ការលូតលាស់ឡើងវិញនូវជីវិតក្នុងសមុទ្រគឺជារឿងដែលអាចទៅរួច

មហាសមុទ្រនឹងមិនមានការខូចខាតអ្វីទេ ប្រសិនបើមនុស្សជាតិ​បង្ហាញនូវវិធានការ​អភិរក្ស​សមរម្យ។ មហាសមុទ្រនឹងមានសភាពល្អឡើងវិញពីឥឡូវទៅដល់ឆ្នាំ២០៥០។

អ្នកជំនាញមួយចំនួន អ្នកវិទ្យាសាស្រ្តសិក្សាអំពីសមុទ្រ និងអ្នកជីវសាស្រ្ត ក៏មានចក្ខុវិស័យ​សុទិដ្ឋិនិយម​​អំពីអនាគត់នៃមហាសមុទ្ររបស់ភពផែនដីផងដែរ។

ជាការពិត សភាពសុខភាពនៃមហាសមុទ្របានអន់ថយយ៉ាង​សំបើមក្នុងអំឡុង១០០ឆ្នាំ ចុង​ក្រោយ​នេះ។ ១ ភាគ ៣ នៃស្តុកត្រី បានខូចខាតដោយសារការនេសាទហួសកម្រិត។ នេះធ្វើ​ឲ្យប្រជាជន ១ ភាគ ៣ ទៅពាក់កណ្តាលដែលរស់នៅតាមឆ្នេរសមុទ្រ ងាយទទួលរងគ្រោះ​ដោយការដាច់ស្បៀង និងធ្លាក់ខ្លួនក្រ។ កោះផ្កាថ្មជាច្រើនតំបន់ទទួលរងការខូចខាតដោយ​សារ​ការ​ឡើងកំដៅទឹក។ គេឃើញពពួក​សត្វ​សមុទ្រជាច្រើនបានផ្លាស់ទីទៅកន្លែងផ្សេងដែល​អនុគ្រោះ​ដល់​ជីវិត​របស់​ពួកវា ដែលធ្វើឲ្យទីកន្លែង​សមុទ្រខ្លះក្លាយជារហោស្ថានគ្មានជីវិតអ្វី​ទាំងអស់។

តុល្យាការសព្វថ្ងៃគឺគេឃើញមហាសមុទ្រទទួលរងការខូចខាតយ៉ាងដំណំ។ ប៉ុន្តែបើយើងបាន​ព្យាយាមសម្លឹងឲ្យបាន​ឆ្ងាយហួសពីអ្វីដែលជាសេចក្តីសន្និដ្ឋានតាមបែបសម្លឹង​មើលតែការខូច​ខាត​តាមផែនទី នោះគេនឹងឃើញ​អំពីលទ្ធភាពរបស់មហាសមុទ្រក្នុង​ការស៊ូទ្រាំនឹងការខូត​ខាត​​ទាំងនេះ។ ដោយសារយើង​ត្រូវមានភាពបន្ទាន់ក្នុងការធ្វើប្រតិកម្មឆ្លើយតបឲ្យរហ័ស ៖ មហាសមុទ្រគឺជាកង់ស្ពឺសំខាន់នៃ​ម៉ាស៊ីនអាកាសធាតុ ជាអ្នកកំណត់នូវសង្គមមនុស្ស និង​សេដ្ឋកិច្ច​ពិភពលោក។ ប៉ុន្មានឆ្នាំ​មុន​យើងបានពិនិត្យឃើញនូវភាពស៊ូទ្រាំ​របស់មហាសមុទ្រ​ចំពោះ​​ភាព​ខូចខាត​ទៅលើរូបភាព​ជាច្រើន។ ដូច្នេះយើងក៏បានធ្វើនូវបញ្ជីនូវអ្វី​ដែលប្រសើរ​ឡើង​នាពេល​សព្វថ្ងៃបើប្រៀបធៀប​នឹងចុងសតវត្សមុន។​ តើស្ថានជីវចម្រុះទាំងមូល​អាចត្រូវ​បាន​ស្តារឡើងវិញឬ? យើងមានឧទាហរណ៍ច្រើនចំពោះរឿងនេះ។ រឿងមួយក្នុងចំណោម​រឿង​ជាច្រើន​​ដែលគេយកមកនិយាយច្រើនបំផុត គឺប្រាកដជារឿងព្រៃកោងកាងនៅ​ដីសណ្ត​ទន្លេ​មេគង្គនៅវៀតណាម។ ដោយត្រូវបានបំផ្លាញនៅសម័យសង្រ្គាមវៀតណាម  ផ្ទៃ​ដី​ព្រៃ​កោងកាងចំនួន ១៥០០ គីឡូម៉ែត្រការ៉េត្រូវបានស្តារឡើងវិញបានទាំងស្រុង។ ផ្ទៃព្រៃ​កោង​កាង​​ក៏បានកើនផងដែរនៅប្រទេសចិន សមុទ្រក្រហម និងឈូងសមុទ្រអារ៉ាបពែរ្យ។ 

