ប្រជាពលរដ្ឋភាគច្រើនមិនបានពាក់ម៉ាសអំឡុងពេលចូលវត្តនិងដើរកំសាន្តមានមនុស្សច្រើន តាមការណែនាំរបស់ក្រសួងនោះទេ

ប្រជាពលរដ្ឋទៅកាន់វត្តអារាមកាលពីកំឡុងពេលភ្ជុំបិណ្ឌ។

ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌទើបតែបញ្ចប់ទៅថ្មីៗនេះ ប្រជាពលរដ្ឋបានធ្វើដំណើរទៅកាន់ទីវត្តអារាមស្ទើរតែពាសពេញផ្ទៃប្រទេស ក្នុងនោះយើងសម្គាល់ឃើញថា មិនសូវឃើញមានការពាក់ម៉ាសតាមការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ។

ជាក់ស្តែងនៅថ្ងៃភ្ជុំបិណ្ឌ ប្រជាពលរដ្ឋជាច្រើនបាននាំគ្នាមកកាន់ទីវត្ត ដោយឡែកសម្រាប់វត្តអារាមផ្ទាល់បានដាក់ចេញនូវវិធានការការពារជំងឺកូវីដ១៩ ដោយបំពាក់ម៉ាស៊ីនបាញ់សម្លាប់មេរោគ និងលាងដៃ ដោយស្វ័យប្រវត្តិដែលតម្រូវអោយប្រជាពលរដ្ឋមុននឹងធ្វើដំណើរចូលទៅកាន់ទីវត្តអារាម ឬព្រះវិហារ ត្រូវឆ្លងកាត់ទូសម្លាប់មេរោគនេះសិន ប៉ុន្តែជុំវិញប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ គឺមានតែមួយចំនួនតូចប៉ុណ្ណោះ ដែលពាក់ម៉ាសត្រឹមត្រូវ រីឯមួយចំនួនធំមិនបានពាក់ម៉ាសការពារនោះទេ ហើយនៅពេលអង្គុយក៏មិនបានរក្សាគម្លាតសុវត្ថិភាពនោះដែរ។

ការដែលមិនពាក់ម៉ាសការពារនេះ មិនមានន័យថាប្រជាពលរដ្ឋមិនដឹងពីវិធានការការពារជំងឺកូវីដ១៩នោះទេ ប្រជាពលរដ្ឋបានដឹងពីសារៈសំខាន់នៃការពាក់ម៉ាស។

លោក គឹម ហុក ជាប្រជាពលរដ្ឋបានលើកឡើងថា ៖ «ការពាក់ម៉ាសជាការល្អ តែប្រសិនបើយើងទុកចិត្តលើខ្លួនយើង ហើយប្រសិនបើជាឧទាហរណ៍ថា ខ្លួនគាត់នោះគិតថា ប្រជាពលរដ្ឋយើងក៏មានការយល់ដឹងដែរ ក្នុងរយៈពេលដែលគាត់មកនោះ គាត់អាចមកភ្លាម ហើយទៅវិញភ្លាម គាត់មិនចាំបាច់ពាក់ម៉ាស តែប្រសិនជាអាចពាក់ (ម៉ាស) ទៅ»។

ចំណែក កញ្ញា សំរឹទ្ធ ចរិយា ជាប្រជាពលរដ្ឋមួយរូបទៀតបានអោយដឹងថា រដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ យើងពាក់ពន្ធ័ជាមួយនឹងជំងឺកូវីដ១៩ ប៉ុន្តែតាមទំនៀមទំលាប់ប្រពៃណី យើងត្រូវតែគោរព យើងត្រូវតែមកកាន់បិណ្ឌ។

កញ្ញាថា ៖​ «សម្រាប់ខ្ញុំព្រួយបារម្ភពីជំងឺកូវីដ១៩ដែរ តែខ្ញុំមានជាអាល់កុល ហើយបានពាក់ម៉ាសដែរ»។

ចំណែកអ្នកនាង ឆេង ស៊ីនួន បានពោលថា ការពារខ្លួនយើងត្រូវតែការពារខ្លួន ត្រូវតែមានជានិច្ចអាល់កុល ម៉ាស និងរក្សាគម្លាតសុវត្ថិភាព​​ពីគ្នា។ ការពាក់ម៉ាស ជារឿងសំខាន់ តែប្រសិនបើបុគ្គលពិបាកក្នុងការពាក់ម៉ាសគឺត្រូវតែមានជានិច្ចនូវអាល់កុល និងជេល សម្រាប់លាងសម្អាតដៃ ជាប់នឹងខ្លួនជានិច្ច។

ជាក់ស្តែងប្រជាពលរដ្ឋបានយល់ដឹងពីសារប្រយោជន៍នៃការពាក់ម៉ាស តែប្រជាពលរដ្ឋមិនសូវជាពាក់ម៉ាសការពារនោះទេ តាមអ្វីដែលពួកគាត់បានដឹងនោះទេ។

ជាអ្នកពាក់ម៉ាសបានត្រឹមត្រូវ លោកស្រី សួន សុគន្ធា បាននិយាយថា ៖ «យើងត្រូវតែការពារជំងឺកូវីដ១៩ ការពារទាំងអស់គ្នា។ ការពាក់ម៉ាសគឺភាគតិចបំផុត ក្នុងពេលដែលយើងកំពុងតែមានជំងឺកូវីដ១៩នេះ»។

ក្នុងរដូវកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ស្របពេលដែលពិភពលោក កំពុងប្រឈមជាមួយនឹងបញ្ហាសុខភាពសាធារណៈនេះ នៅតាមទីវត្តអារាមក្នុងប្រទេសកម្ពុជា បានបំពាក់នូវឧបករណ៍លាងសម្អាតដៃ សម្រាប់សម្លាប់មេរោគយ៉ាងច្រើន ភ្ជាប់ជាមួយនឹងការដាស់តឿនពីសំណាក់ព្រះសង្ឃជាច្រើន រងចាំសម្អាតដៃ ក៏ដូចជាវាស់កំដៅជូនពុទ្ធបរិស័ទនៅក្នុងវត្តអារាម៕

Add new comment

2 + 10 =