ព្រះនាងម៉ារីជាពូជ ក្នុងការបង្កើត មនុស្សថ្មី និងពិភពលោកថ្មី

ក្នងធម្មទេសនា នៅថ្ងៃបុណ្យកំណើតព្រះនាងម៉ារី ជាមាតារបស់ព្រះអម្ចាស់យេស៊ូគ្រីស្ត លោកអភិបាលអូលីវីយេ មានប្រសាសន៍ថា «...នៅ​ពេល​យើង​នឹក​ឃើញ​រឿង​របស់​ព្រះនាង​ម៉ារី ដែល​ទៅ​ជា​មាតា​របស់​ព្រះជាម្ចាស់ នៅ​ពេល​ព្រះនាង​ម៉ារី​បាន​ប្រសូត​បី​ដូចជា​ពិភពលោក​ទាំង​មូល​បាន​កើត​សាជាថ្មី។ មនុស្ស​លោក​បាន​កើត​ម្តង​នៅ​ពេល​ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស​តាមរយៈ​អាដាំ​និង​អេវ៉ា ប៉ុន្តែ​នៅ​ពេល​ព្រះនាង​ម៉ារី​កើត​បី​ដូច​ជា​មនុស្ស​លោក​យើង​កើត​សាជាថ្មី។ ថ្ងៃនេះ ដែល​យើង​គោរព​ខួប​កំណើត​របស់​ព្រះនាង​ម៉ារី ជា​ឱកាស​មួយ​ដើម្បី​នឹក​ឃើញ​ដល់​មនុស្ស​លោក​យើង ដោយ​ចូល​យ៉ាង​ជ្រៅ​ឲ្យ​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ​ជួយ ដើម្បី​បង្កើត​មនុស្ស​លោក​ថ្មី ដើម្បី​បង្កើត​សង្គម​ថ្មី...»

ខាងក្រោយនេះជាខ្លឹមសារទាំងស្រុងនៃធម្មទេសនារបស់លោកអភិបាលអូលីវីយេ៖  

ធម្មទេសនា​របស់​លោក​អភិបាល អូលីវីយេ

អភិបូជា​ខួប​កំណើត​ព្រះនាង​ម៉ារី​

អរិយក្សត្រ ថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២០

ព្រះនាង​ម៉ារី​ជា​ពូជ​ក្នុង​ការ​បង្កើត​មនុស្ស​លោកថ្មី និង​ពិភពលោក​ថ្មី

អត្ថបទ​ទី១៖ មីកា ៥,១-៤ក

ចាប់​ពី​ពេល​នេះ​ទៅ ស្តេច​នោះ​មាន​អំណាច​ឧត្តុង្គ‌ឧត្ដម រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី។ មីក ៥,៣

ដំណឹងល្អ៖ ម៉ាថាយ ១,១-១៦,១៨-២៣

មើល! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​បាន​បុត្រ​មួយ​ដែល​គេ​នឹង​ថ្វាយ ព្រះ‌នាម​ថា “អេម៉ា‌នូអែល” ប្រែ​ថា ព្រះជា‌ម្ចាស់​គង់​ជា​មួយ​យើង។ មថ ១,២៣

 

បងប្អូន​ជាទី​ស្រឡាញ់!

ពេល​យើង​និយាយ​អំពី​ថ្ងៃ​កំណើត ប្រហែល​យើង​គិត​ដល់​ឪពុក​ម្តាយ ព្រះនាង​ម៉ារី​កើត​បាន​ដោយសារ​ព្រះជាម្ចាស់​ប្រទាន​ជីវិត ដោយ​ណែនាំ​ឲ្យ​យាយ​ហាណា​និង​តា​យ៉ូហានគីម​បង្កើត​គ្រួសារ​មួយ​ដ៏​សុខសាន្ត។ ថ្ងៃ​នេះ​ជា​ឱកាស​មួយ ដើម្បី​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ជីវិត​ដល់​យើង​រៀងៗ​ខ្លួន និង​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ឪពុក​ម្តាយ​របស់​យើង។ ទោះបី​ឪពុក​ម្តាយ​របស់​បងប្អូន​មួយ​ចំនួន​បាន​ស្លាប់​ហើយ យើង​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ឪពុក​ម្តាយ​ដែល​បាន​ស្រឡាញ់​គ្នា និង​ដែល​បាន​ណែនាំ​ឲ្យ​យើង​មាន​ជីវិត​លើ​ផែនដី​នេះ ដូច​ព្រះនាង​ម៉ារី​ដោយសារ​យ៉ូហានគីម​និង​ហាណា​ណែនាំ​ឲ្យ​ព្រះនាង​ម៉ារី​មាន​ជីវិត មាន​ជីវិត​ដោយសារ​ព្រះជាម្ចាស់។

