ពលរដ្ឋចាប់ផ្តើមចេញធ្វើដំណើរក្រោយការបើកប្រទេសពេញលេញ

រយៈពេល២សប្តាហ៍មកនេះ នៅតាមដងផ្លូវសាធារណៈ ទីផ្សារ សួនច្បារ និងកន្លែងទីតាំងសាធារណៈផ្សេងៗទៀត មានមនុស្សច្រើនកុះករ ចេញធ្វើដំណើរកម្សាន្តច្រើនខុសប្លែកពីសព្វមួយដង ក្រោយការបិទប្រទេសអស់រយៈពេល២ឆ្នាំមកនេះ។

វិបត្តិជំងឺសកលកូវីដ១៩ បានធ្វើឱ្យមានសម្ពាធទាំងផ្នែកសេដ្ឋកិច្ច សង្គម មិនថារដ្ឋាភិបាល ឬក៏ប្រជាជននោះទេ។ មួយរយៈចុងក្រោយនេះ ទិដ្ឋភាពទូទៅនៅសួនច្បារមុខព្រះបរមរាជវាំង បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញ ប្រជាពលរដ្ឋនាំគ្នាយ៉ាងច្រើនកុះករ មកកម្សាន្តនៅសួនសាធារណៈ។

ពួកគាត់និយាយ​ថា ពិតជាសប្បាយចិត្ត និងមានអារម្មណ៍ស្រស់ថ្លានៅពេលដែលប្រទេសជាតិ បានបើកដំណើរការ និងបាននាំកូនចៅមកកម្សាន្តបែបនេះ ពីព្រោះថាមួយ​រយៈ​ធំនេះ មិន​បានចេញលំហែលក្ខណៈទ្រង់ទ្រាយធំបែបនេះជាយូរមកហើយ ហើយ​ក៏នៅតែមិនភ្លេចចំពោះវិធានការ៣ការពារ និង៣កុំនោះទេ ព្រមទាំងរៀនរស់នៅតាមគន្លងថ្មីនេះ។

លោកស្រី នួន សុភី ជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានថ្លែងថា ៖«បិទប្រទេសយូរហើយ មិនដែលបាននាំកូនមកលេងកន្លែងសាធារណៈបែបនេះនោះទេ។ ការបើកប្រទេសឡើងវិញ ធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្ត ពិសេសកូនៗគាត់បានចូលរៀននៅក្នុងសាលារៀនវិញ។ ប៉ុន្មានថ្ងៃនេះ ខ្ញុំបានមកមុខវាំង វិមានឯករាជ្យ ផ្សារទំនើប»។

លោកស្រី នួន សុភី បានបន្តថា ទោះបីជាស្ថិតក្នុងស្ថានភាពស្ទើរតែមួយរយភាគរយ នៃដំណើរការឡើងវិញស្ទើរគ្រប់វិស័យ ក៏គ្រួសារអ្នកស្រី ប្រកាន់ភ្ជាប់នូវវិធានការសុវត្ថិភាព​របស់ក្រសួងសុខាភិបាលជានិច្ច។ ហើយប្រជាពលរដ្ឋត្រូវតែចូលរួមវិធានការបែបនេះបន្តទៀត ដើម្បីប្រទេសកម្ពុជាវិលមកសភាពធម្មតា។

លោក ផ្លុន ចិត្រា ជាប្រជាពលរដ្ឋ បានថ្លែងថា ៖«កូវីដនេះមានផលលំបាកណាស់ កូនមិនដែលបានចេញទៅក្រៅផ្ទះ ហើយយើងនៅផ្ទះក៏អប្សុក នៅពេលគេ បើដូច្នេះកូនបានមកលំហែ មកលេងសួនច្បារ។ ជាឪពុកម្នាក់នៅពេលឃើញកូនសប្បាយ យើងក៏សប្បាយ»។

លោក ផ្លុន ចិត្រា បន្តថា យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋគ្រប់រូបត្រូវតែបង្កើនការការពារ ខ្លួនពីជំងឺកូវីដ១៩ តាមរយៈការលាងសម្អាតដៃ រក្សាគម្លាតសុវត្ថិភាព និងត្រូវចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា។

លោកស្រី នួន សុភី បន្ថែមថា ៖«ការនៅតែផ្ទះរៀនតាមអនឡាញ មិនមែនជាវិធីប្រសើរទេ ការចេញលំហែខ្លះទើបល្អ។ ម្យ៉ាងនៅផ្ទះឱ្យគាត់រៀនតែមួយមុខ ក៏កូនៗរៀនមិនចូលនោះដែរ នៅពេលកូនទៅសាលារៀន មកកម្សាន្តតាមសួនច្បារគាត់បានជួបមិត្តភក្តិ»។

គួរបញ្ជាក់ថា រដ្ឋាភិបាល បានប្រកាសបើកប្រទេសឡើងវិញ ក្រោយថ្ងៃទី១ ខែវិច្ឆិកា ខណៈស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា ក៏បានធូរស្រាល ជាបន្តបន្ទាប់ ដោយសារតែពលរដ្ឋកម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស្ទើរតែគ្រប់ៗគ្នា និងបានអនុវត្តវិធានការសុខាភិបាល៕

ដោយ​ផល សុផានិត

Add new comment

3 + 3 =