អត្ថាធិប្បាយគម្ពីរដំណឹងល្អ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០

អត្ថាធិប្បាយគម្ពីរដំណឹងល្អ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ តាមសន្តលូកា ៨,៤-១៥​ អត្ថាធិប្បាយដោយលោកបូជាចារ្យ សែ សាត

ប្រស្នា​អំពី​គ្រាប់​ពូជ

មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​ចេញ​ពី​ទី‌ក្រុង​នានា មក​រក​ព្រះ‌យេស៊ូ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ដូច​ត​ទៅ៖

មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។ ពេល​គាត់​ព្រោះ មាន​គ្រាប់​ពូជ​ខ្លះ​ធ្លាក់​ទៅ​លើ​ផ្លូវ ត្រូវ​គេ​ដើរ​ជាន់ ហើយ​សត្វ​មក​ចឹក​ស៊ី​អស់​ទៅ។ មាន​គ្រាប់​ពូជ​ខ្លះ​ទៀតធ្លាក់​ទៅ​លើ​ដី​មាន​ថ្ម កាល​ពន្លក​ដុះ​ឡើង ក៏​ក្រៀម​ស្វិត​ទៅ​វិញ ព្រោះ​ខ្វះ​ទឹក។ មាន​គ្រាប់​ពូជ​ខ្លះ​ទៀត​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា។ បន្លា​ដុះ​ឡើង​ជា​មួយ​គ្រាប់​ពូជ ហើយ​រួប‌រឹត​គ្រាប់​ពូជ​នោះ​មិន​ឲ្យ​ដុះ​ឡើង​បាន។ មាន​គ្រាប់​ពូជ​ខ្លះ​ទៀត ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ គ្រាប់​ពូជ​ដុះ​ឡើង ឲ្យ​ផល​មួយ​ជា​មួយ‌រយ»។ ព្រះ‌យេស៊ូ​បន្លឺ​ព្រះ‌សូរ‌សៀង​ថែម​ទៀត​ថា៖ «អស់​អ្នក​ដែល​ឮ​ពាក្យ​នេះ សូម​យក​ទៅ​ពិចារណា​ចុះ!»។

ព្រះ‌យេស៊ូ​ពន្យល់​ពាក្យ​ប្រស្នា​ស្ដី​អំពី​គ្រាប់​ពូជ

សាវ័ក*​របស់​ព្រះ‌យេស៊ូទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ពាក្យ​ប្រស្នា​នោះមាន​ន័យ​ដូច​ម្ដេច?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា យល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ព្រះ‌រាជ្យ*​របស់​ព្រះ‌អង្គ។ ចំពោះ​អ្នក​ដទៃ ព្រះ‌អង្គ​ប្រើ​ជា​ពាក្យ​ប្រស្នា​វិញ។ ដូច្នេះ ទោះ​បី​គេ​មើលក៏​ពុំ​ឃើញ ទោះ​បី​គេ​ស្ដាប់ក៏​ពុំ​យល់​ដែរ។ រីឯ​ប្រស្នា​នោះ​មាន​ន័យ​ដូច​ត​ទៅ: គ្រាប់​ពូជ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។ មនុស្ស​ខ្លះប្រៀប​បី​ដូច​ជា​ផ្លូវ ដែល​គ្រាប់​ពូជ​ធ្លាក់ គេ​បាន​ស្ដាប់​ព្រះ‌បន្ទូល តែ​មារ​សាតាំង​មក​ឆក់​យក​ពី​ចិត្ត​គេ ដើម្បី​កុំ​ឲ្យ​គេ​ជឿ និង​កុំ​ឲ្យ​គេ​រួច​ជីវិត។ មនុស្ស​ខ្លះ​ទៀត​ប្រៀប​បី​ដូច​ជា​ដី​មាន​ថ្ម កាល​បាន​ស្ដាប់​ព្រះ‌បន្ទូល​ហើយ គេ​ទទួល​យក​ដោយ​អំណរ។ ប៉ុន្តែ គេ​ជឿ​តែ​មួយ‌ភ្លែត ពុំ​ទុក​ឲ្យ​ព្រះ‌បន្ទូល​ចាក់​ឫស​ឡើយ គេ​បោះ‌បង់​ចោល​ជំនឿនៅ​ពេល​ណា​មាន​ការ​ល្បួង។ គ្រាប់​ពូជ​ដែល​ធ្លាក់​ទៅ​លើ​ដី​មាន​បន្លា ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌បន្ទូល តែ​ចិត្ត​ខ្វល់‌ខ្វាយ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ និង​ចិត្ត​ស្រើប‌ស្រាល មក​រួប‌រឹត​ផល​ផ្លែ​មិន​ឲ្យ​ទុំ​បាន​ឡើយ។ រីឯ​គ្រាប់​ពូជ​ធ្លាក់​ទៅ​លើ​ដី​មាន​ជី‌ជាតិ​ល្អ ប្រៀប​បី​ដូច​ជា​អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌បន្ទូល ហើយ​ចង​ចាំ​ទុក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត រហូត​ដល់​បាន​បង្កើត​ផល​ផ្លែ​ជា​ច្រើន ដោយ​ចិត្ត​ស៊ូ‌ទ្រាំ»។

Add new comment

12 + 4 =