ការវិនិយោគលើចម្ការឈើដាំផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់បរិស្ថាន និងធនធានធម្មជាតិ

នៅក្នុងអំឡុងពេលដឹកនាំមន្ត្រីពាក់ព័ន្ធ យុវជន និងប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅជុំវិញដែនជម្រកសត្វព្រៃព្រៃឡង់ និងអ្នកសារព័ត៌មានសរុបប្រមាណជិត ៣០០នាក់ទៅទស្សនកិច្ចសិក្សាស្វែងយល់ពីឧស្សាហកម្មចម្ការឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយអូថេកកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា រាជរដ្ឋាភិបាលគាំទ្រកសិឧស្សាហកម្មចម្ការឈើដាំព្រោះវាបានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់បរិស្ថាននិងធនធានធម្មជាតិ។ លោករដ្ឋលេខាធិការបានបន្ថែមថារាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែជំរុញឱ្យមានការវិនិយោគចម្ការឈើដាំឱ្យបានច្រើន ដើម្បីបង្កើតភាពបៃតង និងបង្កើតប្រភពឈើសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព។ 

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា សារៈប្រយោជន៍នៃចម្ការឈើគឺគេអាចយកផលមកប្រើប្រាស់ កែច្នៃចាប់តាំងពីគល់រហូតដល់ចុង ហើយវាក៏បានចូលរួមក្នុងការបង្កើតនូវគម្របបៃតង និងសម្រាប់ធនធានធម្មជាតិ ចម្ការឈើដាំនេះគឺបានដើរតួនាទីយ៉ាងសំខាន់ណាស់ដែលឈើទាំងអស់នេះ គឺនឹងជំនួសការប្រើប្រាស់ឈើធម្មជាតិ ហើយយើងខិតខំប្រឹងប្រែងនៅក្នុងការការពារ និងអភិរក្សឈើធម្មជាតិដែលមានឱ្យបានគង់វង្ស។លោក នេត្រ ភក្ត្រា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តការពារធនធានធម្មជាតិ។ ចម្ការឈើដាំដែលបាននិងកំពុងរីកដុះដាលនៅកម្ពុជានឹងជួយកាត់បន្ថយការនាំចូលវត្ថុធាតុដើមឈើកែច្នៃពីបរទេស និងបង្កើតប្រភពឈើប្រើប្រាស់ប្រកបដោយនិរន្តរភាព នៅក្នុងស្រុក ខណៈធនធានធម្មជាតិ ព្រៃឈើ បានដើរតួនាទីយ៉ាងសំខាន់ចូលរួមថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី សម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក។

លោក នេត្រ ភក្រ្តា បានបន្ថែមថា ការវិនិយោគទៅលើចម្ការឈើដាំ គឺជាផ្នែកមួយនៃការចូលរួមកាត់បន្ថយសម្ពាធទៅលើធម្មជាតិពីព្រោះបច្ចុប្បន្ននេះ នៅលើ ពិភពលោក និន្នាការនៃការប្រើប្រាស់ឈើធម្មជាតិ គឺមានការធ្លាក់ចុះ ប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងអំពី ផលប៉ះពាល់ដែលពាក់ព័ន្ធជាមួយនិងបរិស្ថាននៅពេលដែលប្រើប្រាស់ឈើធម្មជាតិ។ លោកបានបន្ថែមថា នៅបណ្តាប្រទេសប៉ែកអឺរ៉ុប សហរដ្ឋអាមេរិក គឺគេបានកែច្នៃឈើដាំ ដែលងាយនឹងដាំ ងាយនឹងទទួលបានផល ហើយបានកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ។ ដោយឡែកប្រជាពលរដ្ឋពីមុនមក ដែលមានទំនៀម
ទម្លាប់ប្រើប្រាស់គ្រឿងសង្ហារិម មានឈើធម្មជាតិជាដើម គឺគាត់តែងតែ ប្រើឈើសង្ហារិមពីធម្មជាតិ នេះគឺជាបញ្ហាមួយដែលធ្វើឱ្យមានសម្ពាធទៅលើឈើធម្មជាតិ ពីព្រោះនៅពេលដែលមានតម្រូវការប្រើប្រាស់ គឺត្រូវមានការផ្គត់ផ្គង់ ដែលនេះគឺជាបញ្ហាប្រឈមដែលយើងត្រូវការទប់ស្កាត់ផងដែរ។ 

លោករដ្ឋលេខាធិការ បានបន្ថែមថា «ប្រសិនបើយើងមានអ្វីជំនួសដូចជាចម្ការឈើដាំនេះ នោះការប្រើប្រាស់ឈើធម្មជាតិនេះ អាចនឹងត្រូវកាត់បន្ថយ ហើយឥឡូវនេះប្រជាពលរដ្ឋមួយចំនួននៅតាមទីប្រជុំជន យើងឃើញគ្រឿងសង្ហារិមដែលគាត់ប្រើសម្រាប់ការតុបតែងនៅការិយាល័យធ្វើការ ឬ នៅផ្ទះគាត់មួយចំនួន គឺគាត់បានប្រើប្រាស់ឈើកែច្នៃ»។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញការគាំទ្រនិងបានថ្លែងថា ការវិនិយោគលើចម្ការឈើដាំពិតជាមានសារៈសំខាន់ ព្រោះវានឹងជួយកាត់បន្ថយសម្ពាធ មកលើការប្រើប្រាស់ឈើធម្មជាតិហើយ ការបង្កើតឱ្យមានឧស្សាហកម្មកែច្នៃឈើនេះ ក៏នឹងជួយបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពល រដ្ឋនៅក្នុងតំបន់នោះ ចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិ។

