អាជីវករថាការលក់ដូរក្នុងរដូវកាន់បិណ្ឌនេះ មានសភាពស្ងប់ស្ងាត់

សកម្មភាពទីផ្សារស្ងប់ស្ងាត់ ក្នុងរដូវកាន់បិណ្ឌ។

ឱកាសនៃការកាន់បិណ្ឌ និងភ្ជុំបិណ្ឌចូលមកដល់ សម្រាប់ប្រពៃណីជាតិខ្មែរ ការកាន់បិណ្ឌក្នុងឆ្នាំនេះ គឺចាប់ពីថ្ងៃទី៣ ខែកញ្ញានេះតទៅ។ ការលក់ដូររបស់អាជីវករ លក់ដូរនៅក្នុងផ្សារកណ្តាល រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរ ហាក់បីដូចជាមិនសូវទិញទំនិញច្រើននោះទេ ឆ្នាំនេះមានសភាពរៀងស្ងប់ស្ងាត់ជាងឆ្នាំមុន ដែលមិនមានវិបត្តិកូវីដ១៩។

អាជីវករមើលឃើញថា ដោយសារតែប្រជាពលរដ្ឋ ដែលធ្លាប់តែទិញទំនិញច្រើន បច្ចុប្បន្ននេះកាត់បន្ថយ ការទិញតិចតួចជាងមុន គាត់សន្សំសំចៃជាងមុន មិនសូវជាចំណាយច្រើន នៅក្នុងអំឡុងពេលវិបត្តិកូវីដ១៩នេះ។

អ្នកស្រី តូច គីមលី ជាអ្នកលក់មាន់ស្រស់ បានបញ្ជាក់ថា «ឆ្នាំនេះខុសឆ្នាំមុន​ ខុសត្រង់ថាលក់មិនដាច់ តាំងពីមានជំងឺកូវីដ១៩នេះមក សូម្បីតែថ្ងៃលក់ធម្មតាក៏ចាញ់ឆ្នាំមុនៗដែរ ហើយតម្លៃទំនិញក៏ចុះជាងឆ្នាំមុនៗដែរ»។

ចំណែកអ្នកលក់ផ្លែឈើមួយរូបទៀត អ្នកស្រី សួន គន្ធី បានបញ្ជាក់ថា «ក្នុងឆ្នាំនេះមនុស្សដើរផ្សារច្រើនតែគេ មិនសូវទិញ។ ក្នុងឆ្នាំនេះ ក៏យើងលក់មានការថយជាងមុនដែរ តែប្រសិនបើលក់អស់យើងទៅយកទៀត ក៏មិនអីដែរ»។

រីឯអ្នកលក់សាច់ជ្រូក លោក សុខ សំណាង បានបញ្ជាក់ថា ក្នុងឆ្នាំនេះមានមនុស្សដើរក្នុងផ្សារ តែពួកគាត់មិនទិញនោះទេ ប្រសិនបើគាត់ទិញក៏បន្ថយពាក់កណ្តាលដែរ។

ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌមានរយៈពេល១៥ថ្ងៃ ក៏អាជីវករនៅតែមានក្តីសង្ឃឹមចំពោះការលក់ដូរប្រចាំថ្ងៃរបស់ពួកគាត់។​ ពិធីបុណ្យកាន់បិណ្ឌក្នុងឆ្នាំនេះ បានចាប់ផ្តើមនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ៕

ដោយ សុផានិត

Add new comment

2 + 1 =