អ្នកតម្បាញសូត្រព្រួយបារម្ភខ្លាចលែងមានអ្នកស្គាល់សូត្រខ្មែរ

តម្បាញសំពត់សូត្រ

ការ​ត្បាញ​សំពត់សូត្រ​ និង​ក្រមា​សូត្រ​ គឺ​ជា​ប្រពៃណី​បែប​បុរាណ​របស់​ខ្មែរ​ដែល​មាន​តាំង​ពី​យូរ​ណាស់​មក​ហើយ​។​ ដោយឡែក​ បច្ចុប្បន្ន​នេះ​ ប្រពៃណី​នៃ​ការ​ត្បាញ​ក្រមា​ ឬ​សំពត់សូត្រ​នៅ​តែមាន​ គ្រាន់តែ​ ចំនួន​អ្នក​ប្រកប​របរ​ត្បាញសូត្រ​មិន​សូវ​មាន​ច្រើន​ដូច​ពី​មុន​។

​ជាក់ស្ដែង​អ្នក​តម្បាញ​សូត្រ​មួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​ ភាគ​ច្រើន​ជា​ស្រ្ដី​បាន​ជ្រើសរើស​យក​មុខ​របរ​ជា​អ្នកតម្បាញ​នេះ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ ។

​ក្នុង​ចំណោម​ពួកគាត់​ គឺ​ អ្នកស្រី​ វ៉ាន់​ ស្រី​ខួច​ អាយុ​ ៣៤​ ឆ្នាំ​ ។ អ្នកស្រី​ រស់នៅ​ ភូមិ​ ឃ្ពក​ ឃុំ​កោះឧកញ៉ាតី​ ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល ។ ស្រ្ដី​រូបនេះ​ក៏បាន​ស៊ី​ឈ្នូល​ត្បាញ​សំពត់​សូត្រ ​អោយ​គេ។អ្នកស្រី​ថាការងារ​នេះ​មិនងាយ​ស្រួលទេ​។

អ្នក​ស្រី វ៉ាន់ ស្រីខួច ៖ «ត្បាញ​សំពត់​មួយៗ​ពិបាក​ណាស់​ មិន​ងាយ​ស្រួល​ទេ ព្រោះ​សំពត់​ត្បាញ​សំពត់​ហើយ​មួយ​ ត្រូវ​ចំនាយ​ពេល​៥​ថ្ងៃ​ »។

តាម​ការ​រៀបរាប់​របស់​អ្នកស្រី​ វ៉ាន់ ស្រីខួច សំពត់​មួយ​ត្រូវ​ចំណាយ​រយៈពេល​យ៉ាងតិច​ ៥ថ្ងៃ ហើយ​ក្នុងមួយ​ថ្ងៃ ត្បាញ​បាន ៤តឹក នៃសំពត់ ដែល​មាន​ទំហំ ៥ម៉ែត្រ។ អ្នកស្រី បន្ដថា ការ​ត្បាញ​សំពត់​សូត្រ​និមួយៗ​ គឺ ត្រូវ​ចំណាយ​ពេលយូរ​ និង​មាន​ភាពអត់ធ្មត់​ច្រើន​ ទើប​ធ្វើអោយ​សំពត់​សូត្រ​ដែល​ត្បាញ​ចេញ​មក​បាន​ស្អាត​។​

អ្នកស្រី វ៉ាន់ ស្រីខួច៖ «ពិបាក​ណាស់​អូន អ្នក​ចិត្ត​ខ្លាំង​អីធ្វើ​មិនបានទេ​ ដូចថា​ ត្បាញ​ទៅ​វា​ងាយ​ដាច់​សរសៃ​សូត្រ​ ហើយ​វា​ដាច់​ ហើយ​វា​រីក​ទៅ​តាម​ណឹង​ ប្រឹង​ណាស់​ទើប​ត្បាញ​បាន​ »។

ការងារ​ដែល​អ្នកស្រី​ វ៉ាន់ ស្រីខួច បាន​ធ្វើ គឺ​ទទួល​បានប្រាក់​ ១៥០ ដុល្លារ ក្នុង​មួយខែ​ ។ តែ​ប្រាក់ខែ​ ១៥០​ដុល្លារ​នេះ​ លុះត្រា​តែ​ អ្នកស្រី​ត្បាញ​សំពត់​បាន​ ៤ក្បិន​ ក្នុង​មួយខែ​ មាន​ន័យថា​ គិត​ទៅ​តាម​ចំនួន​នៃ​ការ​ត្បាញ​បាន​របស់​គាត់​។

ទោះជា​មាន​ការ​លំបាក​យ៉ាងណា​ក៏​ដោយ​ សម្រាប់ អ្នកស្រី វ៉ាន់ ស្រីខួច នៅ​តែ​បន្ដ​ការងារ​ជា​អ្នកត្បាញ​សំពត់​សូត្រ​ដដែល​ ហើយ​គាត់​ក៏​មាន​បំណង​បង្រៀន​ជំនាញត្បាញ​នេះ​ទៅ​ដល់​កូនចៅ​របស់​គាត់​ទៀតផង​ ។

