ប្រមុខជនជាតិភាគតិចប៉ៃអាកាន អ្នកការពារព្រៃអាម៉ាហ្សូនដ៏ល្បីល្បាញស្លាប់ដោយសារកូវីឌ ១៩

ប្រមុខជនជាតិភាគតិចនៅប្រេស៊ីល លោកប៉ូលីនហូ ប៉ៃអាកាន គឺជាអ្នកការពារព្រៃ​អាម៉ាហ្សូន​ដ៏មោះមុតម្នាក់។ លោកបានទទួលមរណភាពនៅអាយុ ៦៥ឆ្នាំ​ដោយសារវីរុស​កូរ៉ូណា។ មរណភាពរបស់លោក​ដាស់ឲ្យដឹងថា ប្រជាជនជនជាតិដើមភាគតិចនៅប្រទេស​ប្រេស៊ីល​​ក៏ចៀសមិនផុតពីការ​ឆ្លង​រោគរាតត្បាតដែរ។

ប្រមុខជនជាតិដើមលោកប៉ូលីនហូ ប៉ៃអាកាន គឺជាអ្នកការពារព្រៃឈើអាម៉ាហ្សូនដ៏មោះមុត​ម្នាក់។ បើយោងតាមការផ្សាយរបស់សកម្មជនដើម្បីបុព្វហេតុជនជាតិដើម កាលពីថ្ងៃទី១៧ ខែ​មិថុនា លោកប៉ូលីនហូ ប៉ៃអាកាន បានទទួលមរណភាពបន្ទាប់ពីឆ្លងវីរុសកូរ៉ណា។ លោក​ប៉ៃអាកាន គឺជាមេកន្រ្ទាញនៃប្រជាជនកាយ៉ាប៉ូ។ លោកមានអាយុ ៦៥ឆ្នាំ។ លោកបាន​មាន​ភាព​​ល្បីល្បាញដោយសារការងើបឡើងប្រឆាំងនឹងការសាងសង់គម្រោងវារីអគ្គីសនី បឺឡូ ម៉ុងតេ នៅក្នុងអំឡុងទសវត្សឆ្នាំ១៩៨០។ លោកហ្សែ ភីធឺ ប្រុក ប្រធានអង្គការ​ក្រៅ​រដ្ឋាភិបាល​បារាំង ផែនដីអាម៉ាហ្សូន បានប្រាប់ទៅទីភ្នាក់ងារសារព័ត៌មាន​បារាំងថា ៖ “លោក​ប៉ៃអាកាន​បាន​​ស្លាប់​នៅក្នុងមន្ទីរពេទ្យទីក្រុងរ៉ឺដង់កាវ នៅក្នុងភាគខាងជើងប្រទេសប្រេស៊ីល”។  លោក​ប្រុក បានពន្យល់ថា ៖ “នេះគឺជាមនុស្ស​ដែលបានចំណាយពេលពេញមួយជីវិតរបស់គាត់​ដើម្បី​​បង្កើតសម្ព័ន្ធមិត្តពិភពលោកនៅជុំវិញប្រជាជនជនជាតិដើមដើម្បីសង្រ្គោះតំបន់​អាម៉ាហ្សូន និងបង្រួបបង្រួមប្រជាជនជនជាតិភាគតិចទាំងនោះ”។  លោកបានបន្ថែមថា ៖ “លោក​​គឺជាប្រមុខដែលបានលះបង់ពេល​វេលាផ្ទាល់ខ្លួន។ យើងបានបាត់បង់នូវប្រមុខ។ លោក​​គឺជាមនុស្សដែលមានតម្លៃជាទីបំផុត ដែលបានពង្រីកនូវចំណេះដឹងរបស់ប្រជាជន​ខ្លួន​(...)។ លោកគឺជាមេចលនានៃជនជាតិភាគ​តិចដែលនាំមកនូវភាពជោគជ័យជាអន្តរជាតិ”។

