ប្រជាពលរដ្ឋចាប់អារម្មណ៍ការដាំដំណាំក្នុងរដូវកាលជួបការលំបាក

ប្រជាកសិករ កំពុងបណ្តុះកូនស្ពៃ។

ប្រជាពលរដ្ឋរស់នៅខេត្តកណ្តាលដែលជាទឹកដីសំបូរដីមានជីវជាតិ ដោយសារតែមានទន្លេ​ ស្ទឹង និងបឹងបួរផ្តល់ជាទឹកនិងដីល្បាប់សម្រាប់ស្រោចស្រពដំណាំកសិកម្ម។ លើទំហំដីកន្លះហិចតាអាច ឱ្យប្រជាពលរដ្ឋអាចរកចំណូលបានជិត៥០០ដុល្លាអាមេរិកក្នុងមួយរដូវកាលពីការដាំដំណាំត្រសក់ទ្រើងហើយក៏អាស្រ័យទៅនឹងតម្លៃថោកឬថ្លៃ។

តាមការបញ្ជាក់ប្រាប់ពីប្រជាកសិករដែលជាអ្នកដាំត្រសក់ទ្រើងក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានប្រាប់ថា ពួកគាត់ប្រកបរបរនេះជាយូរឆ្នាំណាស់មកហើយ រីឯតម្លៃនៃការលក់ត្រសក់ អាចឡើងឬចុះក្នុងនោះពួកគាត់អាចលក់ត្រសក់បានចន្លោះពី៩០០រៀលទៅ១០០០រៀលក្នុងមួយគីឡូក្រាមនិងពេលខ្លះទាប​​បំ​ផុតដល់២០០រៀល។

ប្រជាកសិករបានបន្ថែមថា ការប្រមូលផលត្រសក់នៅដើមខែឧសភា ឆ្នាំ២០២០នេះ តម្លៃហាក់ឡើងថ្លៃក្នុងមួយគីឡូក្រាមអាចលក់បាន ២០០០រៀល សម្រាប់ផ្គត់ផ្គង់ ជីវភាពនិងទប់ទល់ការចំណាយផ្សេងៗ​។

លោក យួរ​ សម្បត្តិ ជាកសិករ បានឱ្យដឹងថា​ ៖ «តម្លៃឡើងដល់មួយគីឡូក្រាម៣០០០រៀល។ រដូវកាលនេះយើងដាំទៅចំណេញខ្លះ»។

ចំណែកកញ្ញា យួរ លក្ខិណា ជាកសិករ បានប្រាប់ថា កញ្ញាចង់ឱ្យតម្លៃត្រសក់ថេរ! មិនចាំបាច់ដល់២០០០រៀលទេ គឺត្រឹមតែ១០០០ ទៅជាង១០០០រៀលក៏អាចទូទាត់និងចំណេញបានខ្លះ។ បើតម្លៃ២០០រៀល គឺមិនសល់ទេ។ កន្លងមកធ្លាប់ដាំជួបតម្លៃ២៥០រៀលម្តងក្នុងមួយគីឡូ»។

កញ្ញា យូរ លក្ខិណា បន្តថា ៖ «ខ្ញុំចង់សំណូមពរប្រជាពលរដ្ឋខែ្មរគាំទ្រផលិតផលខ្មែរ ឱ្យតម្លៃខ្ពស់បន្តិចទៅពួកយើងសប្បាយចិត្តក្នុងការដាំបន្តទៀត»។

ប្រជាកសិករបន្ថែមថា បើទោះបីជាតម្លៃត្រសក់មានតម្លៃគួរសម តែបច្ចុប្បន្នអាកាសធាតុក្តៅមិនអាចប្រមូលផលបានច្រើននោះទេនិងទុក​បាន​យូរថ្ងៃនោះទេ។ ការប្រមូលផលក្នុងរដូវកាលនេះ បានត្រឹមតែជាង២០ថ្ងៃគឺអស់ផល ក្នុងនោះដីកន្លះហិចតា អាចប្រមូលផលបានជិត ១០តោន ខណៈពេលខែត្រជាក់អាចដល់ជិត២០តោន។

ក្នុងស្រុកខ្សាច់កណ្តាលនេះ មានប្រជាកសិករដាំបន្លែជាច្រើនប្រភេទដូចជា ជីគ្រប់មុខ ម្អម ស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃក្រញាញ់ ត្រកួន ត្រសក់ ត្រឡាច ននោងជាដើម៕

Add new comment

1 + 3 =

Please wait while the page is loading