ជា​ឱកាស​មួយ​ដើម្បី​អរព្រះគុណ​ព្រះជាម្ចាស់ ដែល​បាន​ជ្រើសរើស​យើង​ឲ្យ​ទៅ​ជា​បុត្រា​បុត្រី​របស់​ព្រះអង្គ។ ពេល​យើង​ស្តាប់​ដំណើរ​ជីវិត​របស់​ព្រះនាង​ម៉ារី​ប្លែក ដោយសារ​ព្រះនាង​ម៉ារី​មិនមែន​ជា​បុត្រី​ធម្មតា​របស់​ព្រះជាម្ចាស់​ទេ។ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​ព្រះគម្ពីរ​ដំណឹង​ល្អ ព្រះជាម្ចាស់​បាន​ជ្រើសរើស​ពី​ព្យាការី​មក​ម្ល៉េះ ព្រះជាម្ចាស់​បាន​ជ្រើសរើស​ព្រះនាង​ម៉ារី​ឲ្យ​ធ្វើ​ជា​ម្តាយ​របស់​ព្រះយេស៊ូ។ ព្រះនាង​ម៉ារី បាន​រស់​នៅ​ដោយ​បាន​ទទួល​ការ​អប់រំ​ពី​ឪពុក​ម្តាយ ប៉ុន្តែ​ដោយ​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ យ៉ូហានគីម​និង​ហាណា បាន​យក​ចិត្ត​ទុក​ដាក់​អប់រំ​ព្រះនាង​ម៉ារី​ដើម្បី​ឲ្យ​ទៅ​ជា​កូន​ស្រី​ដែល​គោរព​សាសនា​នៅ​ក្នុង​សាសនា​យូដា។ តាម​ប្រពៃណី យើង​ដឹង​ថា​ព្រះនាង​ម៉ារី​បាន​នៅ​ព្រះវិហារ​យេរ៉ូសាឡឹម​យូរ​ឆ្នាំ ពី​ក្មេង​រហូត​ដល់​អាយុ​១២​ឆ្នាំ។ ព្រះនាង​ម៉ារី​បាន​នៅ​ព្រះវិហារ បាន​ទទួល​ការ​អប់រំ​យ៉ាង​ពិសេស​ដើម្បី​នៅ​ជិត​ស្និទ្ធ​ជាមួយ​ព្រះជាម្ចាស់។

យ៉ូហានគីម​និង​ហាណា មិន​ដែល​នឹក​ឃើញ​ថា​កូន​ស្រី​របស់​ខ្លួន​អាច​ខ្លាច​ជា​ម្តាយ​របស់​ព្រះជាម្ចាស់​ទេ កូន​ស្រី​របស់​គេ​ជា​ស្រ្តី​ដែល​ព្យាការី​បាន​និយាយ​ពី​ដើម​រៀង​មក “មាន​ស្ត្រី​ម្នាក់​នឹង​សម្រាល​បាន​កូន​មួយ ដែល​កូន​នេះ​មាន​ឈ្មោះ​ថា​អេម៉ាណូអែល ព្រះជាម្ចាស់​គង់​នៅ”។ ប៉ុន្តែ​យ៉ូហានគីម​និង​ហាណា បាន​យក​ចិត្ត​ទុក​ដាក់​អប់រំ​កូន ណែនាំ​កូន​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ឲ្យ​ជិតស្និទ្ធ​ជាមួយ​ព្រះជាម្ចាស់។ គម្រោងការ​របស់​ព្រះជាម្ចាស់ បាន​គោរព​តាមរយៈ​ឪពុក​ម្តាយ។ សម្រាប់​ឪពុក​ម្តាយ យើង​ត្រូវ​ការ​គិត​ដែរ​យើង​មិន​ដឹង​ថា​កូន​របស់​យើង​នៅ​ថ្ងៃ​អនាគត​ទៅ​ជា​យ៉ាង​ណា ប៉ុន្តែ​យើង​ដឹង​ថា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ព្រះជាម្ចាស់​មាន​គម្រោងការ​ហើយ យើង​មាន​តួនាទី​ក្នុង​ការ​អប់រំ​ណែនាំ។ នៅ​ក្នុង​ព្រះសហគមន៍​ដ៏​ដូច​គ្នា​ដែរ យើង​ជា​បង​ប្រុស​បង​ស្រី យើង​ជា​បូជាចារ្យ យើង​ជា​គ្រូ​អប់រំ​ជំនឿ យើង​មាន​តួនាទី​នេះ​ដែរ គឺ​អប់រំ​ណែនាំ​ដើម្បី​ស្គាល់​ព្រះហឫទ័យ​ព្រះជាម្ចាស់​រៀងៗ​ខ្លួន។

