ដើមឈើគឺជាជនរងគ្រោះនៃសម្លេង ទោះបីជាភាពស្ងប់ស្ងៀមត្រឡប់មកវិញ

សម្លេងមិនគ្រាន់តែបំផ្លាញដើមឈើ និងស្ថានជីវចម្រុះធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែឥទ្ធពលអវិជ្ជ​មានរបស់វាក៏អាចមានរយៈពេលបន្លាយយូរដែរនៅក្នុងតំបន់មួយ ទោះបីជាភាពស្ងៀមស្ងាត់​បានត្រឡប់មកវិញនៅក្នុងតំបន់នោះក៏ដោយ។

បើយោងតាមការសិក្សាមួយដែលចេញផ្សាយកាលពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២១ បាន​ឲ្យ​​ដឹង​​ថា សព្វថ្ងៃនេះ ឧស្សាហកម្ម ការសាងសង់សំណង់ផ្លូវថ្នល់ និងអគារ... បានបង្កជា​សម្លេង​រំខាន​​ជា​ច្រើន។ សម្លេងមិនគ្រាន់តែបំផ្លាញដើមឈើ និងស្ថានជីវចម្រុះរបស់រុក្ខជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ឥទ្ធិពល​អវិជ្ជមានរបស់វាអាចបន្លាយរយៈពេល​វែងណាស់ដែរ។ ការបំពុល​សម្លេង​ដែលមាន ប្រភពមកពីសកម្មភាពរបស់មនុស្ស បានកើន​ឡើង​យ៉ាងខ្លាំងក្លាចាប់តាំងពី​ពាក់​កណ្តាល សតវត្សមុន។ ហើយនេះបានក្លាយជាស្ថានភាព​មួយ​ដែលជំរុញឲ្យជីវសាស្រ្តវិទូ​ទាំង​ឡាយ ផ្តោចការយកចិត្តទុកដាក់អំពីឥន្ធពលរបស់វា ទៅ​លើ​ពពួកសត្វ និងរុក្ខជាតិ។

ពពួកដើមឈើនានាត្រូវបានទទួលរងការបំពុលពីសម្លេងសិប្បនិមិត្តក្នុងកម្រិត​ដ៏ខ្ពស់ គឺ​១៥ឆ្នាំ បន្ត​បន្ទាប់គ្នាជាមធ្យម។

ការសិក្សាមុនៗ បានត្រួតពិនិត្យរួចហើយ នូវឥទ្ធិពលរយៈពេលខ្លីនៃសម្លេង។ សម្លេងបាន​បណ្តេញ​សត្វដែលពាំនាំលំអងរបស់ដើមឈើ ដូចជា ពពួកសត្វល្អិត។ ទោះបីជាយ៉ាង​ណា​មាន​អ្នកសិក្សាស្រាវជ្រាវតិចតួចប៉ុណ្ណោះដែលបានអង្កេតឥទ្ធិពលរបស់វាក្នុងរយៈពេលវែង។ អ្នកវិទ្យាសាស្រ្តមួយចំនួនរបស់អាម៉េរិក បានធ្វើការសិក្សាលើដើមឈើដែលទទួលរងសម្លេង​សិប្ប​និមិត្ត​រយៈ១៥ឆ្នាំ ក្នុងកម្រិតដ៏ខ្ពស់ នៅតំបន់ញូ ម៉ិចស៊ិចកូ។​ បើយោងតាមការសិក្សា​ដែល​​ត្រូវបាន​ផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រ ប្រូស៊ីដឌីង អហ្វ ឌឹ រ៉ូយ៉ាល សូសាយអឺតធី ប៊ី (Proceedings of the Royal Society B) បានឲ្យដឹងថា អ្នកវិទ្យាសាស្រ្តអាម៉េរិកទាំងនោះបាន​រ​ក​ឃើញ​ការថយចុះរហូតទៅដល់ ៧៥% នៃកូនឈើ​លូតលាស់ថ្មីនៃប្រភេទពពួកដើមស្រល់​សម្រាប់​តំបន់ដែលមានសម្លេងច្រើន បើប្រៀបធៀប​នឹងតំបន់ស្ងប់ស្ងាត់។ បន្ទាប់មកពួកគេ​បាន​ពិនិត្យ​មើលតំបន់ទាំងឡាយ ដែល​ការបំពុល​សម្លេងបានបាត់បង់ទៅវិញ រួចត្រួតពិនិត្យ​មើល​ពពួកដើមឈើទាំងនេះមានប្រតិកម្មយ៉ាងដូច​ម្តេច? ពួកគេក៏បានសង្កេតឃើញក្រុមពពួកដើមឈើប្រភេទត្នោត និងស្រល់ ចាប់ផ្តើមមាន​សភាព​សុខភាព​ល្អយ៉ាងលឿនមកវិញ។ ពពួកចាបស៊ីផ្លែឈើ និងបានសាយភាយគ្រាប់ពូជ បាន​ត្រឡប់​មកវិញ​នៅ​លើតំបន់ដីដែលប្រែក្លាយជាស្ងប់ស្ងាត់។

