អ្នករត់កង់បីមួយចំនួនបន្ថែមមុខរបរក្នុងពេលវិបត្តិកូវីដ១៩

នៅក្នុងអំឡុងពេលមានបញ្ហាកូវីដ១៩ មិនមែនមានតែប្រទេសកម្ពុជាទេ​ជួបបញ្ហាលំបាកនិង​វិបត្តិសេដ្ឋកិច្ច​ប៉ុន្តែនៅ​តាម​បណ្តាប្រទេសនិងប្រជាពលរដ្ឋនៅលើពិភពលោកក៏​ជួបនៅបញ្ហាជីវភាពផងដែរ ដោយសារតែការផ្អាកនៅការងារ មុខរបរ និងសកម្មភាពអាជីវកម្ម។

ជ្រុងមួយនៃសេដ្ឋកិច្ចកម្ពុជា អ្នករត់ម៉ូតូកង់បី តាក់ស៊ី ក្នុងពេលជួបវិបត្តិកូវីឌ១៩នេះ ពួកគាត់បានងាកមកនូវអាជីពថ្មីមួយចំនួនបន្ថែម ដូចជា សន្តិសុខ ការលក់ដូរ ដើម្បីបង្កើននូវប្រាក់ចំណូលសម្រាប់គ្រួសាររបស់ពួកគាត់។

មុខរបរដែលសង្កេតឃើញមានការប៉ះពាល់ខ្លាំងនោះ រាប់បញ្ចូលទាំងប្រជាពលរដ្ឋដែលបម្រើការនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរវាយនភណ្ឌនិងក្នុងវិស័យទេសចរណ៍។ អ្នករត់ម៉ូតូកង់បី សម្រាប់ប្រទេសកម្ពុជា ដែលកំពុងរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ពួកគាត់បានជួបផលលំបាកច្រើនទាក់ទងនឹងប្រាក់ចំណូលប្រចាំថ្ងៃ។

ការបាត់បង់ភ្ញៀវបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមជីវិត ជាអ្នករត់ម៉ូតូកង់បីមួយចំនួន បានសម្រេចចិត្តលាឈប់ពីអាជីពនិងមួយចំនួនទៀតសម្រេចចិត្តបន្ថែមអាជីព ដោយខ្លះបន្ថែម ជាកម្មករសំ​ណង់និងមួយចំនួនទៀតសម្រេចធ្វើជាសន្តិសុខយាមនៅតាមទីតាំងអាគារនានា។

លោក ជា សំឌី ជាអតីតអ្នករត់កង់បី បាននិយាយថា មួយរយៈពេលចុងក្រោយនេះ នៅពេលកម្ពុជាជួបប្រទះជំងឺកូវីដ១៩ បានធ្វើឱ្យប្រាក់ចំណូលរបស់គាត់បាត់បង់ជាច្រើន​។​ កាលពីពេលមុនគាត់អាចរកប្រាក់ចំណូលបានចន្លោះពី១០ទៅ១២ម៉ឺនរៀលក្នុងមួយថ្ងៃពីការដឹកភ្ញៀវនៅក្នុងរាជធានីភ្នំពេញនេះ។ សព្វថ្ងៃនៅពេលជួបវិបត្តិកូវីដ១៩នេះប្រាក់ចំណូលរបស់គាត់ បានត្រឹមតែ៤០០០០រៀលតែប៉ុណ្ណោះ។

ការថយចុះនៃប្រាក់ចំណូលនេះ បានធ្វើឱ្យលោក ជា សំឌី បង្វែរមកធ្វើជាសន្តិសុខ។ នៅពេលសម្រាកពីការធ្វើជាសន្តិសុខ នៅម៉ោង២រសៀល គាត់ក៏ប្រកបរបរជាអ្នករត់កង់បីដដែល ដើម្បីរកប្រាក់ចំណូលបន្ថែមទៀត។

លោក ជា សំឌី បាននិយាយថា ៖ «ខ្ញុំធ្វើការនៅម៉ោង៦ព្រឹក ដល់ម៉ោង២រសៀល។ នៅពេលទំនេរខ្ញុំរត់កង់បីធម្មតា ដើម្បីទិញម្ហូបអាហារ។ សូម្បីរាល់ថ្ងៃមិនហ៊ានញាំបាយក្រៅទេ គឺដាក់បាយពីផ្ទះមកហូប ដើម្បីកាត់បន្ថយចំណាយ។ កាលមុនយើងរកចំណូលបានចាប់ពី២០ទៅ៣០ដុល្លា តែឥលូវរកបានតែ២ម៉ឺន៣ម៉ឺនរៀលទេ»។

អ្នករត់កង់បីវ័យជា៤០ឆ្នាំបន្តថា ៖ «អ្នករត់កង់បីដែលខ្ញុំស្គាល់គេរត់តែមួយភ្លែតៗ ព្រោះអត់ភ្ញៀវដដែល។ អ្នកខ្លះទៅចិញ្ចឹមមាន់ អ្នកខ្លះធ្វើសំណង់»។

ការបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រកបរបរកង់បីនេះ ដោយសារតែរាជធានីភ្នំពេញមិនសូវមានភ្ញៀវទេសចរនោះទេនិង ប្រជាពលរដ្ឋបានផ្លាស់ប្តូរប្រើប្រាស់ នូវម៉ូតូឬរថយន្តផ្ទាល់ខ្លួនរបស់​ពួកគាត់ ដោយមិនហ៊ានប្រើប្រាស់ម៉ូតូកង់បីជាឱកាសឆ្លងនូវជំងឺកូវីដ១៩។

គិតត្រឹមថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីឌ១៩ ទាំង១២២នាក់បានជាសះស្បើយនិងគ្មានករណីស្លាប់បាត់បង់ជីវិតដោយសារតែជំងឺមួយនេះទេ នៅទូទាំងប្រទេសកម្ពុជា៕

Add new comment

2 + 0 =

Please wait while the page is loading