ប្រតិបត្តិករទេសចរណ៍អំពាវនាវឱ្យកែលម្អតំបន់ទេសចរណ៍សម្រាប់ស្វាមន៍ភ្ញៀវក្រោយពេលជំងឺកូវីដ១៩

កីឡាប្រណាំកង់ទេសចរណ៍កាលពីឆ្នាំមុន។

ប្រទេសកម្ពុជាបានរកឃើញករណីជំងឺកូវីដ១៩ដំបូង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រោយមានការរីករាលដាលជំងឺនេះ បានធ្វើឱ្យប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល បាត់បង់ភ្ញៀវទេសចរអន្តរជាតិស្ទើរទាំងស្រុង។ ក្នុងអំឡុងពេលស្ងប់ស្ងាត់ភ្ញៀវទេសចរ ក្រុមប្រតិបត្តិករភ្ញៀវទេសចរ ក៏ដូចជាអ្នកធ្វើការក្នុងវិស័យទេសចរណ៍ បានជំរុញឱ្យក្រសួងជំនាញរៀបចំតំបន់ទេសចរណ៍ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែល្អប្រសើរ ក្រោយពេលជំងឺកូវីដ១៩ ផុតរលត់ទៅ។

អ្នកស្រី សួន កុលាប ជាអ្នកប្រតិបត្តិម្នាក់របស់សណ្ឋាគារមួយក្នុងក្រុងភ្នំពេញ បានលើកឡើងថា បញ្ហាជំងឺកូវីដ១៩ បានធ្វើឱ្យសណ្ឋាគាររបស់អ្នកស្រីជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារគ្មានភ្ញៀវទេសចរទៅស្នាក់នៅ។ អ្នកស្រី បន្តថា ក្នុងស្ថានភាពស្ងប់ស្ងាត់នេះ ជាឱកាសមួយសម្រាប់ក្រសួងនិងអាជ្ញាធរពាក់ព័ន្ធ រៀបចំកន្លែងទេសចរណ៍ឱ្យមានភាពទាក់ទាញ ព្រោះតំបន់ទេសចរណ៍មួយចំនួននៅតែមានការរិះគន់ពីភ្ញៀវទេសចរ។

អ្នកស្រីសួន កុលាប បាននិយាយថា ៖ «ម្យ៉ាងវិញទៀតនាងខ្ញុំ ក៏សូមអំពាវនាវដល់រដ្ឋាភិបាល ដែលបង្កើតនូវរមណីដ្ឋានទេសចរណ៍ដើម្បីធ្វើឱ្យមានការទាក់ទាញ ភ្ញៀវជាតិនិងអន្តរជាតិ ក្រោយពេលដែលជំងឺកូវីដ១៩នេះ សាបរលាបទៅ»។

ចំណែកលោក ឆាយ កុសល ជាអ្នកគ្រប់គ្រងទូទៅសណ្ឋាគារមួយរូបទៀតបាននិយាយថា តំបន់ទេសចរណ៍ដែលមានភាពស្រស់ស្អាតទាំងអស់នេះ មិនទាន់គ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចរនៅឡើយនោះទេ អាជ្ញាធរត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពងាយស្រួលនិងសោភណ្ឌភាព នៅតាមដងផ្លូវនានា ក្នុងក្រុងទេសចរណ៍បន្ថែមទៀត។

លោក ឆាយ​ កុសល បាននិយាយថា ៖ «ដូច្នេះយកឱកាសនេះ ដើម្បីរៀបចំទាក់ទងនឹងបញ្ហាប្រព័ន្ធផ្លូវ បញ្ហាលូ បញ្ហាដាំដើមឈើ ការរៀបចំការដាំផ្កា ការរៀបចំសម្អាតកន្លែងមួយចំនួន ដើម្បីធ្វើយ៉ាងមិចឱ្យកន្លែងទេសចរណ៍មួយដែលស្អាត ពោរពេញដោយអនាម័យ​ ហើយលក្ខណៈធម្មជាតិបៃតង»។

អ្នកគ្រប់គ្រងសណ្ឋាគាររូបនេះបានបន្ថែមថា ប្រតិបត្តិករផ្នែកទេសចរណ៍ត្រូវរៀបចំសេវាកម្មរបស់ខ្លួនឱ្យមានគុណភាព គុណតម្លៃ សម្រាប់ភ្ញៀវទេសចរ រួមនឹងការបង្កើតតំបន់ទេសចរណ៍ ឱ្យមានភាពទាក់ទាញ។

លោក ឆាយ កុសល បានបន្តថា«បុគ្គលិកដែលបម្រើសេវាកម្មទេសចរណ៍ ត្រូវមានភាពរួសរាយរាក់ទាក់ចំពោះភ្ញៀវ មានជំនាញច្បាស់លាស់ ហើយនឹងមានក្រមសីលធម៌ក្នុងការផ្តល់ជូនឱ្យភ្ញៀវទេសចរដែលមកទទួលសេវាកម្ម។

ថ្មីៗនេះការកែលម្អទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងសណ្តាប់ធ្នាប់តាមដងផ្លូវ ជាពិសេសការកែលម្អនៅមុខប្រាសាទអង្គរវត្ត ដើម្បីឱ្យទីធ្លានោះមានសួនច្បារចំរុះពណ៌ ដើម្បីឈើពណ៌បៃតងគ្រប់រដូវកាល។ ក្នុងអំឡុងពេលជំងឺកូវីដ១៩នេះ មិនបានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍនិងអភិរក្សនៅតំបន់រមណីដ្ឋានអង្គរ របស់អាជ្ញាធរជាតិអប្សរានោះទេ៕

Add new comment

5 + 2 =