យោងតាមការបញ្ជាក់ពីលោក សាន សុខហៀង តំណាងរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក ផ្ទៃដីដែលក្រុមហ៊ុនបានទទួលសិទ្ធិពីរាជរដ្ឋាភិបាលមានផ្ទៃដីសរុបទំហំ ៣៤០០៧ ហិកតា ក្នុងនោះក្រុមហ៊ុន បានកាត់ផលប៉ះពាល់ ជាមួយនិងប្រជាពលរដ្ឋ នៅក្នុងសហគមន៍ រួចមកគឺនៅសល់ប្រហាក់ប្រហែលជា ២៥០០០ ហិកតា ។ បន្ទាប់ពីទទួល បានសិទ្ធិក្នុងការដាំដុះ ក្រុមហ៊ុនបានធ្វើសកម្មភាពយ៉ាង សកម្មដោយឈូសឆាយផ្ទៃដី និងដាំដុះឈើ ហើយមានឈើមួយចំនួនបានធំអាចកាប់យកកែច្នៃបានផងដែរ។ លោក សុខហៀង បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនដាំដុះឈើលើផ្ទៃដីសរុបជាង ៥ពាន់ហិកតាហើយ ហើយប្រភេទឈើដែលបានដាំនោះមានដូចជា ដើមប្រេងខ្យល់ ម៉ៃសាក់ និងគ្រញូងមួយចំនួន។ប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ពោលគឺនៅជិតទីតាំងក្រុមហ៊ុនដាំឈើ ដែលជាតំបន់ដាច់ស្រយាលមួយ បានរស់ពឹងលើរបរកាប់ឈើ បរបាញ់សត្វ រកត្រី និងធ្វើស្រែជាដើម ដើម្បីទ្រទ្រង់ជីវភាព។ របរទាំងនេះ មិនអាចឱ្យពួកគេរកចំណូលបានទៀងទាត់នោះឡើយ។ នៅពេលក្រុមហ៊ុន ស៊ីង បាយអូថេក ចូលទៅដាំដុះឈើ បានផ្តល់ការងារជាច្រើនកន្លែងជូនដល់ប្រជាពលរដ្ឋ ហើយក៏បានធ្វើឱ្យជីវភាពរបស់ពួកគេបានប្រសើរផងដែរ។ អ្នកស្រី ហួន ធីតា រស់នៅក្នុងភូមិបឹងចារ ឃុំអាចើន ស្រុកសំបូរ ខេត្តក្រចេះដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុន ស៊ីងបាយអូថេក បានបញ្ជាក់ថា អ្នកស្រីបានធ្វើការនៅក្នុងក្រុមហ៊ុននេះជាយូរឆ្នាំមកហើយពោលគឺចាប់ពីម្ចាស់ក្រុមហ៊ុនពីមុនមក ហើយបច្ចុប្បន្ននេះ គាត់ធ្វើការនៅក្នុងផ្នែកច្រកកូនឈើចូលថង់ ដោយក្នុង១ថ្ងៃអាចរកចំណូលបានចន្លោះពី៤ទៅ ៥ម៉ឺនរៀល។

គួរបញ្ជាក់ថា ការវិនិយោគដាំដុះឈើរបស់ក្រុមហ៊ុន ស៊ីង បាយ អូថេក មិនត្រឹមតែបានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធនានានោះទេ តែការវិនិយោគនេះ បានជួយឱ្យប្រជាពលរដ្ឋទាំងនៅតំបន់វិនិយោគដាំដុះឈើក្នុងខេត្តក្រចេះ និងប្រជាពលរដ្ឋនៅទីតាំងរោងចក្រកែច្នៃក្នុងខេត្តកំពង់ចាម និងខេត្តកណ្តាល ទទួលបានការងារ និងរកបានកម្រៃសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថាការវិនិយោគលើចម្ការឈើដាំ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងចូលរួមពង្រឹងការអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងអាចលក់តួនាទីរបស់ព្រៃឈើ ក្នុងក្របខ័ណ្ឌឥណទានកាបូន។

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ ៤៦,៨៦% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង តំបន់ការពារធម្មជាតិបានល្អប្រសើរ យើងបានលក់ឥណទានកាបូន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃព្រៃឡង់ (ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង) ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខ័ណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុប ១១,៦ លានដុល្លារអាម៉េរិក ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ សម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព៕

 

Add new comment

1 + 0 =