
ស៊ីម៉ា អ៊ី មហាឧបរាជនគរវ៉ៃសម័យសាមកុក
ស៊ីម៉ា អ៊ី កើតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២៥១។ លោកគឺជាអ្នកយុទ្ធសាស្រ្តចិននៃយុគសម័យនៃចុងបញ្ចប់រាជ្យវង្ស ហាន និងសម័យសាមកុក។ មុនដំបូងលោកបម្រើការជាឧបរាជឲ្យឆាវឆាវ បន្ទាប់មកឲ្យក្សត្រនៃរាជវង្សនគរវ៉ៃ។ ចៅរបស់លោក គឺស៊ីម៉ា យាន បានឡើងកាន់អំណាច និង បង្កើតរាជវង្ស ជីន។
ស៊ីម៉ា អ៊ី មានឈ្មោះមួយទៀតថា ចុងតា។ ស៊ីម៉ា អ៊ី គឺស្ថិតនៅក្នុងគ្រួសារមួយដែលមានបងប្អូន ប្រុសស្រី ៨នាក់។ គ្រួសាររបស់លោករស់នៅទីក្រុងលួយ៉ាង នៅពេលដែលតុង ជួ កំពុង គ្រប់គ្រងទីក្រុង ហើយតុងជួរ កំទេចទីក្រុងនេះ និងផ្លាស់រាជធានីទៅកាន់ ឆានអាន។ ស៊ីម៉ា ឡាង បងប្រុសច្បងរបស់ស៊ីម៉ា អ៊ី បានដឹកនាំគ្រួសារទាំងមូលទៅនៅលើដីរបស់បុព្វបុរស របស់ពួកគេ នៅស្រុក វេន។ នៅពេលទៅដល់កន្លែង ស៊ីម៉ា អ៊ីពិនិត្យមើលស្ថានភាពតំបន់ និង ព្យាករថា ទីកន្លែងនោះនឹងក្លាយជាសមរភូមិប្រយុទ្ធ។ លោកក៏បានផ្លាស់គ្រួសារទៅកាន់ទីក្រុង លីយ៉ាង មុនបន្តិចមុនការទស្សទាយរបស់លោកក្លាយជាការពិត។ នៅឆ្នាំ១៩៤ នៅពេល ឆាវឆាវ យកជ័យជម្នះលើលីពូ បាន ស៊ីម៉ា អ៊ី បានដឹកនាំគ្រួសាររបស់លោក ត្រឡប់មកស្រុក វេនវិញ។
បន្ទាប់ពីបម្រើការងារ ជាមន្រ្តីធំ ឲ្យត្រកូលឆាវ អស់រយៈពេលជាច្រើនឆ្នាំ នៅឆ្នាំ២៤៧ លោកស៊ី ម៉ាអ៊ី ដឹងអំពីភាពគ្មានអំណាចរបស់លោក លោកបានក្លែងខ្លួនឈឺធ្ងន់ និងបានដកខ្លួនពីជីវិតសាធារណៈ។ ដោយការសង្ស័យ ឆាវស្ហ័ង ដែលជាមេបញ្ជាការយោធាជាន់ខ្ពស់ត្រកូលឆាវ បញ្ជូនលី ស្ហេង ទៅសួរសុខទុក្ខស៊ីម៉ា អ៊ី ដើម្បីចង់ដឹងសភាពថា ឈឺពិតមែន ឬយ៉ាងណា? ស៊ីម៉ា អ៊ី មិនឈឺទេ តែក៏ដឹង ហើយប្រើឱកាសនៃការសួរសុខទុក្ខនេះ និងបញ្ឆោត លី ស្ហេង ថា ខ្លួនគាត់ពិតជាឈឺពិតមែនដោយជំងឺមនុស្សចាស់ ហើយជិតស្លាប់។
