ទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិ៖ សត្វត្មាតរបស់កម្ពុជានៅតែប្រឈមនឹងការផុតពូជ

ការប្រើប្រាស់ថ្នាំពុលដែលមានសារធាតុ carbofuran អាចធ្វើឱ្យអន្តរាយដល់សត្វត្មាត។ សារធាតុគីមីដ៏គ្រោះថ្នាក់ទាំងនេះគួរតែត្រូវបានហាមឃាត់ ព្រោះវាក៏បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សផងដែរ។

ជាលទ្ធផលសត្វត្មាតក្នុងស្រុកទាំងបីប្រភេទ ដែលរស់នៅតាមព្រៃល្បោះនៃប្រទេសកម្ពុជា កំពុងទទួលការគំរាមកំហែងឈានដល់ការផុតពូជ។ ប្រទេសកម្ពុជាគឺជាក្តីសង្ឃឹមចុងក្រោយសម្រាប់ប្រភេទសត្វត្មាតទាំងនេះនៅក្នុងតំបន់ ប៉ុន្តែចំនួននេះបានធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។

នៅមានចំនួនសត្វត្មាតមិនច្រើនទេ ដែលកំពុងមានវត្តមាននៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ខេត្តស្ទែងត្រែង  និងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ។

យោង​តាម​សេចក្តីប្រកាសព័ត៌មាន​រួម​គ្នាមួយ​របស់​អង្គការនិង​ស្ថាប័ន​រាជ​រដ្ឋាភិបាល​នៅ​ថ្ងៃសៅរ៍​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ឱ្យ​ដឹងថា ថៃ្ងនេះយើងប្រារព្ធទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ ដោយភ្ជាប់ជាមួយនូវ​សារដែលបញ្ជាក់យ៉ាងច្បាស់ថា សត្វត្មាតត្រូវការជំនួយពីយើងទាំងអស់គ្នា ប្រសិនបើយើងចង់ឃើញមានវត្តមានសត្វត្មាតរស់នៅក្នុងប្រទេស​កម្ពុជាបន្តទៀត។​

សត្វត្មាតដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថាន ព្រោះវាបានស៊ីសាកសពសត្វ ជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសត្វងាប់។ ពួកវាជា ភ្នាក់ងារសម្អាតបរិស្ថាន។ ប៉ុន្តែ វាគឺជារឿងដែលធ្វើឱ្យពួកវាមានគ្រោះថ្នាក់ទៅវិញ។

លោកម៉ាយឃើល ម៉ីយ័រហូហ្វ (Michael Meyerhoff) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់អាចមានមោទនភាពចំពោះខ្លួនឯងដែលនៅមានវត្តមានសត្វត្មាតនៅក្នុងប្រទេស ប៉ុន្តែគ្រប់គ្នាចាំបាច់ត្រូវតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអភិរក្ស​ តាមរយៈការជួយការពារទីជម្រករបស់សត្វត្មាត និងជាពិសេសត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំបំពុលសត្វព្រៃ។ បើមិនដូច្នេះទេ សត្វត្មាតរបស់កម្ពុជានឹងវិនាសផុតពូជដូចនៅក្នុងប្រទេសថៃនិងវៀតណាមជាមិនខាន”។

ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា​ ​បានបង្កើតឡើងដោយរួមមាន អង្គការមិនមែនរដ្ឋាភិបាល រដ្ឋាភិបាល និងវិទ្យាស្ថានអប់រំជាន់ខ្ពស់ ក្នុងគោលបំណងទប់ស្កាត់ការផុតពូជរបស់សត្វត្មាតនៅកម្ពុជា។ នៅក្នុងទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិឆ្នាំ២០២០ យើងចូលរួមជាមួយអ្នកអភិរក្សសត្វត្មាតនានានៅទូទាំងពិភពលោកដើម្បីរំឭកដល់សត្វត្មាត ។

នាយកប្រចាំប្រទេសនៃអង្គការ WWF លោក សេង ទៀក បានមានប្រសាសន៍ផងដែរថា ៖ «ស្ថាន​ភាពអភិរក្សសត្វត្មាតទាំងបីប្រភេទដែលជាប្រភេទជិតផុតពូជបំផុត​នៅកម្ពុជា គឺមានលក្ខណគួរឱ្យព្រួយបារម្ភខ្លាំង។ ថ្នាំសម្លាប់សត្វល្អិតមិនត្រឹមតែបង្កគ្រោះថ្នាក់ខ្លាំងដល់ជីវិតរស់រានរបស់សត្វត្មាតប៉ុណ្ណោះទេ ​វាថែមទាំង​ប៉ះពាល់ដល់សុខភាពមនុស្ស និងបសុសត្វផងដែរ»។

លោកបានបន្តថា អង្គការ WWF កំពុងតែស្វែងរកការគាំទ្រមតិលើវិធីសាស្ត្រ «សុខភាពមួយ (One Health)»  ដែលផ្សាភ្ជាប់សុខភាពរបស់មនុស្ស សត្វ និងបរិស្ថានរួមព្រមទាំង​ជុំរុញឱ្យមានការធ្វើសេចក្តីសម្រេចចិត្តបញ្ឍប់ការបរិភោគសត្វព្រៃ និងការប្រើប្រាស់ដីធ្លី។​

សមាជិកស្នូលនៃក្រុមអភិរក្សសត្វត្មាតកម្ពុជា  (CVWG) រួមមានក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ(MAFF) មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) អង្គការជីវិតសត្វស្លាបអន្តរជាតិកម្មវិធីប្រចាំកម្ពុជា (BLI)  អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) និងសមាជិកសាមញ្ញរួមមាន សមាគមមគ្គុទ្ទេសក៍បក្សីកម្ពុជា(CBGA)  អង្គការជីវិតធម្មជាតិកម្ពុជា (NLC)  សំ វាសនា ខន់សឺវេសិនធួរ (SVC) និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ(CBC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

Add new comment

2 + 1 =