ប្រជាពលរដ្ឋ៖ បញ្ហាជំងឺកូវីដ១៩ គួរគិតគូរអោយល្អ តែក៏យល់ស្របអំពីវិសោធនកម្មច្បាប់សញ្ជាតិពីរ

ការប្រជុំពិនិត្យលើសេចក្តីព្រាងច្បាប់ សញ្ជតិពីរសម្រាប់មេដឹកនាំ។

«បច្ចុប្បន្ននេះគួរគិតប្រឆាំងនឹងសត្រូវ ជំងឺកូវីដ១៩ជាងអ្វីទាំងអស់ ខ្ញុំមើលឃើញថាថ្នាក់ដឹកនាំធ្វើប៉ុណ្ណេះខ្ញុំអស់ចិត្ត ប៉ុន្តែក៏ជាគំនិតល្អដែរ ចំពោះការមានសញ្ជាត្តិខ្មែរតែមួយ ដើម្បីកុំឱ្យពេលមានអាសន្ន អ្នកដឹកនាំរត់ចោលប្រជាជន……..» នេះជាមតិរបស់លោក ស៊ន សុភា ជាប្រជាពលរដ្ឋរស់នៅក្នុង ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា បានបញ្ចេញទស្សនៈផ្សេងៗគ្នាជុំវិញ ការធ្វើវិសោធនកម្មច្បាប់ ដែលតម្រូវឱ្យថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិកម្ពុជា មានសញ្ញាត្តិខ្មែរតែមួយ។ មតិភាគច្រើនបានលើកឡើងថា ការមានសញ្ជាត្តិខ្មែរតែមួយនេះ មានន័យទូលំទូលាយសម្រាប់ប្រជាជន និងប្រទេសជាតិ គ្រប់កាលៈទេសៈ។

លោក ស៊ន សុភា វ័យជាង៥០ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងថា ៖«យោបល់ខ្ញុំវាជាគោលគំនិតមួយដែលល្អ សម្រាប់ថ្នាក់ដឹកនាំ។ ថ្នាក់ដឹកនាំត្រូវតែមានតួរនាទីមួយគឺនៅស្លាប់រស់ ជាមួយប្រជាជន។ សព្វថ្ងៃនេះ ការដឹកនាំបានប៉ុណ្ណេះខ្ញុំពេញចិត្ត»។

អាជីវករ រូបនេះ បានសង្កត់ធ្ងន់ថា សព្វថ្ងៃថ្នាក់ដឹកនាំគួរតែគិតលើបញ្ហា ជំងឺរាតត្បាតសកល ការស្តារសេដ្ឋកិច្ច បំបាត់អំពើពុករលួយ បញ្ហាគ្រឿងញៀន និងចោរកម្មផ្សេងៗជាមុន។ ការធ្វើវិសោធកម្មគួរគិតនៅពេលក្រោយ ឬស្ថានភាពជីវភាពរស់នៅរបស់ ប្រជាជន ប្រសើរឡើងជាងពេលបច្ចុប្បន្ននេះ។

បុរសវ័យជាង៥០ឆ្នាំ បន្ថែមថា ៖«ច្បាប់នេះ ខ្ញុំគាំទ្រព្រោះក៏ដើម្បីពង្រឹងអំណាចក្នុងស្រុក ដើម្បីកុំឱ្យគេ (បរទេស) មកបៀតបៀន។ ប្រសិនបើគេ (ថ្នាក់ដឹកនាំ) មានសញ្ញាត្តិ២គឺមួយអាងលិច មួយទៀតអាងកើត អត់ស្លាប់រស់ជាមួយប្រជាជាតិនោះទេ»។

លោក ស៊ន សុភា បានបន្ថែមថា រាជរដ្ឋាភិបាលគួរកាត់បន្ថយមន្ត្រីរាជការនៅថ្នាក់ក្រោមរបស់រដ្ឋាភិបាលនូវបញ្ហាអំពើពុករលួយ ភាពអសកម្មផ្សេងៗដែលមន្ត្រីនៅថ្នាក់ក្រោមជាតិបានធ្វើនាពេលកន្លងមក។

