កណ្តូប ឧបទ្រុបចង្រៃនៃទ្វីបអាហ្វ្រិកខាងកើត កាន់តែធ្ងន់ធ្ងរដោយការប្រែប្រួលអាកាសធាតុ

យុវនារីវ័យក្មេងបានគ្រវីធុងដោយព្យាយាមដេញពពួកសត្វកណ្តូបនៅក្បែភូមិ ឡារីសូរ៉ូ នៅខាងជើងទីក្រុងណៃរ៉ូប៊ី កាលពីថ្ងៃទី២១ មករា

ហ្វូងសត្វកណ្តូប ដែល​ប្រមូលផ្តុំ​ជាច្រើនពាន់​លានក្បាល បាន​បំផ្លាញតំបន់​ដ៏​ធំ​នៃ​ទ្វីបអាហ្វ្រិក​ខាងកើត។ នេះ​គឺ​ជា​គ្រោះ​មហន្តរាយ​សម្រាប់​តំបន់​ដែល​ធ្លាប់​ត្រូវបាន​រងគ្រោះ​ដោយគ្រោះ​រាំង ស្ងួត​ និងទឹកជំនន់។ ហ្វូងសត្វកណ្តូប​នៅ​ក្នុង​ទំហំធំធេង ដែល​មិនដែល​មាន​ជា​ប្រវត្តិសាស្រ្ត និង មាន​រាប់ពាន់លានក្បាល ​បាន​បំផ្លាញ​តំបន់​ផ្ទៃដី​ដ៏ធំ​សម្បើម​នៃ​ប្រទេសអាហ្វ្រិកខាងកើត អស់ ប៉ុន្មាន​សប្តាហ៍​មក​ហើយ។ តំបន់​នេះក៏ធ្លាប់​ជួប​ការ​ប្រែប្រួល​អាកាស​ធាតុយ៉ាងខ្លាំងក្លា និងបង្ក ឲ្យមានគ្រោះរាំងស្ងួត និងទឹកជំនន់ផងដែរ។ 

សត្វកណ្តូបដែលមើលទៅប្រៀបបានទៅនឹងពពកដ៏ក្រាស បានលាត​សន្ធឹងពីប្រទេសអេត្យូពី សូម៉ាលី រហូតដល់កេនយ៉ា។ សម្រាប់ប្រទេសទាំងនេះ ទីភ្នាក់ងារអន្តរ​ជាតិដើម្បីកសិកម្ម និង​ចំណី​អាហារ បានប៉ាន់ស្មានថា គ្រាន់តែមួយហ្វូងធំនៃសត្វកណ្តូប អាចគ្របដណ្តប់ស្មើនឹងផ្ទៃដី ២៤០០ គីឡូម៉ែត្រការ៉េទៅហើយ។ 

 

ហ្វូងកណ្តូបមួយបែបនេះមានកណ្តូបប្រមាណ ២០០ពាន់លានក្បាល ហើយ ១ក្បាលៗ ស៊ី​ចំណី​ប្រហែលនឹងទំងន់ខ្លួនវា គឺ ២ក្រាម ហើយកណ្តូបទាំងអស់នោះ វាស៊ីចំណីប្រហែល ៤០​០០០០តោន ក្នុងម្តងៗ។ ពួកវាក៏មានសមត្ថភាពនឹងធ្វើដំណើរក្នុងរយៈចំងាយ ១៥០ គីឡូម៉ែត្រ ក្នុង ១ថ្ងៃ។ ដូច្នេះពួកវាអាចបំផ្លាញស្បៀង​របស់ប្រជាជននៅតំបន់ជនបទដើម្បីចិញ្ចឹមជីវិត និង​ការ​បន្តពូជរបស់ពួកវាដោយគ្មានអ្វីអាចទប់ស្កាត់បានឡើយ។ ប្រទេសអេច្យូពី និងប្រទេស​សូម៉ាលី មិនដែលបានឃើញហ្វូងសត្វកណ្តូបដែលហោះហើរក្នុងទំហំធំបែបនេះទេ រយៈពេល ២៥​ឆ្នាំ​ មកហើយ។ រីឯប្រទេសកេនយ៉ា មិនដែលទប់ទល់នឹងការគំរាមកំហែងពីពពួកកណ្តូប​ដែល​​​មានកម្លាំងដ៏ធំធេងបែបនេះ រយៈ ៧០ឆ្នាំ មកហើយ។ នេះបើយោងតាមអង្គការស្បៀង​អាហារ​ពិភពលោក។

