ជំងឺកូវីឌ ១៩ និងធម្មជាតិ មានទំនាក់ទំនងគ្នា

ជំងឺកូវីឌ ១៩ ដែលរាតត្បាតនៅក្នុងពិភពលោក បានបង្ករឲ្យមានមរណភាព និងវិបរឹតយ៉ាង​ខ្លាំងក្លាចំពោះសេដ្ឋកិច្ចពិភពលោក។

សុខភាព ស្ថេរភាពសេដ្ឋកិច្ច និងធម្មជាតិ គឺមានអន្តរទំនាក់ទំនងនឹងគ្នា។ ជំងឺរាតត្បាតកូវីធ ១៩ នៅបន្តជះឥទ្ធិពលលើ​មនុស្ស និងសេដ្ឋកិច្ចដែលគេមើលឃើញ និង​មិនអាចបដិសេធ​បាន។ សព្វថ្ងៃនេះ វីរុសកូរ៉ូណា បានបង្កឲ្យមានមនុស្សស្លាប់ច្រើនជាង ៩០៥​ ៤២៦នាក់ នៅ​ក្នុង​ពិភពលោក ការងាររាប់លានត្រូវបានបាត់បង់ និងការធ្លាក់ចុះនៃទីផ្សារភាគហ៊ុន។ ជំងឺ​រាតត្បាត​នេះ គឺជា​ការរំលឹកអំពីទំនាក់ទំនងមិនល្អរបស់មនុស្សជាមួយនឹងធម្មជាតិ។ ប្រព័ន្ធ​សេដ្ឋកិច្ច​សព្វថ្ងៃបានបង្កឲ្យមានសំពាធដ៏ខ្លាំងក្លាទៅលើបរិស្ថានធម្មជាតិ។  ការ​រាតត្បាត​នៃ​ជំងឺ ក៏បញ្ចេញឥទ្ធិពលជារបៀបដូមីណូ ដែលចាប់ផ្តើមឡើងនៅ​ខណៈ​ដែល​មនុស្ស​ជាធាតុ​មួយ​នៃប្រព័ន្ធធម្មជាតិ។ ប៉ុន្តែអន្តរទំនាក់ទំនងនេះត្រូវបានបាត់បង់​ស្ថេរភាព។ ធម្មជាតិ​ដែល​គេមិនទាន់ប៉ះពាល់ប្រៀបបាននឹងទ្រនាប់រវាងមនុស្ស និងជំងឺ។ ជំងឺលេច​ឡើង​ជា​រឿយៗ គឺជាលទ្ធផលនៃការទន្ទ្រានទៅលើប្រព័ន្ធជីវចម្រុះធម្មជាតិ និងការប្រែប្រួល​សកម្មភាព​របស់មនុស្ស។ នៅអាម៉ាហ្សូន ការកាប់បំផ្លាញព្រៃឈើ​បាន​បង្កើន​អត្រា​ជំងឺ​គ្រុន​ចាញ់ ដោយសារតែផ្ទៃដីដែលគេកាប់ឈើរួចហើយគឺជាជង្រកដ៏ប្រសើរ​របស់ពពួក​មូស។

ផ្ទៃដីដែលសល់ពីការកាប់ឈើ ក៏ធ្លាប់ពាក់ព័ន្ធទៅនឹងរោគរាតត្បាតអេបូឡា និងជំងឺដែល​ចម្លង​​ពី​សត្វ​មក​មនុស្សជាច្រើនទៀត ដោយសារតែមនុស្សចូលទៅទាក់ទងជាមួយ​ពពួក​សត្វ​ព្រៃ​ដែល​ពីមុនមិនដែលត្រូវបានប៉ះពាល់។

ការសិក្សាមួយដែលត្រូវបានផ្សព្វផ្សាយនៅឆ្នាំនេះបានបង្ហាញថា ការកាប់បំផ្លាញព្រៃ​នៅ​ប្រទេស​អ៊ូហ្កង់ដា បានបង្កើននូវការលេចឡើងនៃជំងឺដែលចម្លង​ពីសត្វមកមនុស្ស ហើយ​បញ្ជាក់​ថា ឥរិយាបទរបស់មនុស្ស គឺជាមូលហេតុនៅពីក្រោយ។ ដូច្នេះ ការប្រែប្រួល​ធម្មជាតិ​​ក្នុង​របៀបដ៏អាក្រក់ និងក្នុងរបៀបដ៏ធំសម្បើម គឺជាប់ពាក់ព័ន្ធនឹង​ការបំផ្លាញដ៏ចង្រៃ​របស់​​មនុស្សនេះឯង។