នៅឆ្នាំ២៤៩ ស៊ីម៉ា អ៊ី សម្រេចចិត្តបញ្ជេញសកម្មភាព។ នៅខណៈដែល ឆាវ ហ្វាង ព្រះរាជាអាយុ ៨ឆ្នាំ ត្រកូលឆាវ និងឆាវ ស្ហ័ង បានទៅមើលផ្នូរអតីតព្រះរាជាមុន ឆាវ រួយ ស៊ីម៉ា អ៊ី បានបញ្ជាឲ្យបិទទ្វារទាំងអស់នៃក្រុងលួ យ៉ាង ដោយក្លែងថា បានទទួលបញ្ជាឲ្យធ្វើដូច្នេះ ពីម្ចាស់ក្សត្រី ដោយមានការគាំទ្រពីមន្ត្រីមួយចំនួនដែលប្រឆាំងនឹងឆាវ ស្ហ័ង។ បន្ទាប់មក ស៊ីម៉ា អ៊ី បានថ្វាយរបាយការណ៍ទៅកាន់ព្រះរាជា ឆាវ ហ្វាង ដែលលោកចោទ ឆាវ ស្ហ័ងថា ចង់ដណ្តើមអំណាច និងធ្វើឲ្យរដ្ឋាភិបាលពុករលួយ និងសុំឲ្យដកតំណែង ឆាវ ស្ហ័ង និងសាច់ញាតិ។ នៅពេលឮដូច្នេះ ឆាវ ស្ហ័ង ច្របូកច្របល់ និងមិនដឹងប្រតិកម្មយ៉ាងម៉េច? ហ័ន ហ្វាង ទីប្រឹក្សាសំខាន់ បានផ្តល់យោបល់ឲ្យនាំឆាវ ហ្វាង ទៅជាមួយ និងនាំទៅស៊ូឆាង ដែលជារាជធានីទី២ របស់នគរវ៉ៃ និងបោះមូលដ្ឋានកងកម្លាំងដើម្បីតស៊ូជាមួយស៊ីម៉ា អ៊ី។ ប៉ុន្តែឆាវ ស្ហ័ង បោះបង់ទាហានខ្លួន និងអំណាច បន្ទាប់ពីស៊ីម៉ា អ៊ី បានសន្យាជាមួយគាត់ថា គាត់អាចបន្តមានជីវិតសម្បូរសប្បាយសោយសុខ។ ប៉ុន្តែ ស៊ីម៉ា អ៊ីបានក្បត់សន្យាគាត់ភ្លាមៗ និងប្រហារជីវិត ឆាវ ស្ហ័ង និងបរិវារ ព្រមទាំងអ្នកក្រោមបង្គាប់ ដោយចោទប្រកាន់ថា ក្បត់នគរ។
យោងតាមទ្រឹស្តីមួយ ដែលមិនទាន់ឯកភាពទាំងស្រុង គឺថា មនុស្សមួយចំនួនគិតថាស៊ីម៉ា អ៊ី មានគោលបំណងកម្ចាត់ត្រកូលឆាវ ចាប់តាំងពីគាត់ចូលបម្រើឆាវឆាវដំបូងម្ល៉េះ។ ឆាវឆាវ ធ្លាប់បានប្រាប់កូន ឆាវ ពីថា ស៊ីម៉ា អ៊ី មានមហិច្ចតាលាក់កំបាំង ហើយគាត់មិនសប្បាយចិត្តនឹងបម្រើអ្នកដទៃទេពេញមួយជីវិតរបស់គាត់។
ស៊ីម៉ា អ៊ី បានស្លាប់ដោយជំងឺជរា នៅឆ្នាំ២៥១ ក្រោយបន្តិចបន្ទាប់ពីការបះបោរប្រឆាំងត្រកូលឆាវ ហើយបានធានាឲ្យមានការក្តោបក្តាប់អំណាចរបស់ត្រកូលស៊ីម៉ា នៅលើនគរ វ៉ៃ។ កូនប្រុស របស់គាត់ ស៊ីម៉ា ស៊ឺ ជាអ្នកស្នងតំណែងរបស់គាត់។

Add new comment