ទស្សនៈ សមុទ្រចិនខាងត្បូង : ការប្រជែងដែលប្រកបដោយគ្រោះថ្នាក់

លោកស្រីសូហ្វី ប័រសូ ដុយ រ៉ូស៊ែរ គឺជាអ្នកសិក្សាស្រាវជ្រាវ ដែលមានទំនាក់ទំនងនឹង មជ្ឈ​មណ្ឌល​​អាស៊ីនៃវិទ្យាស្ថានបារាំងសម្រាប់ទំនាក់ទំនងអន្តរជាតិ។ បើតាមលោកស្រី សូហ្វី ប័រសូ ដុយ រ៉ូស៊ែរ ដែលសារព័ត៌មានអ៊ូអេស ហ្វ្រង់ យកចុះផ្សាយ បានឲ្យដឹងថា ការព្រួយ​បារម្ភ​គឺកើនឡើងជានិច្ចប្រឈមមុខនឹងការសម្រេចចិត្តដ៏​មុះមុតរបស់ប្រទេសចិន។

៣០ឆ្នាំមកហើយ ប្រទេសចិនបន្តនយោបាយពង្រីកកង​កម្លាំងយោធានៅសមុទ្រចិន​ខាង​ត្បូង។ នេះគឺជាសមុទ្រអាយុជីវិតរវាងប្រទេសចិន និងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ហើយ​ក៏ជាច្រកនាវាចរណ៍សមុទ្រដ៏សំខាន់មួយនៅលើពិភពលោក។ ទីក្រុងប៉េកាំង​ចាត់ទុក​ស​មុទ្រនេះថាជាទឹកដីររបស់ខ្លួន ដែលចិនមានសិទ្ធិជាប្រវត្តិសាស្រ្តដែលមិនអាច​ប្រកែក​បាន។

នៅកន្លែងនេះ គេនិយាយអំពីសមុទ្រមួយដែលលមានទំហំប្រមាណជា ៣ ៥០០ ០០០ គីឡូម៉ែត្រ​ក្រឡា។ សមុទ្រនេះ មានកោះធំៗ ចំនួន ២៥០ កោះតូចៗ ថ្មប៉ប្រះទឹក​ធំតូច កោះ​ដី​ខ្សាច់ ដែលរាយពាសពេញជាប្រជុំកោះធំៗ ចំនួនបី គឺស្ព្រាតលី ប៉ារ៉ាសែល និងប្រាតា ព្រមទាំងធនធានធម្មជាតិរាប់មិនអស់។ ទាំងអស់នេះគឺជាកម្មវត្ថុ​នៃការទាមទារកម្មសិទ្ធ​គ្រប​​លើ​គ្នា​ទៅវិញទៅមករវាងប្រទេសចិន តៃវ៉ាន់ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ប្រ៊ុយណេ។

ប្រទេសចិនបានច្បាមយកសមុទ្រចិនខាងត្បូងជាកម្មសិទ្ធដោយ​កកេរស៊ីបន្តិចម្តងៗ តាម​រយៈ​ការចាក់ដីបំពេញតាមប្រជុំកោះ ពីសំណង់ដែលមិនរឹងមាំរហូតដល់​សំណង់​អចិន្ត្រៃយ៍។ ចិនគ្រប់គ្រងថ្មប៉ះប្រះទឹក និងថ្មដុសផុតពីទឹក ហើយយកទីតាំងទាំងអស់​នេះ​ស្ថាបនា​ជាមូលដ្ឋាន​យោធា ព្រលានយន្តហោះ នឹងស្ថាបនាព្រំដែនយុទ្ធសាស្រ្តឆ្ពោះ​ទៅ​ទិស​ខាងត្បូង។ ចិនមិនគ្រាន់តែសំចតនាវាដឹកយន្តហោះដែលមានឈ្មោះថា សានទុង នៅ​ផែ​សាន់យ៉ា ទល់នឹងសមុទ្រចិនខាងត្បូងនោះទេ ថែមទាំងមានឆ្មាំសមុទ្រ និងទូក​នេសាទ តាមដាន និងបើកបរពេញសមុទ្រចិនខាងត្បូង ដែលតែងបង្ករភាពតានតឹង និង​ឧប្បត្តិ​វ​ហេតុ​​ជារឿយៗ ជាមួយប្រទេសជិតខាង។ ប្រទេសចិនបានអនុវត្តយុទ្ធសាស្រ្តប្រកួតប្រជែង ជាមួយនឹងវត្តមាននាវាចម្បាំងអាម៉េរិក ព្រមទាំងនាវាចម្បាំងរបស់បារាំង និងអង់គ្លេសផង​ដែរ។ នេះគឺជាយុទ្ធសាស្រ្តដែលប្រទេសចិនយល់ឃើញថា មានភាពចាំបាច់ដើម្បីទប់ទល់​នឹង​ការ​​គំរាម​កំហែងពីខាងក្រៅ។

