មឿង សុភី “សក្ខីភាពរបស់ក្រុមបងស្រីសាឡេស៊ាន ធ្វើឲ្យខ្ញុំបានជឿលើព្រះយេស៊ូ”

ដោយ​សារ​ជំនឿលើ​ព្រះយេស៊ូ យុវនារី​ម្នាក់​​ត្រូវ​បាន​ឪពុកម្តាយ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ផ្ទះ និង​មិត្ត​ភក្តិ​ធ្លាប់​រាប់​អាន ត្រូវ​ឈប់​ទាក់ទង​គ្នា។ នេះ​បើ​តាម​ការ​អះ​អាង​របស់​កញ្ញា មឿង សុភី ជា​គ្រូ​បង្រៀន​នៅ​សាលា​វិទ្យាល័យដុន​បូស្កូ​ទឹក​ថ្លា ថ្នាក់បឋមផ្នែកគណិតវិទ្យ។

សុភី​ កើត​នៅ​ក្នុង​គ្រួសារ​ពុទ្ធ​បរិស័ទ មានបងប្អូនប្រុសស្រីចំនួន៦នាក់ រស់នៅភូមិព្រែករទែន ឃុំព្រែកកំពឹស ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល។ ពេល​ធំដឹង​ក្តី សុភី​បាន​មក​រៀន​នៅ​សាលា​ដុន​បូស្កូ​​ផ្នែក​នារី។

មឿង សុភី បានរៀបរាប់ថា «ខ្ញុំបានស្គាល់ព្រះសហគមន៍កាតូលិកក្នុងឆ្នាំ១៩៩៩ ជាឱកាសមួយដែលខ្ញុំបានចូលរៀននៅសាលាដុនបូស្កូក្នុងទីក្រុងភ្នំពេញ។ ពេលស្នាក់នៅ និងទទួលបានការសិក្សាពីសាលាដុនបូស្កូ ខ្ញុំចាប់ផ្តើមចូលចិត្តពីការយកចិត្តទុកដាក់របស់ក្រុមបងស្រី ការផ្តល់ដំបូន្មានពោរពេញដោយក្តីស្រឡាញ់ និងការលើកលែងទោសកូនសិស្សដែលបានធ្វើខុសវិន័យសាលាជាដើមនោះ ខ្ញុំក៏សម្រេចចិត្តចូលរៀនឈ្វេងយល់ជំនឿជាមួយបងស្រីក្នុងឆ្នាំ២០០០ រហូតដល់ឆ្នាំ២០០៤ ក៏ទទួលអគ្គសញ្ញាជ្រមុជទឹក»។

សុភីបានបន្តទៀតថា ការ​ផ្លាស់​ប្តូរជំនឿនេះ គ្មានការយល់ព្រមពីបងប្អូន និងឪពុកម្តាយរបស់​គាត់​ឡើយ។  សុភី​ឲ្យដឹងថា «រហូតខ្ញុំទទួលអគ្គសញ្ញាជ្រមុជទឹក ក៏មិនហ៊ានទៅយកខោអាវប្រពៃណីដែលត្រូវស្លៀកក្នុងថ្ងៃពិធី។ ពួកគាត់ហាមនិឲ្យខ្ញុំចូលផ្ទះ និងបាត់បង់មិត្តភក្តិមួយចំនួនក្រោយពេលខ្ញុំក្លាយជាគ្រីស្តបរិស័ទ»។

មូលហេតុមួយ​ចំនួន​ដែល​សុភី​បាន​ផ្លាស់​ប្តូរ​ជំនឿ​របស់ខ្លួនមក​ជា​កាតូលិក ដោយសារតែរបៀបអប់រំរបស់ក្រុមដូនជី​សាលេស៊ាន​ដុន​បូស្កូ​ដែល​គាត់​ធ្លាប់​បាន​រៀន​ជាមូយ​ពីមុន​មក​ គឺ​ពួកគាត់​ «មានក្តីមេត្តា ស្រឡាញ់ លើកទឹកចិត្ត និងលើកលែងទោស។ ខុសពីការអប់រំរបស់ឪពុកម្តាយខ្ញុំទាំងស្រុង ខ្ញុំចាំថាកាលនៅពីតូច ពេលធ្វើអ្វីខុសពួកគាត់ស្តីបន្ទោស វាយដំ និងដាក់ទោសជាដើម...»។ 