ថ្ងៃនេះ ជា​ឱកាស​មួយ​ដើម្បី​អរព្រះគុណ​ព្រះជាម្ចាស់ និង​ដើម្បី​លើក​ទឹក​ចិត្ត​យើង​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ធ្វើ​តាម​គម្រោងការ​របស់​ព្រះជាម្ចាស់។ ដូច​លោក​យ៉ូសែប គាត់​សប្បាយ​ចិត្ត​នៅ​ពេល​ជិត​បាន​រៀបការ​ជាមួយ​ស្រ្តី​ម្នាក់​ដែល​ស្អាត់ ដែល​ល្អ​គ្រប់​លក្ខណៈ តែ​គាត់​មិន​សប្បាយ​ចិត្ត​នៅ​ពេល​ដឹង​ថា​ព្រះនាង​ម៉ារី​មាន​ផ្ទៃ​ពោះ ទាំង​ដែល​ខ្លួន​មិន​ទាន់​បាន​រួម​រស់​ជា​មួយ​គ្នា​ផង​នោះ។ ប៉ុន្តែ លោក​យ៉ូសែប​បាន​ស្តាប់​នៅ​ក្នុង​សុបិន​និមិត្ត​ថា “ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ដែល​បាន​ណែនាំ​ឲ្យ​គាត់​ព្រម​ទទួល​ព្រះនាង​ម៉ារី កុំ​ចោល​គាត់​ដោយសារ​នេះ​ជា​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​ណែនាំ​ឲ្យ​ព្រះនាង​ម៉ារី​មាន​ផ្ទៃ​ពោះ” យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។

នៅ​ពេល​យើង​នឹក​ឃើញ​រឿង​របស់​ព្រះនាង​ម៉ារី ដែល​ទៅ​ជា​មាតា​របស់​ព្រះជាម្ចាស់ នៅ​ពេល​ព្រះនាង​ម៉ារី​បាន​ប្រសូត​បី​ដូចជា​ពិភពលោក​ទាំង​មូល​បាន​កើត​សាជាថ្មី។ មនុស្ស​លោក​បាន​កើត​ម្តង​នៅ​ពេល​ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស​តាមរយៈ​អាដាំ​និង​អេវ៉ា ប៉ុន្តែ​នៅ​ពេល​ព្រះនាង​ម៉ារី​កើត​បី​ដូច​ជា​មនុស្ស​លោក​យើង​កើត​សាជាថ្មី។ ថ្ងៃនេះ ដែល​យើង​គោរព​ខួប​កំណើត​របស់​ព្រះនាង​ម៉ារី ជា​ឱកាស​មួយ​ដើម្បី​នឹក​ឃើញ​ដល់​មនុស្ស​លោក​យើង ដោយ​ចូល​យ៉ាង​ជ្រៅ​ឲ្យ​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ​ជួយ ដើម្បី​បង្កើត​មនុស្ស​លោក​ថ្មី ដើម្បី​បង្កើត​សង្គម​ថ្មី។ សព្វថ្ងៃ​ពិភព​លោក​របស់​យើង សង្គម​របស់​យើង មាន​របួស​យ៉ាង​ខ្លាំង​ដោយសារ​ជំងឺ​កូវីដ​១៩ មាន​មនុស្ស​ជាច្រើន​បាត់​បង់​ជីវិត បាត់​បង់​ការងារ បាត់​បង់​សេចក្តី​សង្ឃឹម​នៅ​ក្នុង​ជីវិត។ អ្នក​ដែល​បាត់​បង់​ច្រើន​ជាង​គេ​គឺ​អ្នក​ក្រីក្រ ដែល​ណែនាំ​ឲ្យ​ពួក​គាត់​កាន់​តែ​យ៉ាប់​ទៅៗ។ ប៉ុន្តែ យើង​ដឹង​ថា​នៅ​ក្នុង​ព្រះនាង​ម៉ារី ព្រះជាម្ចាស់​កំពុង​បង្កើត​មនុស្ស​លោក​ថ្មី កំពុង​បង្កើត​សង្គម​ថ្មី។ នៅ​ក្នុង​ដៃ​របស់​យើង​ដែល​ជា​បុត្រា​បុត្រី​ព្រះជាម្ចាស់​យើង​មាន​សមត្ថភាព​ដូច​ព្រះនាង​ម៉ារី​ដែរ យើង​មាន​សមត្ថភាព​ដើម្បី​ចូល​រួម​ក្នុង​ការ​បង្កើត​មនុស្ស​លោក​ថ្មី ចូល​រួម​បង្កើត​សង្គម​ថ្មី ចូល​រួម​បង្កើត​ពិភព​លោក​ថ្មី។