លោកស្រី សួន តូន វ័យជាង៦០ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានថ្លែងថា ៖«ច្បាប់នេះមើលទៅក៏ល្អម្យ៉ាងដែរ ព្រោះដើម្បីប្រទេសជាតិសុខសប្បាយ ប៉ុន្តែខ្ញុំសូមឱ្យថ្នាក់ដឹកនាំប្រទេស បញ្ឍប់ការឈ្លោះទាស់ទែងខ្វែងគំនិតគ្នា ត្រូវគិតសុខទុកប្រជាពលរដ្ឋវិញ»។

លោកស្រី សួន តូន បានបន្ថែមថា វិសោធនកម្មច្បាប់សញ្ជាត្តិខែ្មរតែមួយនេះ គួរចាំគិតនៅពេលក្រោយពេលដែលស្ថានភាពនៃការរាតត្បាតជំងឺសកល ផុតរលត់។ ថ្នាក់ដឹកនាំប្រទេសគួរកុំ ខ្វែងគំនិតគ្នា ក្នុងរឿងដឹកនាំប្រទេសកម្ពុជាច្រើនពេក។

លោក សួន សីហា រស់នៅរាជធានីភ្នំពេញ បានថ្លែងថា ៖«ការធ្វើច្បាប់នេះ ល្អដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំកម្ពុជា អាចរស់នៅជាមួយប្រជាពលរដ្ឋ។ តាមយោបល់ខ្ញុំថ្នាក់ដឹកនាំ នៅពេលមានបញ្ហា គួរនៅពីមុខប្រជាពលរដ្ឋខ្មែរជានិច្ច និងតំកល់ប្រយោជន៍ប្រជាពលរដ្ឋខ្មែរជានិច្ច»។

លោកស្រី នួន បុប្ផា ប្រជាពលរដ្ឋរាជធានីភ្នំពេញ បានថ្លែងថា ៖«ច្បាប់នេះក៏ល្អ ប៉ុន្តែសព្វថ្ងៃនេះបើថ្នាក់ដឹកនាំណាល្អប្រជាពលរដ្ឋប្រាកដជាដឹងហើយ យើងគិតថាថ្នាក់ដឹកនាំណាល្អយើងធ្វើតាមគាត់ទៅ។ ប៉ុន្តែយើងដឹងហើយថា ប្រទេសយើងកំពុងអភិវឌ្ឍ អ្វីៗគ្រប់បែបយ៉ាងត្រូវដើរជាជំហានៗ វាមិនអាចដើរទៅលឿនបាននោះទេ ហើយប្រជាជនក៏ត្រូវរួបរួមគ្នាជួយគ្នា ទៅវិញទៅមកដែរ»។

នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈព្រះរាជសារ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានា នូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

សូមជម្រាបថា គណៈរដ្ឋមន្ត្រី បានអនុម័ត្តរួចហើយនូវសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និង មាត្រា ១៣ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣, មាត្រា៤ នៃច្បាប់ធម្មនុញ្ញ ដែលជាសេចក្តីព្រាងច្បាប់មួយនឹងកំណត់ «សញ្ជាតិខ្មែរតែមួយគត់» ចំពោះតួនាទីប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ២០២១។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០៦ ខែតុលា កន្លងទៅ។

សេចក្តីព្រាងច្បាប់នេះ បានផ្តោតជាសំខាន់ទៅលើប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាមេដឹកនាំមានការទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការសំខាន់ៗ ដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា, ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុង របស់ជាតិ ឬ ការបង្គាប់បញ្ហាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា។

ក្នុងសេចក្តីថ្លែងហេតុដែលអានដោយឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលបំណងនៃការកសាងច្បាប់នេះឡើងថា ដើម្បីធានាបានឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ចំពោះគោលជំហរ និងការប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈ ទាំងអស់ និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែក ពីបរទេស»។

ការធ្វើច្បាប់ដើម្បីកំណត់ «សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិទាំង៤នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមិនធ្លាប់មានចែងនោះឡើយចាប់តាំងពីការកកើតឡើងនៃរដ្ឋធម្មនុញ្ញ។ បើទោះបីយ៉ាងណា ការកសាងឡើងនូវច្បាប់នេះ ទទួលបានការសាទរ និងគាំទ្រយ៉ាងខ្ទរខ្ទារពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងឋានានុក្រម រួមទាំងស្ថាប័នព្រះសង្ឃ ដែលជាសាសនារបស់ជាតិផងដែរ៕

Add new comment

7 + 7 =