សិប្បករខ្មែរស្នើប្រជាពលរដ្ឋគាំទ្រស្នាដៃដោយដៃ

លោកស្រី ហ៊ើ រ៉ាម៉ាណែត (Ramaneth Heur) ម្ចាស់សិប្បកម្ម Ramaneth Gems and Souvenir សំណូមពរប្រជាពលរដ្ឋខ្មែរចាប់អារម្មណ៍ និងងាកមកប្រើផលិតផលខ្មែរទាំងអស់ រាប់បញ្ជូលទាំងចម្លាក់ សូត្រ និងអ្វីៗទាំងអស់ដែលផលិតដោយប្រជាសិប្បករខ្មែរ។

ថ្លែងនៅពិព័ណផលិតផលខ្មែរ ដែលបានដាក់តាំងនៅព្រឹត្តិការកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ បន្ថែមថា បន្តជំរុញរាជរដ្ឋាភិបាលកម្ពុជាបន្តជំរុញ និងស្វែងរកទីផ្សារអោយកាន់តែទូលំទូលាយបន្ថែមទៀត។

លោកស្រី ហ៊ើ រ៉ាម៉ាណែត ថ្លែងបញ្ជាក់ថា ៖«រាជរដ្ឋាភិបាលបានជួយសំរួលគ្រប់បែបយ៉ាង រាប់ទាំងការដឹកឥវ៉ាន់ចូល និងបានជួយលើកទឹកចិត្តអាជីវករបន្តផលិតដាក់តាំងបង្ហាញស្នាដៃ ដែលផលិតឡើងដោយដៃរបស់ប្រជាសិប្បករខ្មែរ»។

ម្ចាស់សិប្បកម្មរូបនេះ បន្ថែមថា រាល់វត្ថុសិល្បៈដែលផលិតឡើងដោយដៃសុទ្ធតែមានបញ្ហាប្រឈម ដែលផលិតឡើងពីស្ពាន់លឿង និងការនាំចេញទៅកាន់ទីផ្សារនៅមានកម្រិត ព្រមទាំងការនាំចេញ ការទទួលស្គាល់របស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់នៅមិនទាន់បានបើកចំហ។

លោកស្រី ហ៊ើ រ៉ាម៉ាណែត បន្តថា ៖«ចម្លាក់ដែលបានយកចេញពីឃុំកំពង់ហ្លួង សុទ្ធតែជាការងារបន្តពីគ្រួសារ មានឪពុកម្តាយ ក្មេងៗជាស្រីឬលោកគ្រូអ្នកគ្រូ មានគ្រប់សណ្ឋាន ដែលបង្កើតឡើងជាមុខរបបបន្តជំនាន់ពីមួយទៅមួយទៀត»។

លោកស្រី ហ៊ើ រ៉ាម៉ាណែត សង្ឃឹមថាវប្បធម៌របស់ខ្មែរ វត្ថុដែលផលិតដោយដៃនៅតែបន្តរក្សាទុក រហូតដល់អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរចូលរួមប្រើប្រាស់វត្ថុធ្វើដោយដៃទូលំទូលាយ។

សូមជម្រាបថាប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងនោះមានការដាក់តាំងបង្ហាញវត្ថុឬផលិតផលដែលផលិតដោយប្រជាពលរដ្ឋខ្មែរសម្រាប់ចែកជូនភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសគណៈប្រតិភូដែលអញ្ជើញមកចូលរួមកិច្ចប្រជុំ៕

Add new comment

2 + 8 =