ជំងឺកូវីឌ ១៩ ៖ វិបត្តិដែលបណ្តាលមកពីវិបាកបរិស្ថានដោយសារការប្រើប្រាប់ម៉ាស និងស្រោមដៃ

ជំងឺកូវីឌ ១៩ នៅបន្តជះឥទ្ធិពលផ្នែកសុខភាពពិភពលោក។ មិនថាអ្នកស្ថិតនៅទីក្រុង ឬនៅ​ច្រាំង​សមុទ្រ អ្នកប្រហែលជាអាចកត់សម្គាល់ឃើញអំពីទុកសោកនៃ​បាតុភូតនេះ។ នៅលើចិញ្ចឹមផ្លូវ នៅ​តាម​បណ្តោយឆ្នេរ ឬនៅតាមកន្លែងទំនេរផ្សេងៗ អ្នកអាចប្រទះឃើញ​ម៉ាសពេទ្យ ដែលគេគ្រវាត់ចោល ស្រោមដៃប្លាស្ទីក ឬដបជែលអាកុល...។ល។

បើតាមលោក ហ្ស៊ូលីយៀង វ៉ូស្នីហ្សា ស្ថាបនិកសមាគមដោះស្រាយការបំពុល វីង អូហ្វ ឌីអូសៀន បាន​ឲ្យ​ដឹងថា ការប្រើប្រាស់សម្ភារៈដើម្បីការពាររៀងៗខ្លួននេះ បានផ្ទុះកើនឡើង​ខ្លាំងចាប់​តាំងពីដើម​ដំបូង​នៃ​វិបត្តិសុខភាពវិរុសកូរ៉ូណា ហើយកំពុងតែជះឥទ្ធិពលមកលើបរិស្ថាននាពេលឥឡូវ​នេះ។ ប៉ុន្តែតើ​វត្ថុ​អស់​ទាំងនេះ​មានចំនួនប៉ុន្មាន? បើតាមលោកហ្ស៊ូលីយៀង វ៉ូស្នីហ្សា វាអាចមានដល់រាប់លាន​តោន​ឯណោះ។

នៅអំឡុងពេញមួយឆ្នាំ អ្នកវិទ្យាសាស្រ្តព្យាយាមកំណត់បរិមាណសំណល់តូចទាំងនេះ ព្រមទាំងមីក្រូ​ប្លាស្ទីក​ដែលអណ្តែតនៅលើទឹកទន្លេទាំង ៩នៅអឺរ៉ុប។ ទន្លេទាំងនេះ មានដូចជា ទន្លេតាមីស អែលប៍ រាំង សែន ឡ័រ រូន ទីប្រ៍ និងទន្លេហ្គារូន អេប្រ៍។

លោកស្រីឡីឡា មេស្ទឺហ្សីម ដែលជាបណ្ឌិតខាងជីវសាស្រ្ត និងឯកទេសជាតិពុល គឺជាសហស្ថានិក និង​ជានាយិកានៃអង្គការ ប្លាស្ទីកអេតស៊ី។ លោកលោកស្រី ឡីឡា មេស្ទឺហ្សីម​បានបង្ហាញ​នូវ​លទ្ធផល​មួយ​ចំនួន។ លោកស្រីឡីឡា មេស្ទឺហ្សីម ពន្យល់ថា បើតាម​ការ​សិក្សា នៅកន្លែងជោនាចនៃទន្លេទាំង ៩នេះ អាចសង្កេតឃើញយ៉ាងហោចណាស់ មាន​ម៉ាស១ និងស្រោមដៃមួយ ក្នុងចំណោម​កាក​សំណល់ ៧ ដែលអណ្តែតមកពីទឹក។ នេះមានន័យថា បើនៅក្នុងទន្លេតែម្តង វាមានច្រើន​ជាងនេះ​ទៀត។

ការសាយភាយសំរាមម៉ាស និងស្រោមដៃទាំងនេះ គឺដោយសារការធានាឲ្យមានការ​ប្រើប្រាស់ដើម្បី​ការពារ​​របស់​ប្រជាជ​​នម្នាក់ៗ ឲ្យបានគ្រប់គ្រាន់។  បើតាមលោកហ្ស៊ូលីយៀង វ៉ូស្នីហ្សា ពន្យល់ថា បើជំងឺ​កូវីឌ​បន្លាយពេលកាន់តែយូរ។ សំរាមទាំងនេះក៏កាន់តែច្រើនដែរ។

