
លោកកេស៊ូកេ ហុងដា តារាបាល់ទាត់ល្បីល្បាញនៅទ្វីបទាំងបួន
លោកកេស៊ូកេ ហុងដា កើតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៨៦ នៅទីក្រុងសេតស៊ូ ខេត្តអូសាកា ប្រទេសជប៉ុន។ លោកគឺជាតារាបាត់ទាត់អន្តរជាតិជនជាតិជប៉ុនដែលលេងក្នុងខ្សែបម្រើកណ្តាល។
លោកកេស៊ូកេ ហុងដា អាចលេងបាល់បានគ្រប់តំណែងនៅលើទីលានបាល់ទាត់ លោកក៏អាចលេងបានសម្រាប់ជំនួយខ្សែប្រយុទ្ធ និងស្លាប។ លោកមានឈ្មោះល្បីល្បាញដោយសក្តានុពលថាមពលវាយប្រហារដូចព្យុះ ជាមួយនឹងបាល់អណ្តែត។
ពីដំបូងឡើយ លោកកេស៊ូកេ ហុងដា ចាប់ផ្តើមលេងបាល់នៅក្នុងក្លឹបក្នុងស្រុក ក្លឹប សេតស៊ូ នៅពេលដែលលោកនៅជាសិស្សបឋមនៅឡើយ។ បន្ទាប់មកលោកបានចូលរួមនៅក្នុងក្លឹបយុវជន Gamba Osaka។
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១០ លោកកេស៊ូកេ ហុងដា ត្រូវបានជ្រើសរើសដោយលោកគ្រូបង្វឹកជម្រើសជាតិជប៉ុនដើម្បីចូលលេងនៅក្នុងពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១០។
លេងក្នុងក្រុមជាមួយប្រទេសហូឡង់ កាមឺរូន ដាណឺម៉ាក ដែលអ្នកជំនាញគិតថា មានការលំបាកសម្រាប់ក្រុមជប៉ុន តែជប៉ុនបានធ្វើលេចធ្លោ ដោយសារលោកកេស៊ូកេ ហុងដា បានធ្វើឲ្យក្រុមជម្រើសជាតិជប៉ុនទទួលបានលទ្ធផលល្អ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Asahi លោកកេស៊ូកេ ហុងដា បានបញ្ជាក់ថា អ្វីដែលលោកចង់ គឺចង់ក្លាយជាអ្នកលេងបាល់ទាត់ដែលខ្សែការពាររបស់គូប្រកួតស្អប់បំផុត។ នៅថ្ងៃទី១៤ មិថុនា សម្រាប់គូប្រកួតទីមួយនៃពានរង្វាន់បាល់ទាត់ពិភពលោក លោកកេស៊ូកេ ហុងដា បានស៊ុតបញ្ចូលទីរកបាន ៣គ្រាប់ ទល់នឹងក្រុមតោព្រៃ កាមឺរ៉ូន ហើយក្រោយមកជប៉ុនឡើងដល់វគ្គ ៨ក្រុមចុងក្រោយ។
នៅឆ្នាំ២០១១ លោកកេស៊ូកេ ហុងដា បានជួយឲ្យក្រុមជប៉ុនឈ្នះពានរង្វាន់បាល់ទាត់ អាស៊ី លើកទី៤ ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ជប៉ុន ទល់នឹងក្រុមអូស្រ្តាលី។ នេះបានធ្វើឲ្យក្រុមជប៉ុនក្លាយជាក្រុមខ្លាំងមួយប្រចាំទ្វីបអាស៊ី។
នៅឆ្នាំ២០១២ នៅអំឡុងជុំទី៤ នៃដំណាក់កាលវគ្គជម្រុះសម្រាប់ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៤ លោកកេស៊ូកេ ហុងដា ស៊ុតបញ្ចូលទី បាន ៣គ្រាប់ ទៅលើក្រុមហ្ស៉កដានី ដែលលទ្ធផលចុងក្រោយ ជប៉ុន ៦ ហ្ស៉កដានី ០។ នៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៣ ទល់នឹងក្រុម អូស្រ្តាលី លោកកេស៊ូកេ ហុងដា ស៊ុតបញ្ចូលទី បានស៊ុត១គ្រាប់ ដោយបាល់ប៉េណាំងទី ដែលធ្វើឲ្យជប៉ុនអាចចូលលេងនៅពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០១៤។
ក្រោយពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ លោកកេស៊ូកេ ហុងដា បានក្លាយជាតារាបាល់ទាត់ជប៉ុនទី១ ដែលស៊ុតបញ្ចូលទីយ៉ាងហោចណាស់ បាន ១គ្រាប់ នៅរាល់ពានរង្វាន់បាល់ទាត់ពិភពលោក ម្តងៗ សម្រាប់ពាន់រង្វាន់បាល់ទាត់ពិភពលោកចំនួន ៣ ផ្សេងៗ គ្នា។
សម្រាប់បទពិសោធន៍ជាគ្រូបង្វឹកលើកទី១ លោកកេស៊ូកេ ហុងដា បានធ្វើជាគ្រូបង្វឹកឲ្យក្រុមកម្ពុជា ហើយជួយឲ្យក្រុមកម្ពុជារីកចម្រើនជាខ្លាំង។
ចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ លោកកេស៊ូកេ ហុងដា ជាមួយបងប្អូនរបស់លោក លោកហ៊ីរ៉ូយូគី និងយូជី បានក្លាយជាម្ចាស់ភាគហ៊ុន ៤៩% នៃក្លឹបបាល់ទាត់អូទ្រីស SV Horn តាមរយៈក្រុមហ៊ុនរបស់លោក Honda ESTILO។
ប្រៀបធៀបជាមួយ លោកកាហ្ស៊ូយ៉ូស្ហ៊ី មីអ៊ុយរ៉ា ដែលជាវរបុរសបាល់ទាត់ជប៉ុន លោកកេស៊ូកេ ហុងដា គឺជាតារាបាល់ទាត់មានទេព្យកោសល្យដ៏កម្រម្នាក់ ដែលត្រូវបានគេវាយតម្លៃខ្ពស់នៅទ្វីបទាំង ៤ផ្សេងៗ គ្នា។ លោកកេស៊ូកេ ហុងដា ក៏លេងឲ្យសហព័ន្ធបាល់ទាត់ចំនួន ៤ផ្សេងៗ គ្នា មានដូចជា AFC, UEFA, CONCACAF និង COMMEBOL។


Add new comment