសម្រាមកើនតម្លៃ

ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ​ ពេញចិត្តនឹងសេវាប្រមូលសំរាមថ្មី របស់ក្រុមហ៊ុនប្រមូលសំរាមនៅរាជធានីភ្នំពេញ ដែលមានលក្ខណៈល្អប្រសើរជាងមុនខណៈពួកគាត់នៅតែជំរុញក្រុមហ៊ុនប្រមូលសំរាមទាំងនោះ ប្រមូលសម្រាមទាំងនេះ ឱ្យកាន់តែល្អបន្ថែមទៀត ដោយមិនធ្វើបានតែក្នុងពេលបច្ចុប្បន្ន។

ប្រតិបត្តិករប្រមូលសំរាម ត្រូវបានបន្ថែមដើម្បីបំពេញសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្នុងនោះប្រិតបត្តិករថ្មីចំនួន៣បានចូលខ្លួនមកបំពេញការងារប្រមូលសំរាមក្នុងបីតំបន់ របស់ខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២១មកម្ល៉េះ។

ស្របពេលនៃប្រតិបត្តិការប្រមូលសំរាមបានយ៉ាងល្អប្រសើរ និងមានការអបអរសាទរពីសំណាក់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនោះ តម្លៃសេវាកម្មប្រមូលសំរាម កាកសំណល់រឹងទាំងនោះ បានប្រែប្រួល ពោលគឺកើនពីតម្លៃធម្មតា ៤០០០រៀល ក្នុងមួយខែទៅ ជិត២០០០០រៀលក្នុងមួយខែ សម្រាប់លំនៅដ្ឋានធម្មតា។ តម្លៃនៃសេវាកម្មនេះក៏នឹងប្រែប្រួលទៅតាមប្រភេទអាជីវកម្ម លំនៅដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋានផងដែរ។

លោក សួន សុគា ជាប្រជាពលរដ្ឋរស់នៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានថ្លែងថា ការចូលខ្លួនមកបម្រើសេវាកម្មរបស់ក្រុមហ៊ុនថ្មី ទាំងនោះ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ ចំណុចល្អនោះគឺលោកផ្ទាល់សង្កេតឃើញថា ក្រុមហ៊ុនបានប្រមូលសំរាមបានស្អាតជាងមុន និងមិនបង្ករការធ្លាក់រាយប៉ាយនៃសំរាមនៅខាងមុខផ្ទះ និងផ្លូវសាធារណៈនោះទេ។

បន្ថែមលើនេះ លោក សួន សុគា បន្តថា រថយន្តដឹកសម្រាមថ្មីៗ មិនបង្កឱ្យមានទឹកសំអុយធ្លាក់រាយប៉ាយនៅផ្លូវដូចមុនដែរ។ ដោយឡែកម្ចាស់អាជីវកម្ម អាហារដ្ឋានរូបនេះ មិនពេញចិត្តត្រង់ តំបន់ដែលលោកកំពុងរស់នៅ មានកម្មករ កម្មការនី បម្រើការងារច្រើន ហើយការបញ្ចេញសំរាមក៏កើន តែប្រតិបត្តិការនៃការងាររបស់ក្រុមហ៊ុន មានភាពយឺតយ៉ាវទៅវិញ។

ដោយឡែកលោក សួន សុគា បន្ថែមថា ៖«ការប្រមូលសំរាមនៅទីនេះស្អាតល្អ សេវាគាត់លឿនជាងមុន មានម៉ូតូតូចៗចូលយកសំរាមយើងដាក់មុខផ្ទះ។ យើងឃើញប្លែកថា មានដាក់ធុងសំរាមតាមផ្ទះឱ្យយើង គាត់ប្រមូលពីមុខផ្ទះយើងទៅដាក់ក្នុងឡានគាត់តែម្តង ដូចស្រុកគេ។ តម្លៃវិញមិនចោទទេ ឱ្យតែមកយកលឿនដូចរាល់ថ្ងៃនេះ»។

