សុទិដ្ឋនិយមចំពោះវិធានការថ្មីនៃការជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងពេលវិបត្តិជំងឺកូវីដ១៩

ប្រជាពលរដ្ឋក្រីក្រដែលនឹងទទួលបានសាច់ប្រាក់ពីរដ្ឋ។

 

លោកស្រីព្រហ្ម ពេជ្រមុន្នី​ ចៅសង្កាត់និរោធក្រុងភ្នំពេញបានមានប្រសាសន៍ថា ៖ «ក្នុងនាមជាអាជ្ញាធរខ្ញុំសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្របំផុត ក្នុងពេលវិបត្តិជំងឺកូវីដ១៩ ព្រោះថាប្រជាពលរដ្ឋដែលមានកូនចៅដែលបាត់បង់ការងារធ្វើក្នុងពេលជំងឺនេះ ពេលជួបដូច្នេះ គាត់ខ្វះខាត នៅពេលឃើញរដ្ឋាភិបាលជួយដូច្នេះ ខ្ញុំគាំទ្រ ខ្ញុំអរគុណជំនួសប្រជាពលរដ្ឋខ្ញុំ នៅក្នុងសង្កាត់ដែលជាមួយផ្នែកធំទំរាំគាត់មានឱកាសធ្វើការវិញដើម្បីឱ្យគាត់មានជីវភាពធម្មតាវិញ»។

ជុំវិញ​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រនិង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ជំងឺ​កូ​វីដ​១៩​នេះ លោក ឈួ​រ សុ​បញ្ញា ជា​ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គមនៃ​ក្រសួង​សង្គមកិច្ច ​អតីតយុទ្ធជន និងយុវនីតិសម្បទា ​បាន​បញ្ជាក់ថា​ គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ទាំងអស់​ដែល​មាន​បណ្ណ​សមធម៌​មាន​សុពលភាព ​ត្រូវតែ​យក​បណ្ណ​សមធម៌​នោះ​ទៅសាលាឃុំ-​សង្កាត់​ដើម្បី​ផ្ទៀងផ្ទាត់​ជាដាច់ខាត និង​បន្ទាប់មក​អាច​កាន់​បណ្ណ​សមធម៌​នោះ​ដើម្បី​ទៅ​បើក​ថវិកា​នៅ​ទីភ្នាក់ងារ​វី​ង​។ ​លោក​បញ្ជាក់​ដែរថា ​ការ​ផ្ទៀងផ្ទាត់​បណ្ណ​សមធម៌​នេះ​អាចធ្វើ​ឡើង​នៅ​គ្រប់​សាលាឃុំ-សង្កាត់ ​និង​អាច​ទទួល​បាន​ថវិកា​នៅ​គ្រប់​ភ្នាក់ងារ​វី​ង​ចាប់ពី​សប្ដាហ៍​ទី៤​ ខែមិថុនា​ឆ្នាំ​២០២០​នេះ​។

ប្រធាន​នាយកដ្ឋាន​រូបនេះ​ បានបញ្ជាក់​ទៀតថា​ ក្នុងករណី​បើក​ថវិកា​ពុំបាន ពួកគាត់​ត្រូវ​ទៅ​សុំ​ជំនួយ​ពី សាលាឃុំ-សង្កាត់​ដើម្បី​ជួយ​ដោះស្រាយ ​ហើយ​ក្នុង​ករណី​ដំណោះស្រាយ​មិន​ចេញ​នោះ​មន្ត្រី​ក្រសួង​សង្គមកិច្ច​នឹង​បន្ត​ជួយ​ដើម្បី​ធានាថា ​គ្រប់​គ្រួសារ​ក្រីក្រ​ដែល​មាន​បណ្ណ​សមធម៌​មាន​សុពលភាព​ ពិតជា​ទទួល​បាន​អត្ថប្រយោជន៍​មួយ​នេះ​ពី​រដ្ឋាភិបាល​។

ចំណែកលោក ប្រាក់ សុជាតិ ជាប្រជាពលរដ្ឋបាននិយាយថា «បើពលរដ្ឋអ្នកមានគាត់មិនខ្វះខាតទេក្នុងពេលនេះ តែបើប្រជាពលរដ្ឋក្រីក្រវិញគាត់ប្រាកដណាស់ជាលំបាក ដោយសារម្ហូបអាហារ ត្រូវប្រើថវិការ ចុះបើពេលនោះ គាត់រកថវិការមិនបាន វាជួបផលលំបាកច្រើន»។

ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រងគ្រោះ​ក្នុងកំឡុងពេល​ជំងឺ កូ​វីដ​១៩​នេះ នឹង​អនុវត្ត​ជា​ដំណាក់កាល ដោយ​ដំណាក់កាល​ទី១​នេះ អនុវត្ត​ក្នុង​រយៈពេល២​ខែ គឺ​សម្រាប់​ខែមិថុនា​និង​ខែកក្កដា​ខាងមុខ​។ ​ចំនួន​ថវិកា​ដែល​នឹង​ផ្តល់ជូន​ដល់​គ្រួសារ​នីមួយៗ ​មាន​ភាពខុសគ្នា​ទៅតាម​កម្រិត​នៃ​ភាពក្រីក្រ ​ទីតាំង​រស់នៅ​របស់​គ្រួសារ​នីមួយៗ​ផងដែរ​។ ​សម្រាប់​កម្រិត​គ្រួសារ​ដែល​បែងចែកគឺ​មាន​២​ប្រភេទ គឺ​ក្រីក្រ​កម្រិត​១​និង​ក្រីក្រ​កម្រិត២ រីឯ​ទីតាំង​រស់នៅ​វិញ​បែង​ចែកជា៣ គឺ​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ ​ទីប្រជុំជន​ក្រៅពី​រាជធានី​ភ្នំពេញ​ និង​នៅ​ជនបទ​។ ​សម្រាប់​ថវិកា​ដែល​គ្រួសារ​នីមួយៗ​នឹង​ទទួលបាន ​មាន​ចំនួន​ចាប់ពី ៨​ម៉ឺន​រៀល​ទៅ​១២​ម៉ឺន​រៀល​ក្នុង​មួយខែ​ ដោយ​អាស្រ័យ​លើ​ទីតាំង​រស់នៅ​ និង​កម្រិត​ក្រីក្រ​របស់​ពួកគាត់ ​លើសពីនេះ​ក៏​មាន​ការឧបត្ថម្ភ​ថវិកា​បន្ថែមទៀត ​ទៅតាម​ចំនួន​សមាជិក​ក្នុង​គ្រួសារ កុមារ​ចាប់ពី​អាយុ០​ទៅ​៥​ឆ្នាំ ជន​មាន​ពិការភាព មនុស្ស​ចាស់​អាយុ​ចាប់ពី៦០​ឆ្នាំ​ឡើងទៅ ​និង​សមាជិកគ្រួសារ​ដែល​ផ្ទុក​មេរោគ​អេដស៍។

យ៉ាងណាក៏ដោយ​កម្មវិធី​ជំនួយ​សង្គម​នេះ ​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​១២៥​លាន​ដុល្លារ​រួចហើយ​សម្រាប់​គោលដៅ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ ​ក្នុង​គម្រោង​រយៈពេល​៥​ខែ ក្នុង​អំឡុងពេល​វិបត្តិ​កូ​វីដ​នេះ​ ហើយ​ប្រសិនបើ​កូ​វីដ​១៩​នៅតែ​អូសបន្លាយ​ ក៏​គម្រោង​នេះ​ នឹង​បន្ត​ផងដែរ​៕

 ដោយ P.និត

Add new comment

1 + 0 =