ការប្រែប្រួលអាកាសធាតុនៅពីក្រោយគ្រោះរាំស្ងួតដ៏បំផ្លិចបំផ្លាញ​នៅតំបន់ អាម៉ាហ្ស៊ូន នៅឆ្នាំ២០២៣

ការប្រែប្រួលអាកាសធាតុ ជំរុញឲ្យមានគ្រោះរាំងស្ងួតដ៏បំផ្លិចបំផ្លាញយ៉ាងសម្បើម ដែល​បាន​វាយ​ប្រហារនៅឆ្នាំ២០២៣ លើតំបន់អាម៉ាហ្ស៊ូន។ នេះគឺជាតំបន់មួយក្នុងចំណោមតំបន់​ទាំង​ឡាយ​ ដែលប្រព័ន្ធបរិស្ថានមានសារសំខាន់បំផុតនៅលើពិភពលោក​ដើម្បីធ្វើឲ្យអាកាស​ធាតុ​មានស្ថិរភាព ដែលវាកំពុងរងការគំរាមកំហែងពីការឡើងកម្តៅ។

គ្រោះរាំងស្ងួតកសិកម្មជាប្រវត្តិសាស្រ្ត​បានប៉ះពាល់ដលមនុស្ស រាប់លាននាក់ នៅក្នុង​អាង​ទន្លេ​អាម៉ាហ្ស៊ូនទាំងមូល។ វាក៏បង្កឲ្យមានភ្លើងឆេះព្រៃដ៏ច្រើនសម្បើម ការធ្លាក់​ថយ​ចុះ​នូវ​ចរន្ត​ទឹក និងបង្កឲ្យមានការស្លាប់ដ៏មហន្តរាយនូវពពួកសត្វផងដែរ។

អ្នកជំនាញខ្លះបានផ្តល់យោបល់ថា ការមកដល់នូវបាតុភូតឧតុនិយមធម្មជាតិ អែលនីណូ គឺ​ជា​ប្រភពដើមនៃលក្ខខណ្ឌហួតហែងនេះ។ ប៉ុន្តែការសិក្សាថ្មីមួយ​ដែលដឹកនាំដោយ​អ្នកវិ​ទ្យា​សាស្រ្ត​​នៃក្រុមជំនួយអាកាសធាតុពិភពលោក បា​​នបង្ហាញថា ការប្រែប្រួលអាកាសធាតុ ដែល​បង្កឡើងដោយការបំពុលនៃកាបូនដែលបំភាយនៅលើផែនដី គឺជាអ្នក​ទទួល​ខុស​ត្រូវ​ចម្បងលើស្ថានភាពមហន្តរាយ។

បើយោងតាមក្រុមអ្នកវិទ្យាសាស្រ្តនេះ បានឲ្យដឹងថា បាតុភូតនេះ បានបង្កឲ្យមាន​គ្រោះ​រាំង​ស្ងួត​ប្រហែល ៣០ដង ច្រើនជាងក្នុងរយៈពេល ពីខែមិថុនា ទៅដល់ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រុមអ្នកវិទ្យាសាស្រ្តបានព្រមានថា ស្ថានភាពនេះគ្មានអ្វីក្រៅពីធ្វើឲ្យកាន់តែធ្ងន់ធ្ងរធំធេង​នៅ​ពេល​អាកាសធាតុនៅតែឡើងកម្តៅ ដែលជំរុញឲ្យតំបន់អាម៉ាហ្ស៊ូន ឈាន​ដល់​ចំនុច​ប្រែប្រួល​ទាំង​ស្រុងសម្រាប់អាកាសធាតុរបស់ខ្លួន។

ក្រុមអ្នកវិទ្យាសាស្រ្តភ័យខ្លាចថា ការប្រែប្រួលអាកាសធាតុ និងការកាប់បំផ្លាញព្រៃឈើ បញ្ចូល​គ្នា នឹងពង្រីកវិសាលភាព​នៃគ្រោះរាំងស្ងួត និងការកើនកម្តៅតំបន់អាម៉ាហ្ស៊ូន។ បើ​យោង​តាមអ្នកវិទ្យាសាស្រ្ត រឿងនេះនឹងបង្កឲ្យមានការផ្លាស់ប្តូរដែលកាន់តែលឿន​ឡើងពី​ព្រៃ​ត្រូពិច​នៅក្នុងតំបន់អាម៉ាហ្ស៊ូនទៅជាវាលស្មៅខ្ពស់ៗ និងកាត់បន្ថយសមត្ថភាពស្តុកកាបូន។