“ម៉ាសដែលធ្លាប់ជារបស់ការពារ បានក្លាយជាមានគ្រោះថ្នាក់”។ លោកស្រីឡីឡា មេស្ទឺហ្សីម មានការ​ព្រួយ​​បារម្ភចំពោះការគ្រប់គ្រងមិនបានត្រឹមត្រូវសម្រាប់របស់អស់ទាំងនេះ។ លោកស្រី ឡីឡា មេស្ទឺហ្សីម និយាយថា ៖ “ប្រសិនបើមានក្មេងម្នាក់ដើរកំសាន្តនៅតាមឆ្នេរ គេអាចនឹងប៉ះពាល់​ម៉ាស​ដែល​មានចម្លងរោគខ្លាំងអស់ទាំងនេះ។ ម៉ាសដែលធ្លាប់ជាអ្នកការពារ បានក្លាយជាមានគ្រោះថ្នាក់​ប៉ះពាល់​សុខភាពវិញ។

ក្តីសង្ឃឹមនៅសល់បន្តិចបន្តួចនៅក្នុងមហាសមុទ្រប្លាស្ទីកដែរ។ ប៉ុន្តែហានិភ័យក៏មាន​នៅកន្លែងដទៃ​ទៀត​​ដែរ ពីព្រោះម៉ាសដែលផ្សំពីជាតិជ័រ និងស្រោមដៃពេទ្យ ត្រូវបានផលិតឡើង​ដោយផ្សំរូបធាតុ​ពី​ប្លាស្ទីក​​ពីរ​ប្រភេទ ដែលមានភាពធន់ខ្លាំង។ ដូច្នេះពួក​វាត្រូវបានគេមើលឃើញថា មានគ្រោះថ្នាក់ខ្លាំង​ណាស់​នៅ​ពេល​រក​ឃើញនៅក្នុង​ទន្លេ និងសមុទ្រ។ លោក ហ្ស៊ូលីយៀង វ៉ូស្នីហ្សា កត់សម្គាល់ថា រយៈ​ពេល​ដែល​ពួក​វាអាចរលាយបាត់រូបរាងគឺរហូតទៅដល់ ៤០០ឆ្នាំ ឯណោះ គឺមានរយៈពេលពេញមួយ​ជីវិត​របស់​យើង ពេញមួយជីវិតរបស់កូនយើង និងចៅទួតរបស់​យើងទៀតផង។ សំរាមទាំងនេះមាន​រូបរាង​ដូចជា​សត្វ​ខ្ញែរសមុទ្រ ដែលអាចធ្វើឲ្យសត្វសមុទ្រផ្សេង​ទៀតវង្វេងវង្វាន់ ជួនកាលច្រឡំស៊ី។ លើសពីនេះទៀត ទោះបីជាពួកវាមិនមានគ្រោះថ្នាក់ចំពោះមនុស្សដូចជា សំរាមប្លាស្ទីកដទៃទៀត​ក៏ដោយ ប៉ុន្តែ​ពួកវា​​ក៏អាច​រលាយ​បែកខ្លួនជាមីក្រូប្លាស្ទីក ហើយក្នុងរយៈពេលយូរ ពួកវានឹងមានផល​វិបាក​​ធ្ងន់ធ្ងរដល់មនុស្ស។ លោកហ្ស៊ូលីយៀង វ៉ូស្នីហ្សា រំលឹកថា ការបំពុលមហាសមុទ្រ​គឺជា​មហន្តរាយ​ធ្ងន់​ធ្ងរចាប់តាំងពី៣០ឆ្នាំ មក​ហើយ។ លោក ហ្ស៊ូលីយៀង វ៉ូស្នីហ្សា សន្និដ្ឋានដែរថា ៖ “វីរុសកូរ៉ូណា​មិន​មែន​ជាអ្នក​បង្កើតសំរាម​ប្លាស្ទីក​ទេ វាគ្រាន់តែធ្វើឲ្យសំរាមប្លាស្ទីកដែលមានលើសលប់ហើយនោះ កាន់​តែ​កើន​ឡើងថែមទៀត។

Add new comment

1 + 9 =