ក្រោយពេល​ក្លាយជា​គ្រីស្ត​បរិស័ទ មឿង សុភី បានព្យាយាមរស់នៅដោយបង្ហាញពីជំនឿរបស់ខ្លួន ដើម្បី​ប្រាប់​ដល់​ក្រុម​គ្រួសារ និងអ្នកដទៃ​អំពី​សាសនា​ថ្មី​ដែល​គាត់​កំពុង​ជឿ។ សុភីនិយាយថា «ព្រះវិញ្ញាណបានប្រោសប្រទានជីវិតថ្មីដល់ខ្ញុំក្រោយពេលខ្ញុំទទួលអគ្គសញ្ញាជ្រមុជទឹក។ ខ្ញុំចាប់ផ្តើមចេះគិតពីអ្នកខ្វះខាត អ្នកជួបទុក្ខលំបាក លះបង់ចិត្តគំនិតគុំកួន ចិត្តខឹងសម្បារអ្នកដទៃ ដោយព្យាយាមបង្ហាញក្តីស្រឡាញ់ អធិដ្ឋានច្រើនសម្រាប់បងប្អូន អ្វីដែលកាន់តែពិសេសនោះ គឺព្រះបន្ទូលរបស់ព្រះអង្គជួយខ្ញុំឲ្យមានក្តីរីករាយក្នុងជីវិត ទោះខ្ញុំមិនមានទ្រព្យសម្បត្តិច្រើនដូចគេក៏ដោយ»។

បច្ចុប្បន្ន​ អ្នកគ្រូ​មឿង សុភី មានវ័យ៤០ឆ្នាំ បាន​ឲ្យ​ដឹងថា គាត់កំពុង​ទំនុក​បម្រុង​ក្មួយៗ​របស់​គាត់​ដើម្បី​បាន​ការ​សិក្សា​អប់រំ​ ឲ្យ​មាន​ចំណេះដឹង​អា​ច​រក​ការងារ​ធ្វើ​បាន​ល្អ និង​មានអនាគត​ល្អប្រសើរ។ ដោយ​សារ​ទង្វើ​នៃ​ក្តីស្រឡាញ់ យូរ​ឆ្នាំ​កន្លងទៅ​ ទាំង​ឪពុកម្តាយ បងប្អូន​បាន​យល់​និង​ស្គាល់​អំពីជំនឿ​របស់​នាង ហើយ​ព្រម​ទទួល​យក​សមាជិក​ម្នាក់​ដែលមានជំនឿ​ផ្សេងពី​ក្រុម​គ្រួសារ។

និយាយ​អំពី​រឿង​គូស្រករ​ យុវនារី​រូប​នេះ​ឲ្យ​ដឹងថា គាត់​គ្មាន​បំណង​ចង់​មាន​គ្រួសារ​នោះទេ គឺ​ចង់​ថ្វាយ​ខ្លួន​សម្រាប់​ព្រះជាម្ចាស់​ដោយ​រស់នៅ​លីវ​បែប​នេះអស់មួយជីវិត។  ទៅថ្ងៃខាង​មុខ គាត់​ចង់​មាន​ផ្ទះ​ផ្ទាល់ខ្លួន​មួយ​សំរាប់​រស់នៅ។ សុភី «មានផ្ទះខ្លួនឯងដែលអាចដាក់តាំងព្រះយេស៊ូ ឈើឆ្កាង សន្តយ៉ូសែប ព្រះនាងម៉ារី និងព្រះគម្ពីរដើម្បីធ្វើការគោរពប្រណិប័តន៍ តាមជំនឿរបស់ខ្លួន»៕

 

ដោយ ឆាក លាំង

Add new comment

9 + 6 =