អាជីវកម្មលក់ដូរទំនិញសម្រាប់ភ្ជុំបិណ្ឌមានការកើនឡើង

សកម្មភាពលក់ដូរទំនិញមុនភ្ជុំបិណ្ឌ។

នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ពិធីបុណ្យធំទី២ប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា នឹងចូលមកដល់ នោះគឺបុណ្យភ្ជុំបិណ្ឌ។ តាមបណ្តាផ្សារទីកន្លែងលក់ដូរទំនិញ ជាច្រើនក្នុងរាជធានីភ្នំពេញ ហាក់មមាញឹកប្លែក ជារាល់ដង ក្នុងនោះយើងកត់សម្គាល់ឃើញថា ទាំងអ្នកលក់ និងអ្នកទិញ ហាក់ប្រញាប់ប្រញាល់លក់ដូរ និងទិញច្រើនជាងមុន។

ផ្សារអូឡាំពិក ជាផ្សារមួយធំក្នុងរាជធានីភ្នំពេញ មមាញឹកខ្លាំងក្នុងរដូវភ្ជុំបិណ្ឌនេះ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចប្រជាពលរដ្ឋហាក់រកចំណូលបានតិចជាងមុន។

លោក ខាំ ផល្លា ជាអាជីវករលក់ដូរសម្លៀកបំពាក់ ក្នុងផ្សារអូឡាំពិក បានបញ្ជាក់ប្រាប់ថា ៖«ក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ យើងគិតថាអាវស លក់បានច្រើន និងមានអតិថិជន មកច្រើន។ ក្នុងមួយថ្ងៃយើងអាចលក់បានចន្លោះ៥ ទៅ៦លានរៀល។ ក្នុងរយៈកាលកូវីដ១៩ យើងឃើញថា ចាញ់ឆ្នាំមុនរួចទៅហើយ ព្រោះបញ្ហាកូវីដ១៩ ធ្វើអោយអតិថិជន គ្មានលទ្ធភាពអាចទិញ របស់របរបាននោះទេ និងកាត់បន្ថយការចំនាយច្រើន»។

ទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ១៩ អាជីវកររូបនេះ បានបញ្ជាក់ថា ៖«ប្រជាជនខ្មែរយើងបានយកចិត្តទុកដាក់ខ្លាំងលើបញ្ហាជំងឺនេះ ហើយអាជីវករក៏មានការការពារច្រើន ចំពោះបញ្ហានេះ »។

ចំណែកអាជីវករ មួយរូបទៀត អ្នកស្រី សួរ សុវណ្ណ បានបញ្ជាក់ថា ក្នុងពេលវិបត្តិជំងឺនេះ ការលក់ដូររបស់របរទៅមុខធម្មតា។ អ្នកស្រី បានបញ្ជាក់ថា ការលក់ដូរក្នុងពេលនេះ អាចទទួលបានខ្ទង់ប្រហែល១៤លានរៀលក្នុងមួយថ្ងៃ ក្នុងរដូវភ្ជុំបិណ្ឌ តែប្រសិនបើថ្ងៃធម្មតា ប្រហែលជាចន្លោះពី២ ទៅ៣លានរៀលតែប៉ុណ្ណោះ។

អ្នកស្រី សួរ សុវណ្ណ បានបន្តថា ៖«ចាប់តាំងពីកើតជំងឺកូវីដ១៩នេះ មក អាជីវករក្នុងផ្សារតែងតែប្រើប្រាស់នូវអាល់កុល ហើយម៉ាសតែងតែពាក់ជាប្រចាំ តែបច្ចុប្បន្នការការពាររៀងស្បើយជាងមុន ដោយសារតែស្ថានភាពជំងឺរៀងធូរស្រាល»។

ចំណែកអាជីវករមួយរូបទៀត លោក សុខ ធី បានថ្លែងបញ្ជាក់ថា ក្នុងស្ថានភាពនៃជំងឺកូវីដ១៩ ការលក់ដូរខុសប្លែកគ្នាខ្លាំង ការលក់ដូរប្រចាំថ្ងៃធ្លាក់ចុះ ហើយការទទួលយករបស់របរសម្រាប់លក់ដូរប្រចាំថ្ងៃ មិនសូវនឹងទទួលយកមកលក់ច្រើនដូចពីពេលមុនមានជំងឺនេះទេ។

លោក សុខ ធី បញ្ជាក់ថា ៖«ក្នុងពេលភ្ជុំបិណ្ឌនេះ ការលក់ដូរដាច់ច្រើនជាងពេលធម្មតា ព្រោះតែស្ថានភាពទីផ្សារនៅពេលមានបុណ្យទានមានការលក់ដូរដាច់ច្រើន»។

ពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០២០នេះ នឹងចូលមកដល់ចាប់ពីថ្ងៃទី ១៦ ដល់១៨ ខែកញ្ញា ឆ្នាំ២០២០ខាងមុខ។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏នៅតែក្រើនរំលឹកប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរទៅកាន់ស្រុកកំណើត ឬទីកន្លែងកម្សាន្តនានា ត្រូវប្រកាន់ភ្ជាប់នូវវិធានសុវត្ថិភាព ដូចជាប្រើប្រាស់អាល់កុល ពាក់ម៉ាសការពារ​និងរក្សាគម្លាតសុវត្ថិភាពបុគ្គលគ្រប់ៗរូប៕

Add new comment

13 + 7 =