
កាលវ័យកុមារ ពេលមកដល់ក្រុងបាត់ដំបងលើកដំបូង អ្នកស្រីកែវ ច័ន្ទបូរណ៍ គឺជាសិស្ស ដែលរៀនខ្សោយជាងគេបំផុត។ ប៉ុន្តែអ្នកស្រីមិនលះបង់ការចង់ចេះចង់ដឹង និងការចង់ផ្លាស់ប្តូរខ្លួនឲ្យប្រសើររុងរឿងនោះដែរ។ អ្នកស្រីកែវ ច័ន្ទបូរណ៍ គឺជាសិស្សផ្ទាល់ព្រះសង្ឃរាជ ជាគ្រូច្រើនព្រះអង្គ ដូចជា នៅវត្តកំផែង វត្តគរ វត្តធម្មយុត្តិ វត្តដំរីស និងវត្តសង្កែ។ អ្នកស្រីកែវ ច័ន្ទបូរណ៍ បានទទួលការបណ្តុះបណ្តាលផ្នែកអក្សរសិល្ប៍ខ្មែរ ផ្នែកកម្រងកែវ ក្បាច់កាព្យ ក្បាច់ទំនុកច្រៀងប្រជាប្រិយ និងទេព្យកោសល្យជាច្រើនទៀត។
អ្នកស្រីកែវ ច័ន្ទបូរណ៍ បានរស់នៅឆ្លងកាត់សម័យប៉ុលពតតាំងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ អ្នកស្រីកែវ ច័ន្ទបូរណ៍បានទទួលរងគ្រោះទោសទណ្ឌរបស់ខ្មែរក្រហមនៅវត្តឯកភ្នំ ខេត្តបាត់ដំបង ទើបបានភៀសខ្លួនរួចរស់ជីវិតទាំងប្រផិតប្រផីយ។ អ្នកស្រីកែវ ច័ន្ទបូរណ៍បានទទួលការសង្គ្រោះពីក្រុមកាកបាទក្រហមអន្តរជាតិ នៅចុងឆ្នាំ១៩៧៩ ក្រោយមកក៏បាន ទទួលការអនុញ្ញាតិចូលទៅរស់នៅសហរដ្ឋអាមេរិកនៅខែមិថុនាឆ្នាំ១៩៨១។ អ្នកស្រីកែវ ច័ន្ទបូរណ៍ ក៏បានចូលសិក្សាបន្ថែម នៅសកលវិទ្យាល័យ NDSU រដ្ឋ North Dakota បន្ទាប់មក នៅសកលវិទ្យាល័យ U of M រដ្ឋ Minnesota។ ដោយការខិតខំដ៏ស្វិតស្វាញ អ្នកស្រីកែវ ច័ន្ទបូរណ៍ បានទទួលអាហារូបករណ៍រៀងរាល់ឆ្នាំ ដើម្បីបន្ថែមវិជ្ជា និងការស្រាវជ្រាវ ផ្នែកចិត្តវិទ្យា សតិវិទ្យា និងគ្រួសារវិទ្យា។ សព្វថ្ងៃអ្នកស្រីកែវ ច័ន្ទបូរណ៍ទទួលមុខនាទីការងារ ជាបុគ្គលិកក្រសួងយុត្តិធម៌ផ្នែកការពារសិទ្ធិកុមារ និងយុវជន ហើយបានបម្រើការងារនេះ តាំងពីឆ្នាំ១៩៨៩ បន្ទាប់ពីបានទទួលបណ្ឌិតបរិញ្ញា ខាងចិត្តវិធីព្យាបាល និងគ្រួសារវិទ្យា។
Add new comment