ទិវាឧទ្យានុរក្ស​ពិភពលោក៖ WWF សូមកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងការលះបង់ខ្ពស់របស់ឧទ្យានុរក្សទាំងអស់

មន្រ្តីឧទ្យានុរក្ស ពេលចុះល្បាត ។ (រូបភាពដោយ ក្រសួងបរិស្ថាន)

អង្គការWWF បាន​ទទួលស្គាល់ចំពោះសមិទ្ធិផលនិងការងារជាច្រើនដែលមន្រ្តីឧទ្យានុរក្សសម្រេចបាន ជាពិសេសឧទ្យានុរក្សទាំងអស់ដែលបាននិងកំពុងពុះពារនិងប្តេជ្ញាចិត្តដើម្បីបុព្វហេតុការពារធនធានធម្មជាតិនិងវប្បធម៌នៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើតនិងមេគង្គនៃប្រទេសកម្ពុជា។

 

អង្គការខាងអភិរក្សសត្វព្រៃមួយនេះ បាន​ចេញ​សេចក្តីប្រកាសព័ត៌មានមួយ​នៅ​ថ្ងៃសុក្រ ទី​៣១ ខែកក្កដា ជាពេលដែលពិភពលោកប្រារព្ធទិវាឧទ្យានុរក្សពិភពលោកនៅថ្ងៃនេះ ដោយ​បាន​លើកឡើងថា អង្គការ បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីគាំទ្រដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិសំខាន់ៗ និងផ្តល់ការកសាងសមត្ថភាពជំនាញសម្រាប់ការអនុវត្តច្បាប់ ព្រមទាំងផ្តល់នូវរាល់សម្ភារៈគ្រឿងបរិក្ខារ និងឧបករណ៍ចាំបាច់នានាជូនដល់មន្ត្រីឧទ្យានុរក្សនិងមន្រ្តីឆ្មាំទន្លេសរុបទាំងអស់ចំនួន ២៧១ នាក់ សម្រាប់បំពេញភារៈកិច្ចរបស់ខ្លួន កិច្ចការងារល្បាត និងការចុះត្រួតពិនិត្យជាប្រចាំនៅក្នុងតំបន់ការពារ។

 

នាយកអង្គការ WWF លោក សេង ទៀក បានមានប្រសាសន៍ថា អង្គការ WWF សូមអរគុណដោយក្តីគោរពដល់ឧទ្យានុរក្សទាំងអស់ដែលបានពុះពារ ប្រឈមនឹងឧបសគ្គនិងហានិភ័យខ្ពស់គ្រប់យ៉ាងដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួនជាប្រចាំថ្ងៃនៅសមរភូមិមុខនៃការអភិរក្ស។ យើងខ្ញុំសូមកោតសរសើរចំពោះការលះបង់និងប្តេជ្ញាចិត្តខ្ពស់របស់ឧទ្យានុរក្សទាំងអស់ក្នុងការថែរក្សានិងការពារធនធានសត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីព្រៃឈើនិងទន្លេដែលមនុស្សយើងទាំងអស់គ្នាពឹងអាស្រ័យសម្រាប់ជីវិត។

 

មន្រ្តីឧទ្យានុរក្សអនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ ប៉ុន្តែត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក និងប្រឈមនឹងគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗរួមមានដូចជាទឹកជំនន់ អគ្គីភ័យ ជំងឺឬសត្វដែលអាចបង្កគ្រោះថ្នាក់ ក៏ដូចជាត្រូវប្រឈមនឹងហានិភ័យនៃការក្លាយជាគោលដៅរបស់ជនល្មើសខណៈមន្រ្តីឧទ្យានុរក្សចុះអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់។

 

លោក James Peter Lourens ទីប្រឹក្សាបច្ចេកទេសសម្រាប់ការអនុវត្តច្បាប់នៃអង្គការ WWF បាននិយាយថា៖ «តួនាទីជាឧទ្យានុរក្សគឺជាកាតព្វកិច្ចមួយដែលមិនងាយស្រួលនោះទេ ហើយឧទ្យានុរក្សជារឿយៗត្រូវបំពេញការងារក្នុងស្ថានភាពប្រឈមនិងគំរាមកំហែងដល់អាយុជីវិត ប៉ុន្តែដោយសារតែចំណូលចិត្តនិងការស្រឡាញ់ធម្មជាតិ ឧទ្យានុរក្សទាំងអស់មាន និងបានបង្ហាញភាពតស៊ូ អត់ធ្មត់ ពុះពារការលំបាកនិងហានិភ័យគ្រប់យ៉ាងដើម្បីបំពេញភារៈកិច្ចថែរក្សានិងការពារសត្វព្រៃសំខាន់ៗព្រមទាំងទីជម្រកធម្មជាតិរបស់សត្វទាំងនេះឲ្យស្ថិតនៅគង់វង្ស»។

 

ក្នុងឱកាសទិវាឧទ្យានុរក្សពិភពលោកនេះដែរ  WWF សូមគោរពដល់វីរៈភាពរបស់ឧទ្យានុរក្ស ចំនួន ៤ រូប ដែលបានពលីជីវិតខណៈពេលពួកគេបំពេញភារៈកិច្ច ក៏ដូចជាដល់ឧទ្យានុរក្សមួយចំនួនផ្សេងទៀតដែលបានរងរបួសក្នុងពេលបំពេញការងារ។ ក្នុងចំណោមឧទ្យានុរក្សពលីជីវិត ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ មានឧទ្យានុរក្សមួយរូប បានបាត់បង់ជីវិតដោយការជួបគ្រោះថ្នាក់ដោយចៃដន្យខណៈពេលខ្លួនបំពេញការងារ និងឧទ្យានុរក្សចំនួន ៣ រូប ទៀតបានស្លាប់ដោយសារជំងឺក្នុងរយៈពេលបំពេញការងារ៕

Add new comment

1 + 0 =