ថ្ងៃទី ២៥ ខែកក្កដា៖ ថ្ងៃបុណ្យសន្តយ៉ាកុបជាគ្រីស្តទូត។(St.Jame)

ថ្ងៃទី ២៥ ខែកក្កដា៖ ថ្ងៃបុណ្យសន្តយ៉ាកុបជាគ្រីស្តទូត។(St.Jame) យើងតែងហៅលោកថា “យ៉ាកុបធំ” ជាកូនរបស់លោកសេបេដេនិងនាងសាឡូមេនិងជាបងរបស់សន្តយ៉ូហាន អ្នកនិពន្ធព្រះគម្ពីរដំណឹងល្អ។ លោកទាំងពីរ ត្រូវព្រះយេស៊ូ ត្រាស់ហៅឲ្យធ្វើជាក្រុមគ្រិស្តទូតក្រុមដំបូង ហើយលោកទាំងពីរមិនបង្អែបង្អង ដើម្បីដើរ តាមព្រះអង្គ។ លោកជាសាវ័កម្នាក់ក្នុង ចំណោមក្រុមគ្រីស្តទូត ៣ នាក់ទៀត ដែលតែងតែនៅជាមួយព្រះយេស៊ូក្នុងព្រឹត្តិការណ៍សំខាន់ៗ។ សន្តយ៉ាកុបមានចិត្តខ្លាំង ក៏ដូចជាប្អូនរបស់លោកដែរ លោកមានតែងត្រៀមខ្លួនជានិច្ច និង មានចិត្តខ្នះខ្នែង ហើយព្រះយេស៊ូហៅលោកទាំងពីរថា “បុត្រនៃផ្គរលាន់(Boanergesទោះជាយ៉ាងណា លោកជាមួយប្អូន និងសន្តសិលានិងសន្តអន់ដ្រេ ចាត់ទុកថាជាសាវ័កជំនិតរបស់ ព្រះយេស៊ូ។ លោកនៅជាមួយដែរ នៅពេលព្រះយេស៊ូព្យាបាលម្តាយក្មេករបស់លោកសិលា (មក.១,២៩-៣១), នៅពេលធ្វើឲ្យកូនរបស់យ៉ាអ៊ីឲ្យមានជីវិតឡើងវិញ(មក.៥,៣៧-៤៣ និង លក.៨,៥១-៥៦), នៅពេល ព្រះយេស៊ូបង្ហាញព្រះកាយដ៏រុងរឿង នៅលើភ្នំតាបរ(មក.៩,២-៨ និង មថ.១៧,១-៨ និង លក.៩,២៨-៣៦) និងព្រមទាំងមិត្តក្រុមគ្រីស្តទូត ៣ នាក់ទៀត លោកបានសួរព្រះយេស៊ូ អំពីសញ្ញានៃពេលវេលា ដែលនឹងមកមុនអវសានកាលនៃពិភពលោក(មក.១៣,១-៨)។ ជាទីបំផុត រួមជាមួយសន្តសិលានិង សន្តយ៉ូហាន ព្រះយេស៊ូបានហៅទៅរង់ចាំព្រះអង្គអធិដ្ឋាននៅ សួនកេសេម៉ានី(មថ.១៤,៣៣... និង មថ.២៦,៣៧...)។ ដោយសារលោកមានចិត្តខ្លាំង ចង់ឃើញលទ្ធផលផ្ទាល់ បានជាលោកសូមព្រះយេស៊ូឲ្យមានភ្លើង ធ្លាក់មកពីមេឃ ដើម្បីបំផ្លាញជនជាតិសាម៉ារីដែលមិនព្រមទទួលព្រះអង្គ ហើយត្រូវព្រះអង្គបានដាស់ តឿន(លក.