ប្រសិនបើគេមិនធ្វើអ្វីសោះ ចំនួនសត្វល្អិតបំផ្លាញ អាចកើនឡើងគុណនឹង ៥០០ ដង ពីពេល​នេះរហូតដល់ខែមិថុនា ដែលនឹងលុកលុយប្រទេសស៊ូដង់ខាងត្បូង និងប្រទេសអ៊ូហ្កង់ដា ដោយ​​បំផ្លិចបំផ្លាញផងដំណាំផងដែរតាមផ្លូវដែលពួកវាឆ្លងកាត់ ហើយតំបនទាំងនេះក៏ជាតំបន់​ងាយ​រងគ្រោះ​រួចមកហើយ។ លោក ហ្គូឡេដ អាកតាន នៃ​មជ្ឈមណ្ឌលបង្ការ​នឹង​ព្យាករណ៍​អាកាស​ធាតុ នៅក្នុងឱកាសសន្និសីទសារព័ត៌មានមួយនៅ​ទីក្រុង ណៃរ៉ូប៊ី ប្រទេសសូម៉ាលី​ប្រកាស​ថា ៖ “នេះគឺជាមហន្តរាយដែលអាចបង្ក​ឲ្យមានបញ្ហាសន្តិសុខស្បៀងមុនគេ។” 

បើតាមរូបលោក ការលុកលុយរបស់ពពួកសត្វកណ្តូបនៅពេលនេះ គឺរោគសញ្ញាពីការប្រែប្រួល​អាកាសធាតុខ្លាំងក្លាជាបន្តបន្ទាប់នៅទ្វីបអាហ្វ្រិកខាងកើតនៅឆ្នាំ២០១៩ ដែលបានចាប់ផ្តើម​ជាមួយ​នឹងគ្រោះរាំងស្ងួតដ៏ខ្លាំងក្លា បន្ទាប់មកក៏មានភ្លៀង និងទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ហើយ ដែល​បានធ្វើឲ្យមនុស្សរាប់រយអ្នកបាត់បង់ជីវិត។

ទ្វីបអាហ្វ្រិកខាងកើត គឺជាតំបន់ដែលងាយរងគ្រោះបំផុតសម្រាប់ការប្រែប្រួលអាកាសធាតុ។​លក្ខខណ្ឌលំបាកៗ ទាំងនេះត្រូវបានគេចាប់អារម្មណ៍ថា បណ្តាលមកពីបាតុភូត​អាកាស​ធាតុ​មួយ​ដែលបង្កើតឡើងដោយភាពខុសគ្នានៃសីតុណ្ហភាព​នៅលើផ្ទៃនៃសមុទ្រនៅចន្លោះ​តំបន់​ខាងកើត និងខាងលិចនៃមហាសមុទ្រឥណ្ឌា។ អ្នកវិទ្យា​សាស្រ្តនិយាយថា មិនដែលបានពិនិត្យ​ឃើញបាតុភូតដ៏ធំបែបនេះចាប់តាំងពីច្រើនឆ្នាំមកហើយ ឬរាប់​ទសវត្ស។ លោកហ្គូឡេដ អាកតាន បានបញ្ជាក់ថា ៖ “យើងដឹងថា ទ្វីបអាហ្វ្រិកខាងកើតគឺជា​តំបន់មួយដែលងាយ​រង​គ្រោះ​បំផុតសម្រាប់ការប្រែប្រួលអាកាសធាតុ។ តំបន់នេះនឹងស្គាល់នូវ​ការប្រែប្រួលខ្លាំងក្លា​បំផុត”។

