ទន្លេស្ងួតបានរស់ឡើងវិញ ក្រោយគោកទឹកជាច្រើនសតវត្សរ៍

ទន្លេស្ងួត ជាស្រះបុរាណមួយដែលបុព្វបុរសខ្មែរ បានសាងសង់ឡើងតាំងពីសម័យអង្គរ ដែលស្ថិតនៅភាគខាងជើងក្រុងអង្គរធំ ចម្ងាយប្រមាណ ៤០០ម៉ែត្រ ពីខ្លោងទ្វារដីឆ្នាំងនោះ ហើយដែលត្រូវបានគេបោះបង់ចោលឱ្យស្ថិតក្នុងសភាពរីងស្ងួត អស់រយៈពេលជាច្រើនសតវត្យមកហើយនោះ បច្ចុប្បន្ននេះត្រូវបានអាជ្ញាធរជាតិ អប្សរា ជួសជុលធ្វើឱ្យមានទឹកជាប្រចាំ ខួបប្រាំង និងវស្សាវិញហើយ។

ទន្លេស្ងួត មានបណ្តោយប្រវែង ៨០០ម៉ែត្រ និងទទឹងប្រវែង ៤០០ម៉ែត្រ ដែលបានខូចខាត និងរីងគោកដោយសារការបោះបង់ចោល និងមិនមានអ្នកថែទាំរាប់សតវត្សរ៍មកហើយ។ ការស្ដារ និងរៀបចំប្រព័ន្ធធារាសាស្ត្រ នៅតំបន់ទន្លេស្ងួតឱ្យដំណើរឡើងវិញនេះ គឺធ្វើទៅតាមគម្រោងស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណ ដែលមានច្រើនស្អេកស្កះនៅក្នុងតំបន់អង្គរ ប្រយោជន៍ ដើម្បីការពារតំបន់អង្គរ និងក្រុងសៀមរាបទាំងមូល មិនឱ្យមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាផង ហើយក៏ជាការរក្សាទឹកទុកនៅតាមស្រះបុរាណនានា កសិន្ធុបារាយណ៍ ព្រមទាំងប្រឡាយផង សម្រាប់ជួយទ្រទ្រង់ដល់ប្រាសាទ ព្រមទាំងជាការជួយលើកតម្លៃទេស ភាពវប្បធម៌ ក៏ដូចជាការជួយឱ្យប្រជាពលរដ្ឋ មានទឹកប្រើប្រាស់ជាប្រចាំថ្ងៃផងដែរ។

ការជួសជុលស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តទន្លេស្ងួតនេះ ក៏ដោយសារមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទើបបានក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការស្តារ ជួសជុលទំនប់ដែលធ្លុះធ្លាយ សាងសង់ទ្វារបញ្ចេញ-បញ្ចូលទឹក និងរៀបចំប្រព័ន្ធធារាសាស្ត្របុរាណរបស់សម័យអង្គរទន្លេស្ងួតនេះ ដែលអាចស្តុកទឹកពេញជាអចិន្ត្រៃយ៍ឡើងវិញ បានប្រមាណ៧៥ម៉ឺនម៉ែត្រគុប។

នៅក្បែរ និងជុំវិញទន្លេស្ងួតនោះ ផ្នែកខាងកើតមានប្រាសាទព្រះខ័ន និងខាងលិចមានប្រាសាទទន្លេស្ងួត ដែលទើបនឹងបានជួសជុលរួចផងដែរ ហើយប្រាសាទទន្លេស្ងួតនេះ ក៏ជាមន្ទីរពេទ្យសម័យបុរាណមួយ ក្នុងចំណោមមន្ទីរពេទ្យចំនួន៤ផ្សេងទៀត ដែលតាំងនៅជុំវិញក្រុងអង្គរធំ ហើយត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ័ន្មទី៧ នាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣៕

Add new comment

5 + 6 =