៩,៥១-៥៦)។ លោកអួតខ្លួនចង់ធ្វើជាអ្នកធំក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់ ហើយនិយាយ ដាក់គេឲ្យកើតមានប្រតិកម្មក្នុងចំណោមក្រុមគ្រិស្តទូត បានជាព្រះអង្គបង្រៀនលោកឲ្យមានចិត្តសុភាព និងប្រាប់លោកថា កាលណាចង់ធ្វើជាអ្នកធំ ត្រូវបម្រើគេជាមុនសិន រហូតដល់ក្លាយទៅជា មរណសាក្សី (មក.១០,៣៥-៤៥ និង មថ.១០,២០-២៨)។ ពាក្យទំនាយដែលលោកយ៉ាកុបត្រូវផឹកពែងស្រានៃយញ្ញបូជា រួមជាមួយព្រះអង្គ ក៏ក្លាយទៅជាការពិត ព្រោះសន្តយ៉ាកុបគឺជាគ្រិស្តទូតមុនគេក្នុងក្រុមគ្រិស្តទូត ដែលត្រូវបង្ហូរឈាមដើម្បីព្រះគ្រិស្ត។ លោកត្រូវ ស្តេចហេរ៉ូត អាក្រិបប៉ាទី ១ ឲ្យកាប់ក ហេតុការណ៍នេះកើតឡើងក្នុងរយៈពេលបុណ្យចម្លង (ដូចព្រះយេស៊ូតែម្តង)។ សន្តយ៉ាកុប មិនដែលទៅប្រកាសជំនឿនៅប្រទេសអេស្ប៉ាញទេ សពរបស់លោកមិនដែលយកទៅ ប្រទេសអេស្ប៉ាញឡើយ។ នៅសតវស្សទី ៦ លោកវេនាន់ស៊ីអូ ហ្វ្រទូណាតូ បានបញ្ជាក់ថា សពរបស់ លោកនៅតែក្នុងក្រុងយេរូសាឡឹម។ ប៉ុន្តែនៅប្រទេសអេស្ប៉ាញ ចាប់ពីសតវស្សទី ៤ សន្តយ៉ាកុប បានទទួលការគោរពពីសំណាក់ប្រជាជនយ៉ាងពិសេស នៅក្រុងខាំប៉ូស្តែលឡា ប្រទេសអេស្ប៉ាញ។ ព្រោះលោក បានការពារជំនឿរបស់អ្នកក្រុងពីការរុករានរបស់ពួកម័រ ហើយក្រោយមក ទីកន្លែងនេះ ក្លាយទៅជាកន្លែង សម្រាប់បូជនីយចរណ៍ដ៏ល្បីមួយរបស់ទ្វីបអ៊ឺរុប ក្នុងសម័យកណ្តាលនិងជំនាន់ ក្រោយៗមកផងដែរ។ រិះគិត៖ + សន្តយ៉ាកុប ជាគំរូសម្រាប់យើង គឺលោកស្មោះត្រង់នឹងជំនឿ ទោះបីលោកបានរស់នៅជាមួយព្រះអង្គ ក៏ លោកបង្ហាញការមិនយល់ច្បាស់អំពីព្រះអង្គ ប៉ុន្តែក្រោយមក លោកយល់ច្បាស់ អំពីការបម្រើគេ ព្រោះលោកជា មេដឹកនាំគ្រិស្តបរិស័ទនៅក្រុងយេរូសាឡឹម។ សេចក្តីក្លាហាននេះ នាំយើងហានស្មោះត្រង់ជាមួយនឹងការ ត្រាស់ហៅរបស់ព្រះអង្គក្នុងជីវិតយើងដែរ។ អធិដ្ឋាន៖ + សូមឲ្យសន្តយ៉ាកុបជួយការពារថែរក្សាជំនឿរបស់យើងផង។ + សូមឲ្យយើង កុំស្វែងរករបស់របរក្នុងលោកនេះ ដោយសារតែទង្វើរបស់យើងឡើយ។

Add new comment

10 + 3 =