លោកអនតូនីញ៉ូ ហ្គូទែរ៉េស ប្រមុខអង្គការសហប្រជាជាតិ

លោកអនតូនីញ៉ូ ម៉ានូអែល ដឺ អូលីវ៉េរ៉ា ហ្គូទែរ៉េស កើតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៤៩ នៅទីក្រុងលីស្បូន ប្រទេសព័រទុយហ្គាល់។ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស គឺជារដ្ឋបុរសព័រទុយហ្គាល់។ លោកបានក្លាយជាអគ្គលេខាអង្គការសហប្រជាជាតិតាំងពីថ្ងៃទី១ មករា ឆ្នាំ២០១៧ ផងដែរ។
បន្ទាប់ពីបានទទួលពានរង្វាន់ជាតិនៅវិទ្យាល័យនៅឆ្នាំ១៩៦៥ លោកអនតូនីញ៉ូ ហ្គូទែរ៉េស បានចុះឈ្មោះចូលរៀននៅវិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់ ព័រទុយហ្គាល។ នៅអំឡុងពេលសិក្សា លោកបានចូលរួមធ្វើសកម្មជន យុវជនកាតូលិកសកលវិទ្យាល័យ។ លោកទទួលបាន រិញ្ញាបត្រវិស្វករអេឡិចត្រូនិចនៅឆ្នាំ១៩៧១ និងចាប់ផ្តើមធ្វើការជាសាស្រ្តាចារ្យជំនួយនៅវិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់ ដោយលោកគឺជាអ្នកបង្រៀនទ្រឹស្តីនៃប្រព័ន្ធ និងសញ្ញាទូរគមនាគមន៍។

 

ក្រៅពីភាសាព័រទុយហ្គាល់ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស អាចនិយាយភាសាអង់គ្លេស បារាំង និងអេស្ប៉ាញបានយ៉ាងរលូន។ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧២ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានរៀបការជាមួយអ្នកស្រី ល្វីហ្សា អាម៉េលៀ ហ្គីម៉ារ៉ាអេស។ អាពាហ៍ពិពាហ៍របស់លោកបានផ្តល់កំណើតដល់បុត្រពីរនាក់ គឺពេដ្រូ នៅឆ្នាំ១៩៧៧ និងម៉ារីយ៉ាណា នៅឆ្នាំ១៩៨៥។ ភរិយារបស់លោកបានស្លាប់ដោយជំងឺមហារីកនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៩៨ នៅទីក្រុងឡុង។ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានរៀបការលើកទី២ នៅ ៣ឆ្នាំ ក្រោយមកទៀត នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០០១ ជាមួយនឹងអ្នកស្រី កាតារីណា ដឺ អាល់ម៉េដា វ៉ាស ពីនតូ។ អ្នកស្រីគឺជាអភិបាលរងរដ្ឋធានីលីស្បូន ដែលទទួលបន្ទុកខាងវប្បធម៌ និងទំនាក់ទំនងអន្តរជាតិ។ 

នៅឆ្នាំ១៩៧៣ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានចូលរួមទៅក្នុងគណបក្សសង្គមនិយម។ ដោយត្រូវបានបោះឆ្នោតជាប់ជាតំណាងរាស្រ្តរវាងឆ្នាំ១៩៧៦ និងឆ្នាំ១៩៨៣ លោកបានក្លាយជាប្រធានក្រុមសភាសង្គមនិយមនៃសភាសាធារណៈរដ្ឋព័រទុយហ្គាលនៅឆ្នាំ១៩៨៨។ នៅឆ្នាំ១៩៩២ លោកបានយកជ័យជម្នះលើលោក ច័ក សំប៉ៃអូ និងត្រូវបានគេជ្រើសតាំងធ្វើជាប្រធានសភា។

លោកបានប្រមូលផ្តុំគណបក្សលោក ហើយកេងចំណេញពីការចុះខ្សោយរបស់ក្រុមកណ្តាលស្តាំនិយម និងបានចាប់យកសម្លេងភាគច្រើនដាច់ខាតសម្រាប់ការបោះឆ្នោត នីតិបញ្ញត្តិកាលពីខែតុលាឆ្នាំ១៩៩៥ នៅប្រទេសព័រទុយហ្គាល់។ នៅក្រោមអណត្តិដំបូងរបស់លោក ប្រទេសព័រទុយហ្គាល់បានចូលរួមជាមួយសហភាពអឺរ៉ុប។ ព័រទុយហ្គាល់ រៀបចំការតាំងពិព័រពិភពលោក និងធានាឲ្យមានការបង្កើតសហគមន៍ក្រុមប្រទេសនិយាយភាសាព័រទុយហ្គាល់ ជាមួយនឹងគោលបំណងជំរុញឲ្យមានកំណើនសេដ្ឋកិច្ច និងប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។
លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានជាប់ការបោះឆ្នោតនីតិបញ្ញត្តិអណត្តិទី២ កាលពីខែតុលា ឆ្នាំ១៩៩៩។ ក្នុងអណត្តិទី២ នេះ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានធ្លាក់ប្រជាប្រិយភាព ដោយសារប្រទេសព័រទុយហ្គាលបានជួបប្រទះការលំបាកខាងសេដ្ឋកិច្ចជាខ្លាំង។

នៅឆ្នាំ២០០៤ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស ត្រូវបានគេទស្សន៍ទាយថា ធ្វើជាបេក្ខភាពប្រធានាធិបតីព័រទុយហ្គាល់សម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០០៦ ប៉ុន្តែលោកបានបញ្ចប់មហិច្ចតាទាំងអស់របស់លោកនៅក្នុងប្រទេស នៅឆ្នាំ២០០៥។ នៅពេលនេះដែរ លោកកូហ្វី អាណាន់ដែលជាអគ្គលេខាអង្គការសហប្រជាជាតិ បានតែងតាំងរូបលោកជាស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន ឬ (HCNUR)។ លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានកាន់កាប់មុខតំណែងនេះពីរអណត្តិដែលមានរយៈពេល ៥ឆ្នាំ។

លុះថ្ងៃ១៣ ខែតុលា ឆ្នាំ២០១៦ សមាជទូទៅនៃអង្គការសហប្រជាជាតិ បានតែងតាំងរូប  លោកអន់តូនីញ៉ូ ហ្គូទែរ៉េស ជាអគ្គលេខាដើម្បីបន្តពីលោកបាន គីមូន ដែលត្រូវផុតអណត្តិនៅថ្ងៃទី១ មករា ឆ្នាំ២០១៧។ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ លោកអនតូនីញ៉ូ ហ្គូទែរ៉េស គឺជាអគ្គលេខាអង្គការសហប្រជាជាតិទី១ ដែលបានទៅចូលរួមសភាពេញអង្គនៃសមាជជនជាតិជ្វីបពិភពលោក ដែលលោកបានប្រកាស ៖ “ទម្រង់សម័យទំនើបនៃលទ្ធិស្អប់ជនជាតិជ្វីបគឺបដិសេធអត្ថិភាពនៃរដ្ឋអ៊ីស្រាអែល”។

Add new comment

7 + 0 =