ប្រជាពលរដ្ឋចាប់ផ្តើមរស់នៅដោយប្រកាន់អនាម័យ ដោយខ្លាចរលកទី២នៃជំងឺកូវីឌ១៩

ប្រជាពលរដ្ឋធ្វើដំណើរដោយប្រកាន់ភ្ជាប់ការពាក់ម៉ាស។

ការរស់នៅរបស់ប្រជាពលរដ្ឋបច្ចុប្បន្ន នៅពេលដែលមានករណីវិជ្ជមានជំងឺកូវីដ១៩ បានព្យាបាលជាសះស្បើយទាំងអស់ ការរស់នៅហាក់វិលត្រឡប់ទៅធម្មតា ប្រជាពលរដ្ឋមិនភ្លេចឡើយតាមការណែនាំ​របស់ក្រសួងសុខាភិបាល និងការរក្សានូវវិធានការអនាម័យ។

ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានអះអាងស្រដៀងៗគ្នាថា គ្រប់សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ប្រកាសឱ្យប្រជាពលរដ្ឋអនុវត្តវិធានការស្អាតនេះ មកដល់ពេលនេះ បានធ្វើឱ្យគាត់ផ្លាស់ប្តូរទម្លាប់ ដោយប្រកាន់ភ្ជាប់នូវការពាក់ម៉ាសជាប្រចាំ ការលាងដៃជាមួយសាប៊ូ អាល់កុល ជែល ការរក្សាចំងាយពីគ្នា ជាពិសេសមិនមានការចូលក្លិប ការ៉ាអូខេ​ រង្គសាលទេព្រោះ​​ តែមានការផ្អាកនូវអាជីវកម្មទាំងនោះ។

លោក សំ អ៊ុន បាននិយាយថា ៖ «មុនកាលពីមិនទាន់ឆ្លង អត់ទាន់មានជំងឺហ្នឹង យើងមិនដែលនឹកឃើញដូច្នេះទេ ពេលហូបបាយដៃក៏មិនលាងផង តែឥលូវនេះមិនទាន់ឆ្លងយើងមែន តែយើងត្រូវការពារ។ ទី១ យើងនៅគម្លាតឆ្ងាយពីគ្នាបន្តិច មុនហូបបាយឬនំចំណី ត្រូវលាងដៃ និងយកតាមនូវជេលសម្រាប់លាងដៃ។ មិនត្រឹមតែមិនទៅការ៉ាអូខេទេ សូម្បីតែគុយទាវក៏ខ្ញុំមិនទៅដែរ ព្រោះត្រជាក់ៗ ខ្ញុំខ្លាចមានផ្ទុកមេរោគនេះ»។

ចំណែកលោក ជា ចាន់តារា បាននិយាយដែរថា ៖ «ពេលខ្ញុំដើរហាត់ប្រាណ ក៏ខ្ញុំពាក់ម៉ាសដែរ នៅតែប្រុងប្រយ័ត្នជានិច្ច ការពារប្រសើរជាងព្យាបាល។ បើនៅកន្លែងការងារខ្ញុំគឺចូលទៅដឹងតែគេវាស់កម្តៅ លាងដៃជាមួយអាល់កុល និយាយរួមអ្វីដែលយើងការពារខ្លាំងគឺនៅពេលបច្ចុប្បន្ន តែនៅពេលអនាគត បើក្រសួងថាអស់មានបញ្ហា យើងនៅតែការពារ មុននឹងញាំអាហារយើងត្រូវសម្អាតខ្លួនដែរ»។

ដោយឡែកប្រជាពលរដ្ឋដទៃទៀត ក៏បានសម្តែងនូវការព្រួយបារម្មណ៍ផងដែរពីរលកទី២នៃជំងឺកូវីដ១៩ ដូច្នេះអំឡុងពេលនេះ ពួកគេខិតខំសម្របខ្លួននិងផ្លាស់ប្តូរនៃការរស់នៅមិនប្រុងប្រយ័ត្ន មកជាការប្រុងប្រយ័ត្នជារៀងរាល់ថ្ងៃ ការពារការឆ្លងកូវីដ១៩ តាមរយៈអនាម័យដៃស្អាត ការប្រើប្រាស់ម៉ាស និងរក្សាគម្លាតសង្គម។

អ្នកនាង អ៊ុន ចាន់ដា ជាស្រ្តីមេផ្ទះ បាននិយាយថា អ្នកនាងបានផ្លាស់ប្តូរការធ្វើអនាម័យ ដោយឧស្សាហ៍លាងដៃ ការពារខ្លួនឱ្យបានល្អជាងមុន ពេលខ្លះយើងមិនខ្វល់ពីខ្លួនឯងនិងអ្នកដទៃ ដោយការខាកស្តោះផ្តេសផ្តាស់ យើងអាចកាត់បន្ថយ។ និយាយទៅពេលទំនេរយើងអាចលាងដៃឱ្យបានញឹកញាប់។

លោក ជា សំឌី ជាអ្នករត់កង់បី បាននិយាយថា ៖ «យើងអនាម័យជាប្រចាំ យូរៗទៅវាជាទម្លាប់ហើយ។ អ្នកខ្លះពាក់ម៉ាសមិនសូវចេះពាក់ទេ នៅពេលមានជំងឺកូវីដ១៩នេះ គាត់អាចពាក់បាន ដូច្នេះបានប្រហែល៣០ទៅ៥០ភាគរយ»។

លោក ឈុន ដារឹទ្ធ ជាអ្នករត់កង់បី បាននិយាយថា ៖ «ខ្ញុំសូមអំពាវនាវឱ្យប្រជាជនយើងទាំងអស់គ្នាធ្វើមិច ត្រូវតែការពារជារៀងរាល់ថ្ងៃ ការពារជាទម្លាប់ ព្រោះជំងឺនេះស្ងប់ស្ងាត់តែក្នុងប្រទេសកម្ពុជា តែនៅលើពិភពលោក នៅតែមាន យើងខ្លាចតែវា (កូវីឌ១៩) ផ្ទុះឡើងវិញទេ»។

គិតត្រឹមថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ១៩ ទាំង១២២នាក់បានជាសះស្បើយ និងគ្មានករណីស្លាប់បាត់បង់ជីវិតដោយសារតែជំងឺមួយនេះទេ នៅទូទាំងប្រទេសកម្ពុជា៕

Add new comment

4 + 3 =

Please wait while the page is loading