ការ​កកើតឡើងវិញនូវកម្រិតដ៏ធំនៃវាលដក់ទឹកប្រៃ និងកោះដែលជាជម្រកក្តាមខ្យង ក៏ឃើញ​មាន​​ផង​ដែរនៅអ៊ឺរ៉ុប និងអាម៉េរិក។ ទាំងនេះគឺជាសញ្ញាដែលបង្ហាញថា នៅពេលដែលគេដាក់​ចេញ​​​នូវវិធានការដើម្បីកាត់បន្ថយជាតិពុល ការការពារជម្រក និងពូជ​សត្វដែលងាយរងគ្រោះ ស្ថានជីវចម្រុះ សមុទ្រគឺមានសមត្ថភាពដ៏ខ្លាំងក្លាក្នុងការស៊ូទ្រាំនឹង​ការខូចខាត។

តាមការពិតអ្វីៗ ទាំងអស់គឺវាអាស្រ័យទៅលើ​ពូជ​សត្វ និងជម្រក។ យើងត្រូវការ​យ៉ាង​ហោច​ណាស់ ១០ឆ្នាំ ដើម្បីឲ្យកោះពពួកក្តាមខ្យងកើត​មានឡើងវិញ និង២០ឆ្នាំ ដើម្បីឲ្យវាលដក់​ទឹកព្រៃ និងព្រៃកោងកាងដុះដាល និងជាច្រើន​រាប់​សិបឆ្នាំដើម្បីឲ្យពពួកស្មៅ​សមុទ្រដុះ​ដាល​រីក​ចម្រើន។ ផ្កាថ្ម និងពពួកប្លង់តុង ត្រូវការពី៣០ឆ្នាំ ទៅ១០០ឆ្នាំ ជាង ដើម្បីវិលមក​រក​សភាព​ដើម​វិញប្រសិនបើលែងមានការនេសាទហួសកម្រិត និងការបំពុលដោយ​ការកំពប់ប្រេងខ្មៅ។ ចំនួនសត្វបក្សីសមុទ្រ ក៏ត្រូវការប៉ុន្មានទសវត្សដែរដើម្បីរីកសាយភាយឡើងវិញដែរ។ ទន្ទឹម​គ្នា​នេះដែរ សត្វត្រីបាឡែនធំៗ ត្រូវការ ១០០ឆ្នាំជាងដើម្បីមានចំនួនច្រើនឡើងវិញ រួមទាំង​អណ្តើក​សមុទ្រផងដែរ។

ត្រឹមឆ្នាំ២០៥០ គឺជាគោលដៅនៃការស្តារឡើងវិញដ៏មាន​សារៈសំខាន់ គឺពី៥០% ទៅ ៩០% នៃ​ផ្នែកក្នុងទីជម្រៅសមុទ្រ។ ជារួម នេះគឺជាគោលដៅស្តារឡើងវិញដែលអាចសម្រេច​បាន​ត្រឹម ១ ជំនាន់មនុស្ស ដែលយើងត្រូវការតែសុឆន្ទៈនយោបាយនោះ។

 

 

Add new comment

2 + 2 =