ការប្រឈមមុខគ្នាថ្មីខាងយោធារវាងចិន និងឥណ្ឌា នៅតាមជួរភ្នំហិម៉ាល័យ

មហាយក្សអាស៊ីពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបន្លំឈ្លានពានចូលច្រាំង ភាគខាងត្បូង​នៃបឹង ប៉ង់កុង។ នេះគឺជាបឹងមួយនៅតំបន់ឡាដាក ដែលជាកន្លែង​ប្រទាញ​ប្រទ​ង់​គ្នារវាងប្រទេសមហាយក្សទាំងពីរ។

ស្ថានភាពគ្មានអ្វីល្អប្រសើរទេ រវាងឥណ្ឌា និងចិន។ មហាយក្សអាស៊ីទាំងពីរ​នេះដែល​មាន​ព្រំដែន​រួម​គ្នាប្រវែង ៣៥០០ គីឡូម៉ែត្រ នៅតាមជួរភ្នំហិម៉ាល័យ បានប្រឈមមុខ​គ្នាជា​មួយ​នឹង​ភាព តានតឹងដែល​ចេះតែកើនឡើងទាំងខាងពាណិជ្ចកម្ម និងយោធា។

សម្រាប់មនុស្សដែលមានទុទិដ្ឋិនិយមបំផុត​តែងមានភ័យខ្លាចថា នឹងផ្ទុះសង្រ្គាមពេញ​ទំហឹងរវាង ប្រទេសទាំងពីរ។ តំបន់ឡាដាក គឺដូចជា កន្លែងដែលគេប្រយុទ្ធគ្នា និង​បង្ករ​ភាព​តានតឹង។ ចាប់តាំងពីខែមេសាមកម្ល៉េះ ទាហាននៃប្រទេសទាំងពីរ ដែលស្ថិតនៅម្ខាង​ម្នាក់​នៃ​ខ្សែព្រំដែន​ដែលត្រូវបានគេផ្តើមគូសវាស សន្មត់ ចាប់តាំងពីឆ្នាំ១៩៦២ ថាជា ខែ្ស​គ្រប់​គ្រងតាមជាក់ស្តែង(Line of Actual Control ឬ LAC) ។ ហើយប្រទេសទាំងពីរ មិន​ទាន់​ឯកភាព​គ្នាចំពោះខ្សែព្រំដែនពិតប្រាកដនៅឡើយទេ។

កាលពីថ្ងៃទី​១៥ មិថុនា នៅក្នុងជ្រលងភ្នំហ្គាវ៉ាន់ នៅជុំវិញបឹង ប៉ងកុង មានការប៉ះទង្គិច យ៉ាង​ឃោរឃៅបំផុត ចាប់​តាំងការប្រយុទ្ធគ្នាខ្លាំងក្លានាពេលចុងក្រោយចាប់តាំងឆ្នាំ១៩៧៥ មក។ ការប៉ះទង្គិចដោយប្រដាប់​អាវុធ​លើក​នេះ​​បានធ្វើឲ្យទាហានឥណ្ឌា ២០ នាក់ស្លាប់ និង​ខាងចិន មិនមានរាយការណ៍ចំនួនពិតប្រាកដនោះទេ។ ប្រភព​នៃជម្លោះគឺដោយសារ​មាន​ការ​សាងសង់​នូវហេដ្ឋរចនាសម្ព័ន្ធដោយភាគីឥណ្ឌា។ ហេដ្ឋា​រចនាសម្ព័ន្ធនេះ​​គឺផ្លូវមួយ​ខែ្សដែល​មាន​ប្រវែង ២៥០គីឡូម៉ែត្រ ដែលតភ្ជាប់ប៉ុស្តព្រំដែនខាង​ភាគី​ឥណ្ឌា។ ប៉ុន្តែ​ប្រទេស​ចិនមិន​ចង់​ឲ្យ​​មាន​ការ​សាងសង​តភ្ជាប់ដូច្នេះទេ។ បន្ទាប់មកគូប្រជែង​ទាំងពីរ​ក៏​ចាប់​ផ្តើមកិច្ចសន្ទនា​ខាង​យោធា និងការទូត។ ទន្ទឹមពេលនេះ ពួកគេក៏ប្រញាប់ប្រញាល់​នឹង​ពង្រឹង​​កង​កម្លាំង​យោធា​ និងយុទ្ធោបករណ៍យ៉ាងច្រើន​សំបើម​ទាំងសងខាង​រៀងៗ​ខ្លួន​ផង​ដែរ។

យោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា ប្រទេសចិនបានសាងសង់មូលដ្ឋានយោធា ជា ច្រើនព្រម​ទាំង​ព្រលានចុះចតឧទ្ធម្ភាចក្រផងដែរ។ យោងតាមការចេញផ្សាយកាសែត ប្រចាំ​ថ្ងៃរបស់ឥណ្ឌា ឌឹ ហ៊ីនឌូ បានអះអាងថា ប្រទេសចិនបានគ្រប់គ្រងដី ១០០០ គីឡូម៉ែត្រ ការ៉េ ពីខែ្សគ្រប់គ្រងជាក់ស្តែងទៅ​ដល់តំបន់ឡាដាក។

ភាពតានតឹងបានហក់ឡើងនៅអំឡុងពេលប៉ុន្មានថ្ងៃ​ចុង​ក្រោយនេះ កាលពីចុងសប្តាហ៍មុន នៅក្នុងតំបន់ភ្នំហិម៉ាល័យ​​ដែល​ជាកន្លែងដែលភ្ញៀវទេសចរណ៍ចូលចិត្តទៅកំសាន្ត និង​អ្នក​បើកបររថយន្តដែលចូលចិត្តការផ្សងព្រេង។ ក្រុងញូដេលី បានអះអាងថា ទីក្រុងប៉េកាំង​បាន​​រំលោភ​កិច្ច​ព្រម​ព្រៀងដែលធ្វើឡើង​រវាងប្រទេសទាំងពីរ​ដើម្បី​ធានានូវសន្តិភាព​នៅ​ក្នុង​តំបន់។ ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីប្រទេសចិន ដែលមានគោលដៅ​ដណ្តើម​យក​ទឹក​ដី​ដែល​​នៅ​ខាងលើបឹងប៉ងកុង កងទ័ពឥណ្ឌាត្រូវបង្ខំចិត្តប្រកាន់យក​មធ្យោបាយ​ការពារ។

ព្រឹត្តិការណ៍​​នៃ​ការ​ប៉ះ​ទង្គិចបានកើតឡើងកាលពីចុងសប្តាហ៍មុន។ អ្នកនាំពាក្យក្រសួង​ការ​បរទេស​ឥណ្ឌា លោក អានុរ៉ាក ស្រីវ៉ាស្តាវ៉ា បានអះអាងថា ៖ “នៅ​ខណៈ​ដែល​មេ​បញ្ជាការ​កងទ័ព​ជើងគោក​នៃ​ភាគី​ទាំង​ពីរកំពុងពិភាក្សាដើម្បីសម្រាល​ស្ថាន​ការណ៍ កងទ័ពចិនក៏ចាប់​ផ្តើមបញ្ចេញ​សកម្មភាព​បង្ក​ហេតុ​សា​ជា​ថ្មីដែរ។”

បើគេរំលឹកទៅកាន់សង្រ្គាមធំរវាងឥណ្ឌា និងចិន នៅក្នុងឆ្នាំ ១៩៦២។ នៅថ្ងៃ​​ទី២០ ខែតុលា ឆ្នាំ១៩៦២ កងទ័ពរំដោះប្រជាជនចិន បានបញ្ជូនទាហាន​៨០០០០​នាក់ វាយប្រហារទឹកដី ឥណ្ឌាព្រមៗគ្នា។ ដោយសារតែឥណ្ឌាមានបន្ទាយយោធាខ្សោយ នៅតាមបណ្តោយ​ព្រំដែន​ប្រវែង ២៥០០ គីឡូម៉ែត្រ ដែលជួនកាលកន្លែងខ្លះ​មានរយៈ​កម្ពស់​រហូតដល់ជាង ៥០០០ម៉ែត្រ កងទ័ព​ឥណ្ឌា​ដែល​មិន​បានរៀបចំខ្លួននឹងការឈ្លានពាន​នេះក៏វាយប្រយុទ្ធ​បណ្តើរ​ដក​ថយ​បណ្តើរ។ ទាហាន​ឥណ្ឌាដែលការពារនៅខ្សែត្រៀម​ជួរមុខ​បាន​ស្លាប់ និងត្រូវ​បាន​ចាប់ជាឈ្លើយសឹក។ ទាហានចិនបានកាន់កាប់ដែនដីអាកៃជីន រហូតដល់ កាស្មៀ និងតំបន់អារុណាឆាល់ប្រាដេសនៅក្នុងរដ្ឋអាសាម។

ក្រោយមក ទាំងនេះដែលជាតំបន់ដែលពោរពេញ​ដោយ​ភ្នំនឹងត្រូវបានទាម​ទារដោយចិន និងឥណ្ឌា។

 

Add new comment

18 + 2 =