វិបត្តិកូរ៉ូណាវីរុសមិនបានបង្អាក់ចលនានេះទេ។ តាំងពីខែមីនា មកម្ល៉េះ ប្រទេសចិន​បាន​ធ្វើ​សមយុទ្ធ​យោធាជាច្រើននៅសមុទ្រចិនខាងត្បូង។ ប្រទេសចិន​បានចាប់ផ្តើមប្រើប្រាស់​ជាលើក​ទីមួយនូវមូលដ្ឋានយោធាគាំទ្រពីប្រជុំកោះ​ស្ព្រាតលី និងពង្រាយ​នាវា​ឆ្នាំ​សមុទ្រ​ក្បែរ​ថ្មប៉ប្រះ​ទឹកស្កាបូរ៉ូ ដែលចិនគ្រប់គ្រងតាំងពីឆ្នាំ២០១២។ នេះ​​គឺជាការបង្កហេតុជាមួយ​នឹង​ប្រទេសហ្វីលីពីន។ ទូកនេសាទវៀតណាមក៏តែងត្រូវបានបាញ់ពន្លិច ហើយសកម្មភាព​រុករក​ប្រេង​របស់ម៉ាឡេស៊ីត្រូវបានរំខាន។  

ប្រទេសចិនបានប្រកាសបង្កើតស្រុករដ្ឋបាលថ្មីពីរនៅក្នុងតំបន់។ សមយុទ្ធយោធានៅ​ប្រជុំ​កោះប៉ារ៉ាសែលបានរៀបចំធ្វើពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកក្កដា។ ចុងក្រោយទីក្រុងប៉េកាំងបាន​ប្រកាន់​ឥរិយាបទដូចជាបានឈ្នះរួចហើយ ហើយការទាមទាររបស់ប្រទេសជិតខាងហាក់​ដូចជា​មិនមានសារៈសំខាន់ទាល់តែសោះ។ ប្រទេសចិនបានធ្វើនូវទង្វើដែលធ្វើឲ្យការ​ពិភាក្សា​មិនអាចទៅរួច។ កិច្ចចរចានានាអំពីក្រមប្រតិបត្តជាមួយប្រទេសអាស៊ានតាំងពី ២០ឆ្នាំមកហើយនៅតែ​មិនទាន់​ចេញ​រួច។ ដូច្នេះតំបន់ក៏ស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្ន។ តើបន្ទាប់​ពីសមុទ្រ​ចិន​ខាងត្បូងគឺដល់វេនកោះតៃវ៉ាន់មែនឬ? ការព្រួយបារម្ភបានកើនឡើងជាមួយ​នឹងការ​សម្រេច​ចិត្តដាត់ខាតរបស់ប្រទេសចិន ពាសពេញនៅក្នុងតំបន់។

មិនធ្វើអ្វីសោះ នឹងប្រែក្លាយជាការទទួលយល់ព្រមនឹងប្រាកដភាព​ដែលប្រយោជន៍ទាំង​អស់​​បាន​ទៅចិន។ ដើម្បីថែរក្សាកិត្តិនាមជាមហាអំណាចពិភពលោក និងជាសម្ព័ន្ធមិត្ត​ពិសេស​នៅក្នុងតំបន់ ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយនាវាដឹកយន្តហោះពីរគ្រឿង ហើយបានធ្វើសមយុទ្ធដ៏ធំសម្បើមក្នុងគោលបំណងរក្សារូបភាពសមុទ្រចិនខាងត្បូងបើក​ចំហ និងមានសេរីភាពខាងនាវាចរ។ វាគឺជាការផ្តល់សញ្ញាច្បាស់ៗទៅកាន់ចិន ប៉ុន្តែ​ក៏ត្រូវ​បាន​សើចចំអកពីទីក្រុងប៉េកាំងថា អាម៉េរិកប្រៀបបាននឹងខ្លាក្រដាសនៅពីមុខ​មាត់ទ្វារចិន។ នៅក្នុងបរិយាកាសដែលស្ថានភាពយោធាមានភាពតានតឹង ការធ្វើសមយុទ្ធ​បែបគំរាម​កំហែង​​ចេះតែមានជាបន្តបន្ទាប់។ ទាំងប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតី​អាម៉េរិក ដូណាល់ ត្រាំ សុទ្ធតែមិនចង់បាក់មុខ​បាក់មាត់។

តើសហរដ្ឋអាម៉េរិកមានសមត្ថភាពទៅហួសពីការគ្រាន់តែព្រមានដែរឬទេ? ហើយអាចកាច់​បំបាក់ភាពក្រអឺតក្រទមដ៏ប៉ិនប្រសប់របស់ចិនដែរឬទេ?

Add new comment

5 + 4 =