ផ្ទុយទៅវិញ អ្នកសិក្សាស្រាវជ្រាវបានសង្កេតឃើញមានការថយចុះរយៈពេលវែងសម្រាប់​កូន​ឈើ​ដុះថ្មីៗផងដែរ ហើយពពួកបក្សាបក្សីក៏ស្ទាក់ស្ទើរត្រឡប់មកកាន់តំបន់​ដែលមាន​សម្លេង​អ៊ូរអ៊ែរ​ និងសម្លេងថ្លង់នានា ដែលបង្កើតឡើងដោយមនុស្ស។

ទោះបីជាបែបនេះក្តី ធ្វើឲ្យបាត់សម្លេងក៏មិនមែនមានន័យថា ជាការចាំបាច់​តែមួយ​សម្រាប់​ការ​​ត្រឡប់​មកវិញនូវមុខងាររបស់បរិស្ថាននោះដែរ”។ លោក គ្លីន ហ្រ្វង់ស៊ីស (Clint Francis) គឺ​ជាអ្នកជីវសាស្រ្តនៅសកលវិទ្យាល័យពហុបច្ចេកទេសនៅកាលីហ្វ័រនី សហររដ្ឋ​អាម៉េរិក និង​ជាអ្នកចូលរួមនិពន្ធការសិក្សាអំពីដើមឈើនេះ។ លោកគ្លីន ហ្រ្វង់ស៊ីស បាន​អធិប្បាយ​ថា ៖ “ឥទ្ធិពល​នៃការបំពុលសម្លេងដែលបង្កឡើងដោយមនុស្ស បានជ្រៀតចូល​ដោយ​ស្ងាត់ៗ ទៅ​ក្នុង​រចនាសម្ព័ន្ធនៅក្នុងសហគមន៍ដើមឈើទាំងនេះ។ ប៉ុន្តែអ្វីដែលយើង​បាន​វាយ​តម្លៃ គឺថា ការ​ធ្វើឲ្យបាត់សម្លេងក៏មិនមែនមានន័យថា ជាការចាំបាច់តែមួយគត់​សម្រាប់ការ​ត្រឡប់​មក​វិញ​នូវ​មុខងារ​​របស់បរិស្ថាននោះដែរ”។

មូលហេតុគឺថា ពពួកសត្វដែលជាអ្នកពាំនាំលំអងដែលជាមុខងារបន្តពូជរបស់ដើមឈើ អាច​នឹងមិនមកក្បែរតំបន់ធ្លាប់មានសម្លេងខ្លាំង រយៈពេលយូរ ទោះបីជាសម្លេងបានឈប់ក៏ដោយ

ចំណែក លោកចេន នីហ្វើ ហ្វីលីព (Jennifer Phillips) គឺជាអ្នកចូលរួមនិពន្ធការសិក្សាម្នាក់។ លោកចេន នីហ្វើ ហ្វីលីព បានពន្យល់ថា ៖ “ពពួកសត្វទាំងឡាយ​ដូចជាពពួកចាបដែល​មាន​តួនាទី​ជាអ្នកសាយភាយ​គ្រាប់ពូជ គឺតែងតែផ្អើលៗនឹងសម្លេង ហើយតែងតែជៀសវាងទៅ​កាន់​​តំបន់​ដែលមាន​សម្លេង។” លោកចេននីហ្វើ ហ្វីលីព បានបន្ថែមថា ៖ “វាត្រូវការ​ពេល​វេលា​យូរ​ដើម្បីឲ្យពួកសត្វលេចមុខសាជាថ្មីនៅក្នុងតំបន់ដែលធ្លាប់ជាតំបន់​ដែលមានសម្លេងខ្លាំងក្លា ហើយយើងក៏មិនដឹងថា វាត្រូវការស៊ីពេលអស់ប៉ុន្មានដែរ។” លោកចេន នីហ្វើ ហ្វីលីព ក៏​បាន​តវ៉ា​ដែរថា ការបំផ្លិចបំផ្លាញពីសម្លេងត្រូវការគេយកចិត្តទុកដាក់តិចតួចនៅ​ក្នុងការវាយតម្លៃ​អំពី​​ឥទ្ធិពល​​នានានៃ​នគរូបនីយកម្មទៅលើធម្មជាតិ។ លោកចេន នីហ្វើហ្វីលីព បញ្ជាក់ថា ៖ "ខ្ញុំ​គិត​យ៉ាង​ច្បាស់ថា ការបំពុលសម្លេង ក៏ដូចជា ជាការបំពុលដទៃទៀត ដូចជា ពន្លឺសិប្បនិមិត្ត មិន​ត្រូវ​​បានគេយកចិត្តទុកដាក់គ្រប់គ្រាន់ទេទៅលើធម្មជាតិ”។

Add new comment

5 + 11 =