សមត្ថភាពស្តុកកាបូននៅតំបន់អាម៉ាហ្ស៊ូន គឺត្រូវគេវាយតម្លៃថា ស្តុកបានច្រើនជាង ១០០ ពាន់​លាន​តោន នៅក្នុងដើមឈើ និងនៅក្នុងដី ឬ ច្រើនជាង ២ដង នៃ​ការ​បំភាយ​ប្រចាំ​ឆ្នាំ​របស់​ពិភពលោកពីគ្រប់ប្រភព។

លោកស្រី រ៉ឺហ្ស៊ីណា រ៉ូឌ្រីហ្គ៉េ សាស្រ្តាចារ្យសមុទ្រសាស្រ្ត​រូបវិទ្យា និងអាកាសធាតុ នៅ​សកល​វិទ្យាល័យ សហព័ន្ធ សាន់តា កាតារីណា បានថ្លែងថា ៖ “តំបន់អាម៉ាហ្ស៊ូននឹងអាចកសាង ឬ​បំផ្លាញ ផែនការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ​របស់យើង”។​លោកស្រីពន្យល់​ថា ៖ “ប្រសិនបើយើងការពារព្រៃឈើ ព្រៃឈើនឹងបន្តធ្វើការងារដូចជា អាងដ៏ធំបំផុត​នៃការ​ស្តុក​កាបូននៅលើផែនដីពិភពលោក។ ប៉ុន្តែប្រសិនបើយើងនៅអនុញ្ញាតឲ្យមាន​ការ​បំភាយ​កាបូន ដែលមានប្រភពដើមពីមនុស្ស និង​ការកាប់បំផ្លាញព្រៃឈើឈានដល់ចំនុច ក្រឡាប់​ចាក់ នេះនឹងធ្វើឲ្យមានការសាយភាយនូវបរិមាណឧស្ម័នកាបូនិកដ៏ច្រើនសម្បើម និងធ្វើឲ្យ​ការ​ប្រយុទ្ធ​ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុរបស់យើង​នឹងកាន់តែស្មុគស្មាញបន្តទៀត។”

លក្ខខណ្ឌនៃគ្រោះរាំងស្ងួតនៅអាងទន្លេអាម៉ាហ្ស៊ូន ត្រូវបានបង្ក​ឡើងតាំងពី​ពាក់ក​ណ្តាល​ឆ្នាំ​២០២៣ ដោយការធ្លាក់ភ្លៀងដ៏ខ្សោយ និង​សីតុណ្ហភាពកើនឡើង។ កម្រិតទឹកស្ទឹងទន្លេ បាន​ធ្លាក់ចុះយ៉ាងសម្បើម ដែលបានធ្វើឲ្យខូចខាតដល់តំបន់ ដែលពឹងផ្អែកលើខ្សែ​ទឹកស្ទឹង​ទន្លេ​ខ្វាត់ខ្វែង​ដើម្បីធ្វើនាវាចរណ៍ សម្រាប់ការដឹកជញ្ជូន និងតម្រូវការចាំបាច់។ ការប្រមូលផល​កសិកម្ម​​មាន​សភាពខ្សោយ ដែលបង្កឲ្យមានការខ្វះខាតចំណីអាហារ និងទឹកស្អាត។

ជាសេចក្តីសន្និដ្ឋាន ការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យមានការធ្លាក់ភ្លៀងខ្សោយ ប្រហែល​ជា​ជាង ១០ដង តិចជាងមុន និងគ្រោះរាំងស្ងួតសម្រាប់កសិកម្ម អាចកើនឡើងប្រហែល ៣០​ដង ច្រើនជាងមុន។

 

Add new comment

6 + 5 =