នៅ​ថ្ងៃ​ទី​០១ ខែ​កញ្ញា កន្លង​ទៅ​នេះ​យើង​បាន​ប្រារព្ធ ទិវា​ការពារ​បរិស្ថាន​ធម្មជាតិ​ពិភព​លោក ពេល​យើង​គោរព​ទិវា​នេះ យើង​ត្រូវ​ការ​នឹក​ឃើញ​ដែរ​ថា យើង​ជា​អ្នក​ចូល​រួម​បំផ្លាញ​ឬ​ណែនាំ​ឲ្យ​ពិភព​លោក​របស់​យើង​ទៅ​ជា​ពិភព​យ៉ាង​ស្អាត​ពោរពេញ​ដោយ​ជីវិត។ យើង​ត្រូវ​គិត​ពិចារណា សព្វ​ថ្ងៃ​ជីវិត​ជា​អាទិភាព នៅ​ពេល​ប្រទេស​នីមួយៗ​បាន​បិទ​ទ្វារ​ដោយសារ​ជំងឺ​កូវីដ​១៩ បាន​បិទ​សេដ្ឋកិច្ច បាន​បិទ​ទំនាក់ទំនង បាន​បិទ​អ្វីៗ​ទាំង​អស់ ដើម្បី​សង្រ្គោះ​ជីវិត។ ជីវិត​ជា​អាទិភាព​ទី​មួយ ជីវិត​ជា​ព្រះអំណោយ​ទាន​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ជា​អ្វី​ដែល​យើង​ត្រូវ​តែ​ការពារ​ថែរក្សា​ជានិច្ច។

ថ្ងៃ​នេះ​ជា​ឱកាស​មួយ​ដើម្បី​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​ព្រះនាង​ម៉ារី​ដែល​ជា​ពូជ​ក្នុង​ការ​បង្កើត​មនុស្ស​លោក ដើម្បី​បង្កើត​ពិភព​ថ្មី។ ជា​ឱកាស​មួយ ដើម្បី​ឲ្យ​យើង​ទាំង​អស់​គ្នា​ដែល​ជា​គ្រីស្ត​បរិស័ទ​ចាប់​ផ្តើម​ភ្ញាក់​ស្មារតី ឥលូវ​នេះ​យើង​កំពុង​ចេញ​ពី​វិបត្ត​នៃ​ជំងឺ​កូវីដ​១៩ បន្តិច​ម្តងៗ​សកម្មភាព​របស់​យើង​នៅ​ក្នុង​ព្រះសហគមន៍​កើត​សាជាថ្មី យើង​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​ព្រះសហគមន៍​របស់​យើង​ដែល​បាន​ស្ងៀមស្ងាត់​ប៉ុន្មាន​ខែ​កន្លង​មក​ត្រូវ​បន្ត។ មិនមែន​ស្ងៀមស្ងាត់​ឥត​ប្រយោជ ដោយសារ​គ្រប់​ដំណឹង​ដែល​ព្រះនាង​ម៉ារី​បាន​ទទួល ព្រះនាង​បាន​ទុក​នៅ​ក្នុង​ដួង​ចិត្ត​របស់​គាត់ ព្រះនាង​ម៉ារី​ស្ងៀមស្ងាត់​ណាស់​នៅ​ក្នុង​ដំណឹង​ល្អ។ ប៉ុន្តែ ស្ងៀម​ស្ងាត់​ដោយ​មាន​ផ្លែ​យ៉ាង​ច្រើន ព្រះនាង​ម៉ារី​ឥត​មាន​ស្នាដៃ​អស្ចារ្យ​តែ​ព្រះនាង​ម៉ារី​ជា​ម្តាយ​របស់​ព្រះជាម្ចាស់ ជា​ម្តាយ​របស់​ព្រះយេស៊ូ​និង​បាន​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ​រហូត​ដល់​ព្រះយេស៊ូ​សោយ​ទិវង្គត។ នេះ​ជា​ឱកាស​មួយ ដើម្បី​រិះគិត​ទោះបី​ស្ងៀម​ស្ងាត់​ក៏​ដោយ​យើង​អាច​មាន​ផ្លែ​យ៉ាង​ច្រើន លុះត្រាតែ​យើង​ចូលរួម​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ព្រះនាង​ម៉ារី ដែល​ជា​ម្តាយ​របស់​យើង ដែល​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។

ដូច្នេះ យើង​ជា​ឪពុក​ម្តាយ យើង​ជា​កូន យើង​ជា​ព្រះសហគមន៍ យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ចូល​រួម​យ៉ាង​ជ្រៅ​តាម​របៀប​យើង តាម​សមត្ថភាព​យើង​នៅ​ក្នុង​គម្រោងការ​របស់​ព្រះជាម្ចាស់ ដោយ​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះអង្គ​ដើម្បី​បង្កើត​មនុស្ស​លោក​ថ្មី។ អាម៉ែន៕

Add new comment

8 + 3 =