ថ្ងៃកំណើតសន្តយ៉ូហាន បាទីស្ត បុណ្យឱឡារិក ថ្ងៃទី ២៤ ខែមិថុនា

ថ្ងៃកំណើតសន្តយ៉ូហាន បាទីស្ត បុណ្យឱឡារិក ថ្ងៃទី ២៤ ខែមិថុនា

លោកយ៉ូហាន ជាកូនរបស់លោកសាការីជាសមាជិកក្រុមបូជាចារ្យអប៊ីយ៉ា និង​នាង​អេលីសាបិត កើតក្នុងត្រកូល​មហាបូជាចារ្យ អរ៉ុន។ គូស្វាមីភិយាទាំងពីរនាក់នេះហើយ ដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ ព្រោះគាត់ទាំងពីរ គោរពតាមវិន័យ និងបញ្ញាត្តិ របស់ព្រះអង្គ។ ក៏ប៉ុន្តែជាអកុសល អ្នកទាំងពីគ្មានកូននោះទេ ព្រោះនាងអេលីសាបេត ជាស្រី្តអា ហើយអ្នក​ទាំងពីរ​មានវ័យចាស់ណាស់ទៅហើយ។ ថ្ងៃមួយពេលលោកសាការីកំពុងដុតគ្រឿង​ក្រអូបក្នុងព្រះវិហារ ទេវទូត​របស់ព្រះ​ជាម្ចាស់ នាំដំណឹងបកប្រាប់លោក គឺនាងអេលីសាបេត នឹងមានកូន ដោយ​ដាក់ឈ្មោះថាយ៉ូហាន។ តែលោកហាក់ដូចជាមិនជឿលើព្រះបន្ទូលសោះ ដែលជាហេតុនាំឱ្យលោក ក្លាយជាមនុស្សគ និយាយមិនកើត រហូតព្រឹត្តការណ៍នេះបានកើតឡើង ទប់លោកនិយាយ​បានវិញ។ អ្នកជិតខាងកោតស្ញប់ស្ញែងគ្រប់ៗគ្នាអំពីព្រឹត្តការណ៍នេះ ដោយដណ្តឺងសួរខ្លួនឯងថា តើថ្ងៃក្រោយកូននេះនឹងទៅជាយ៉ាងណា ដ្បិតព្រះបារមីរបស់ព្រះជាម្ចាស់តាមថែរក្សាកូននេះ។ កំណើត​របស់លោកយ៉ូហាន គឺជាសញ្ញាសម្គាល់មួយទៀតថា ពេលវេលារបស់ព្រះសង្គ្រោះ បានមកដល់ហើយ។ ពាក្យថា “បាទីស្ត”   ដែលក្នុងព្រះបន្ទូលបានសរសេរភ្ជាប់ និងឈ្មោះយ៉ូហាន មើលទៅហាក់ដូចជានាមត្រកូល ប៉ុន្តែការពិត មិនមែននោះទេ។ ពាក្យ បាទីស្តនេះ គឺសំដៅលើកិច្ចការដែលលោកនឹងធ្វើក្នុងជីវិតរបស់លោក គឺ មានន័យថា អ្នកធ្វើពិធីជ្រមុជទឹក ឲ្យប្រជាជន ដើម្បីកែប្រែចិត្តគំនិតទទួលព្រះសង្គ្រោះ ដែលជាពិធី​ជ្រមុជតាម​របៀបថ្មី (មថ.៣,១៣-១៧)។ លោកយ៉ូហានសៀកពាក់សម្លៀកពំពាក់ធ្វើពីរោមអូដ្ឋ ពាក់ខ្សែក្រវ៉ាត់ធ្វើពីស្បែក លោកបរិភោគកណ្តូប និងទឹកឃ្មុំ តាមទម្លាប់​ព្រះសហគមន៍ យើងគោរពលោកយ៉ូហានដូចជាព្យាការី មួយរូប ព្រោះលោកមាន លក្ខណៈដូចព្យាការី​ក្នុងសម្ព័ន្ធមេត្រី​ចាស់ សម្រាប់ជនជាតិអ៊ីស្រាអែល ដែលបានព្យាករនឹង បង្ហាញថា ព្រះយេស៊ូគឺព្រះមេស្ស៊ីដែលមនុស្សកំពុងរង់ចាំ ហើយមានកត់​ត្រាក្នុងសម្ព័ន្ទមេត្រីចាស់ (មថ.១១,១៧-១៥; យហ.១,១៩-២៨)។ លោកយ៉ូហាន កើតមុនព្រះយេស៊ូ ប្រមាណជា ៦ខែ លើសពីនេះទៅទៀត លោកយ៉ូហានបានធ្វើជាសាក្សី​អំពីព្រះយេស៊ូគ្រិស្តថា ព្រះអង្គគឺព្រះបន្ទូលដែលមានជីវិត រស់នៅក្នុង​ចំណោមយើង។

ចូររិះគិត៖

+ តើយើងមានថ្វាយខ្លួនសម្រាប់ការត្រាស់ហៅរបស់យើងយ៉ាងដូចម្តេច?

ចូរអធិដ្ឋាន៖

+ សូមឲ្យពាក្យប្រៀនប្រដៅរបស់លោកយ៉ូហាន បាទីស្តដែលថា “ចូរកែប្រែចិត្តគំនិត” បានដាស់តឿន និងរំលឹកយើងជានិច្ចក្នុងការធ្វើដំណើរក្នុងលោកនេះ។

+ សូមឲ្យជីវិតព្យាការីរបស់លោក ជួយឲ្យយើងនឹកដល់មុខងារ “ព្យាការី” ដែលយើងមានក្នុងខ្លួនម្នាក់ៗ ដែលយើងទទួលមកពី អគ្គសញ្ញាជ្រមុជទឹកនោះផងដែរ។

Add new comment

3 + 13 =