ប្រមុខជនជាតិភាគតិច កាយ៉ាប៉ូ បានធ្វើចលនា​ប្រជាជនជនជាតិភាគតិច និង​សកម្មជន​បរទេស ដែលរួមមានតារាល្បីល្បាញ​ដូចជាអ្នកចម្រៀងស្ទីង។ លោកក៏ធ្លាប់រៀបចំ​ឲ្យមាន​ការ​ជំនួប អាល់តាមីរ៉ា ដែលជាសន្និសីទ​មួយប្រមូលផ្តុំនូវគ្រប់អ្នកដែលប្រឆាំង​នឹងទំនប់​វារី​អគ្គីសនី​​។  ទីបំផុតធនាគារពិភពលោក​ក៏បានដកចេញនូវហិរញ្ញប្បទានដើម្បី​កសាង​ទំនប់​បឺឡូ ម៉ុងតេ។ ទោះបីយ៉ាងណា ទំនប់នៅ​តែត្រូវសាងសង់ និងត្រូវបានបញ្ចប់ជាស្ថាពរ​នៅ​ឆ្នាំ​២០១៩ នៅក្នុងរដ្ឋប៉ារ៉ា ប្រទេសប្រេស៊ីល។ ​ប៉ុន្តែរូបភាពរបស់លោក​ប៉ៃអាកានដែលត្រូវ​បាន​គេ​ដាក់​ខ្នោះនៅឆ្នាំ១៩៩២ ដោយការចោទប្រកាន់ថាបានលួចរបស់ពីនិស្សិតស្បែក​ស​ម្នាក់។ លោកត្រូវបានដោះលែង​ឲ្យ​មានសេរីភាពនៅឆ្នាំ១៩៩៤ បន្ទាប់មកត្រូវបានចោទ​ប្រកាន់​ម្តង​ទៀតនាពេល ៤ឆ្នាំ ក្រោយមក​ដោយរឿងក្តីទីពីរមួយទៀត។ លោក​ត្រូវបានគេ​ចាប់​​ដាក់​ឃុំ​ឃាំង​នៅក្នុងគេហដ្ឋានអស់រយៈ ៦ឆ្នាំ។ មិត្តភក្តិរបស់លោកបាន​អះអាងថា លោក​គឺ​ជាជន​រង​គ្រោះ​ពីការចោទប្រកាន់ក្លែងក្លាយ នៅខណៈដែលអំណាច​នយោបាយរបស់លោក​គឺចេះតែ​កើន​ឡើង និងឈ្មោះរបស់លោកត្រូវបានគេដាក់ជាបេក្ខភាព​ដើម្បីទទួលពានរង្វាន់​ណូបែល។

ជនជាតិដើមភាគតិចចំនួន ៥៥០០នាក់ រងផលប៉ះពាល់ពីជំងឺ កូវីឌ ១៩។ លោកប៉ៃអាកាន បាន​ចាប់ផ្តើមធ្វើសកម្មភាពនាប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ដោយក្រោកឈប្រឆាំងនឹងគម្រោង​របស់​លោក​ប្រធានាធិបតីប្រេស៊ីល ហ្ស៊ែរ បុលសូណារ៉ូ។ លោកប៉ៃអាកាន ចង់រំដោះព្រៃ​អាម៉ាហ្សូន​ពីគម្រោងការកសិកម្ម និងការជីក​រុក​រកយករ៉ែ។ លោកប្រុក បានបញ្ជាក់ថា លោក​ប៉ៃអាកាន ត្រូវបានធ្វើតេស្តវិជ្ជមានមេរោគកូរ៉ូណាកាលពីថ្ងៃទី៨ មិថុនា បន្ទាប់ពីទស្សនកិច្ច​ក្នុង​ភូមិរបស់លោក គឺភូមិអា អ៊ុយក្រេ។ ប្រជាជនជនជាតិដើមភាគតិច​ក៏ជៀសមិនផុតពីការ​ឆ្លង​មេរោគ​កូរ៉ូណា​ដែលរាតត្បាតបីខែហើយនៅប្រទេសប្រេស៊ីល។ 

យោងតាមសមាគមជនជាតិដើមប្រេស៊ីល បានឲ្យដឹងថា ប្រជាជនជនជាតិដើមជិត ៥៥០០​នាក់បានឆ្លងជំងឺកូវីឌ ១៩ និងមាន ២៨៧នាក់ស្លាប់។ សមាគមជនជាតិដើមប្រេស៊ីល​ក៏បាន​រំលឹក​ដល់ភាពជាឪពុក ភាពជាប្រមុខ និងជាអ្នកចម្បាំងដ៏ក្លាហានៃលោកប៉ៃអាកាន និង​បាន​សម្តែង​​នូវទុក្ខសោក និងកំហឹងរបស់ខ្លួនចំពោះជំងឺរាតត្បាតដែលបានសម្លាប់​ប្រជាជនខ្លួន​រាប់​រយនាក់”៕

Add new comment

6 + 0 =