អ្នកស្រី វ៉ាន់ ស្រីខួច៖«ខំ​ប្រឹងត្បាញ​ អត់​ខ្លាច​ហត់នឿយ​ អោយ​តែថា​ ស្រុក​គេ​គាំទ្រ​របស់​យើង​ យើង​ចេះតែ​មាន​កម្លាំង​ចិត្ត​ត្បាញ​ ចង់​អោយ​គេស្គាល់​ ចឹង​ចង់​អោយ​គេ​ចុះ​មក​លេង​ស្រុកខ្មែរ​ច្រើន​ចឹង​ ព្រោះ​ស្រុក​ខ្មែរ​យើង​ឥលូវ​គេ​ត្បាញ​សំពត់​ធ្វើ​ពី​សូត្រ​ សូម​អោយ​ចុះ​មក​ជួយ​ទិញ​របស់​ខ្មែរ​យើង​អោយ​បាន​គ្រប់គ្នា​ ហើយ​អោយ​មាន​តម្លៃ​ជាង​នេះ​តិចទៅ​ អ្នកត្បាញ​មាន​កម្លាំង​ចិត្ត​ត្បាញ​»។

​ដោយឡែក​ពលរដ្ឋ​មួយរូប​ទៀត​ដែល​ជា​អ្នកត្បាញ​ក្រមាសូត្រ​មួយ​រូប​ដែរ​នោះ​ បាន​ឱ្យ​ដឹងថា​ ការ​ត្បាញ​ក្រមា​ក៏​មិនមាន​ជារឿង​ងាយស្រួល​នោះ​ដែរ​។

«​ដល់​យើង​ប្រឹង​ អង្គុយ​ឈឺ​ឆ្អឹងខ្នង​ចឹង​ វា​ពិបាក​ដែរ​ វា​មិនស្រួល​ទេ​ អង្គុយ​រហូត​ មិន​ដូចថា​ធ្វើការ​នៅ​ភ្នំពេញ​វា​ស្រួល​មែន​តែ​វាឆ្ងាយ​ពី​ផ្ទះ ឆ្ងាយ​ពី​កូន​»។

ពលរដ្ឋ​ម្នាក់​នេះ​រស់នៅ​ក្នុង​ភូមិ​ព្រែកបង្កក​ ឃុំ​ព្រែកតាកូវ​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​។

តាម​អោយ​ដឹង​ពី​ស្រ្ដីរូបនេះ​ គឺ​ មិន​មាន​ពលរដ្ឋ​ច្រើនទេ​ដែល​ចាប់​អារម្មណ៍​មក​អង្គុយ​ត្បាញ​ក្រមា​សូត្រ​ ឬ​សំពត់​សូត្រ​នេះ​ ដូច​ពី​មុន​នោះ​ ។

«អ្នក​ភូមិ​ខ្ញុំ​ចាស់ៗ​ពី​មុន​ភាគ​ច្រើន​គាត់​ចេះ​ទាំងអស់​ ប៉ុន្ដែ​ក្រមុំ​ក្រោយនេះ​មិន​សូវ​ចេះ​ទេ​ទៅ​ធ្វើការ​អស់​ហើយ​ »។

ស្រ្ដី​ត្បាញក្រមា​រូបនេះ​ក៏​បាន​អំពាវនាវ​អោយ​យុវជន​ជំនាន់​ក្រោយ​ ចាប់​អារម្មណ៍​ចូលរួម​អភិរក្សា​សំពត់​សូត្រ​ និង​ក្រមាសូត្រ​ដែល​ជា​ស្នាដៃ​របស់​ខ្មែរ​ផងដែរ​។

«​ដើម្បី​វប្បធម៌​ខ្មែរ​យើង​មាន​តៗ​រហូត​ចឹង​កុំ​អោយដាច់ ​ខ្លាច​ថា​ពួក​យើង​ចាស់ៗ​អស់​ទៅ​ ដាច់​តាម​ហ្នឹង​ ព្រោះ​ អត់​មាន​អ្នក​ចេះ។ ប៉ុន្ដែ​ខ្ញុំ​មាន​កូន​ខ្ញុំ​នៅ​តែ​បង្រៀនកូនខ្ញុំដែរ​ អត់​អោយ​ដាច់​ទេ​ »។

ការងារ​តម្បាញ​បាន​ក្លាយ​ជា​មុខ​របរ​បុរាណ​ដែល​ពលរដ្ឋខ្មែរ​ជា​ច្រើន​ ពិសេស​ស្រ្ដី​បាន​ចាប់​យក​ការងារ​ជាអ្នក​តម្បាញ​នៅ​តាម​ផ្ទះ​។ តែ​បច្ចុប្បន្ន​ពួកគាត់​មិន​ត្រឹមតែ​ត្បាញ​នៅ​តាម​ផ្ទះ​នោះទេ​ ប៉ុន្ដែ​ពួក​គាត់​ត្បាញ​អោយ​ក្រុមហ៊ុន​ ឬ​ម្ចាស់​សិប្បកម្ម​ផ្សេងៗ​ទៀត​ ដើម្បី​ជីវភាព​របស់​ពួក​គាត់​បាន​ប្រសើរ​ នឹង​ដើម្បី​ជៀសវាង​ ចំ​ណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​។

ស្រ្ដី​មាន​ការងារ​ជា​អ្នក​ត្បាញ​សូត្រ​បារម្ភ​ទៅ​ថ្ងៃ​មុខ​ថា​ ការងារ​នេះ​នឹង​បាត់បង់​ ហើយ​សូត្រ​ខ្មែរ​និង​លែង​មាន​អ្នក​ស្គាល់​ប្រសិនបើ​មិនមាន​អ្នក​ចាប់​អារម្មណ៍​ និង​ធ្វើ​ការ​អភិរក្ស​នោះ​៕

Add new comment

16 + 4 =

Please wait while the page is loading