ចំណែកអ្នកស្រី អ៊ួន ចាន់ថុល ជាប្រជាពលរដ្ឋរស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បានថ្លែងថា ចំពោះប្រតិ្តបត្តិករប្រមូលសំរាមថ្មី ក៏មិនសូវខុសគ្នាប៉ុន្មាន នៃប្រតិ្តបត្តិករប្រមូលសំរាមចាស់។ តែអ្នកស្រី យល់ឃើញថា មានចំណុចល្អច្រើនជាងមុនដូចជា ការប្រើប្រាស់រថយន្តថ្មី ការប្រមូលសំរាមបានស្អាតជាងមុន ប៉ុន្តែអ្នកស្រីមិនប្រាកដក្នុងចិត្តថា ប្រតិបត្តិការនេះនឹងបន្តរហូតដល់ពេលណានោះទេ ចំណែកតម្លៃសេវាហាក់មានតម្លៃថ្លៃបន្តិច តែក៏មិនចោទជាបញ្ហានោះដែរ។

អ្នកស្រី អ៊ូន ចាន់ថុល បន្តថា ៖«ឡានសំរាមមកតាមម៉ោង ក្នុងមួយរយៈពេលក្រោយនេះ គេប្រមូលតាមផ្ទះយើង។ ខ្ញុំសូមសរសើរតែម្តង តម្លៃថ្លៃថ្នូរអីមិនអីទេ បើគេធ្វើការប្រមូលសំរាមបានស្អាតដូច្នេះ តែកុំឡើងថ្លៃពេក និងជូនដំណឹងឱ្យបានច្បាស់ៗ អោយយើងប្រជាពលរដ្ឋ បានដឹងលឺផង»។

លោក សុខ ចិន្តា ជាម្ចាស់ផ្ទះជួលមួយកន្លែងនៅ ខណ្ឌចំការមន រាជធានីភ្នំពេញ បាននិយាយថា ពីមុននិងបច្ចុប្បន្នការប្រមូលសំរាមមិនខុសគ្នាប៉ុន្មាននោះទេ ចំពោះប្រតិ្តបត្តិការរបស់ក្រុមហ៊ុនមួយនេះ។ លោកថា ក្រុមហ៊ុននៅតែប្រតិបត្តិការប្រមូលសំរាមតាមការកំណត់របស់ខ្លួនដូចមុន ដែលមានរយៈពេល២ថ្ងៃម្តងដដែល។ រថយន្តនិងមនុស្សនៅតែដូចមុនដដែល មិនផ្លាស់ប្តុរច្រើននោះទេ តែលោកសង្ឃឹមថា នឹងមិនជួបបញ្ហាកកស្ទះសំរាមដូចលើកមុនៗទៀត ចំណែកតម្លៃសេវាកម្មវិញនោះ ក៏មិនទាន់ចោទជាបញ្ហាចោទច្រើន បើទោះបីតម្លៃកើនឡើងជាងមុនយ៉ាងណាក៏ដោយ។

លោក សុខ ចិន្តា បន្ថែមថា ៖«មិនបង្អាប់អីទេណា ពីមុនគេបើឡាន (រថយន្តប្រមូលសំរាម) ខាងមុខ ខ្ញុំរត់យួរថង់សំរាមតាមក្រោយ​ ហើយមិនមែនយកទៅដាក់ក្នុងឡានទេ យកទៅដាក់ក្នុងរទះទៅទៀត។ ឥលូវគេមកយកសំរាមមានពេល មានម៉ោង នៅសល់បន្តិចបន្តួច ព្រឹកឡើងអ្នកបោសគាត់យកអស់ហើយ។ តម្លៃសំរាមឃើញកើនមែន តែបើគេយក គេប្រមូលអស់ៗដូច្នេះ យើងបង់អោយទេ តែកុំដំឡើងខ្ពស់ពេក»។

យោងតាមការយល់ឃើញរបស់អ្នកប្រើប្រាស់បណ្តាញសង្គម នៅក្នុងការបញ្ចេញមតិរបស់រដ្ឋាករស្វ័យតប្រមូលសំរាមរាជធានីភ្នំពេញមួយរយៈចុងក្រោយនេះ សង្កេតឃើញថា បានបង្ហាញការពេញចិត្តចំពោះការប្រមូលសម្រាមទាំងនេះ ច្រើនជាងការរិះគន់លើតម្លៃសេវាកម្ម។ កាលពីពេលកន្លងទៅបញ្ហាសំរាមតែងតែមានប្រតិកម្ម ការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ៕

Add new comment

14 + 1 =