អ្នកជំនាញការម្នាក់ក្នុងចំណោមអ្នកជំនាញការដែលចូលរួមនៅក្នុងសន្និសីទសារព័ត៌មាននៅ​ទីក្រុង​ណៃរ៉ូប៊ី បាននិយាយធានាអះអាង និងពន្យល់ថា ការលុកលុយរបស់ពពួកសត្វកណ្តូប​ដែលកើតមានឡើង បន្ទាប់ពីគ្រោះរាំងស្ងួត និងទឹកជំនន់មិនមែនជាសញ្ញានៃការរលាយផែន​ដី​នោះ​ទេ។ ពពួកហ្វូងសត្វកណ្តូបធំៗ បានចូលទៅក្នុងប្រទេស​កេនយ៉ាកាលពីខែធ្នូ ដែលបំផ្លិច​បំផ្លាញ​វាលស្មៅនៅភាគខាងជើង និងភាគកណ្តាលនៃប្រទេស។ ប្រសិនបើកសិករ​មិនបាន​ត្រៀម​បំរុងទុកមុន ហើយចំការរបស់ពួកគាត់មិនបានច្រូតកាត់រួចរាល់​ហើយទេនោះ សត្វ​​ចិញ្ចឹម​នឹង​ត្រូវខ្វះអាហារ​ដោយការលុកលុយរបស់ពួកកណ្តូបដែលនឹងបំផ្លិចបំផ្លាញអាហារពួកវា។ ទោះបីជាយ៉ាងណា ឥទ្ធិពលនៃមហន្តរាយនឹងកាន់តែកើនខ្លាំងជាងមុន ហើយ​ត្រូវការយ៉ាងតិច​ប្រាំ​ឆ្នាំដើម្បី​វិល​​ត្រឡប់មក​រក​ភាព​ប្រក្រតីដូចដើមចំពោះជីវភាព​វិញ។

មហន្តរាយថ្មីនេះជាប្រថ្នូលមិនល្អសម្រាប់ឆ្នាំ២០២០។ ប្រសិនបើការគំរាមកំហែងពីសត្វកណ្តូប​នេះ​មិនត្រូវបានគេគ្រប់គ្រងពីពេលនេះរហូតដល់ដើម​រដូវសាបព្រួសលើកក្រោយ ឬនៅក្នុង​អំឡុង​ខែមីនា កសិករនឹងអាចត្រូវឃើញចំការរបស់ពួកគាត់ត្រូវ​បានបំផ្លាញតែម្តង។ ប្រឈម​មុខ​នឹងការបំផ្លាញរុក្ខជាតិពីពពួកហ្វូងកណ្តូបដ៏ច្រើនលើសលប់នេះ ដែលធ្វើ​ឲ្យ​ងងឹតមេឃ ប្រជាជនកេនយ៉ា បានប្រើប្រាស់គ្រប់មធ្យោបាយដែល​ប្រើ​ដោយដៃដែលអាចទៅរួច ឬ​ប្រើប្រាស់​បំពុងបាញ់ភ្លើងសម្លាប់សត្វកណ្តូប ប៉ុន្តែវាគ្មានបានការអ្វីនោះទេ។

យោងតាមអង្គការស្បៀងអាហារពិភពលោក បានឲ្យដឹងថា ប្រតិបត្តិការបាញ់ថ្នាំសម្លាប់កណ្តូប​កើត​មានឡើងនៅអេច្យូពី និងសូម៉ាលី។ ប៉ុន្តែនៅក្នុងប្រទេសទាំងនេះ ជួនកាល ប្រតិបត្តិការ​បាន​ជួបឧបសគ្គដោយសារតែអសន្តិសុខនៅក្នុងតំបន់ខ្លះ។

លោកអ៊ីយ៉ង វ៉ាល់ នាយកតំបន់សម្រាប់ទ្វីបអាហ្វ្រិកខាងកើត និងខាងត្បូងនៃអង្គការសង្រ្គោះ​កុមារ ព្រួយបារម្ភថា ៖ “មហន្តរាយថ្មីនេះជាប្រថ្នូលមិនល្អសម្រាប់ឆ្នាំ២០២០។ អាកាសធាតុ​ដែល​​មិនអាចទស្សទាយទុកនៅក្នុងឆ្នាំ២០១៩ និងប៉ុន្មានទសវត្សមុនបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ​ដល់សមត្ថភាពរបស់គ្រួសារអាហ្វ្រិកក្នុងការទប់ទល់នឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ។

Add new comment

14 + 3 =