នៅខណៈដែលប្រភពនៃជំងឺកូវីធ១៩ ស្ថិតនៅក្រោមការស៊ើបអង្កេត គេដឹងថា សព្វថ្ងៃនេះ ពី៦០% ទៅ ៧០% នៃជំងឺឆ្លងមានប្រភពពីសត្វស្រុក និងពីសត្វ​ព្រៃ។

ជម្រកធម្មជាតិត្រូវបានថយចុះ ពូជសត្វបង្ខំរស់នៅជិតៗចង្អៀតគ្នា និងខិតជិតមនុស្ស។ នៅ​ខណៈ​ដែលមនុស្សខ្លះជ្រើសរើសយកការវាតទីព្រៃឈើ និងតំបន់សត្វព្រៃ ដើម្បីផល​ប្រយោជន៍​ពាណិជ្ជកម្ម ពពួកសត្វក៏តម្រូវឲ្យស្វែងរកប្រភពផ្សេងៗដើម្បីចិញ្ចឹមជីវិត។ មនុស្ស​​បានបំផ្លាញប្រព័ន្ធបរិស្ថានរបស់ខ្លួន។ ដូច្នេះហានិភ័យនៃការចម្លងវិរុសរបស់សត្វ​មក​មនុស្សក៏កើនឡើង ពីព្រោះពពួកវីរុសទាំងនោះក៏ត្រូវការ​ទីជម្រកដែរ។ ​

ពិភពលោក​របស់យើងមានអន្តរទំនាក់ទំនង និង​មានការវិវត្តជាទៀងទាត់។ ការធ្វើ​ដំណើរ​តាម​យន្តហោះ ការធ្វើពាណិជ្ជកម្មសត្វព្រៃ ការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យរោគ​រាត​ត្បាត​​នៃជំងឺធ្ងន់ធ្ងរថ្មីៗកាន់តែ​មាន​សក្តានុពល។

ម្យ៉ាងវិញទៀតរោគរាតត្បាតជារឿយៗ វាបានបង្កឲ្យមានឥទ្ធិពលបន្ទាប់បន្សំទៅលើការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងអសមភាពសង្គមដែលគេមិនគួរធ្វើមិនដឹងមិនឮឡើងឡើយ។

វិបត្តិនៃកូរ៉ូណាវីរុសបានបង្ហាញអំពីភាពងាយរងគ្រោះដែលជាប់ស្អិតទៅនឹងប្រព័ន្ធសង្គម​សេដ្ឋកិច្ច​របស់មនុស្សជាតិ ប្រសិនបើមានការប៉ះទង្គិចអ្វីមួយ។ ទោះបីជាយ៉ាងណា​សហគ្រាស​នានាបានធ្វើការវាយតម្លៃដើម្បីរកមធ្យោបាយចាក់ចេញពី​វិបត្តិនេះ។ ចំណែក​រដ្ឋាភិបាលនានាបង្កើតផែនការសង្រ្គោះដើម្បីស្ថាបនាសេដ្ឋកិច្ចឡើងវិញ។ សកម្មភាព​ទាំងនេះ​​ត្រូវតែធ្វើឲ្យល្អិតល្អន់ជាដាច់ខាត។ សេចក្តីសម្រេចដើម្បីលើកកម្ពស់​កំណើន​សេដ្ឋកិច្ច និងឆ្លើយតបនឹងជំងឺកូវីឌ ១៩ ត្រូវតែ​កំណត់អាទិភាពលើសុខភាពសាធារណៈ ការ​រស់​នៅល្អរបស់ប្រជាជន និងស្ថេរភាពអនាគតរបស់ប្រជាជន និងភពផែនដីផងដែរ។

 

Add new comment

5 + 4 =