ប្រជានេសាទបារម្មណ៍ខ្វះត្រីដោយសារទឹកទន្លេទាប

ជីវភាពប្រជាជន រស់នៅលើផ្ទៃទឹកបឹងទន្លេសាប កំពង់ភ្លុក។

នៅតាមដងទន្លេសាប ជាទីតាំងដែលប្រជានេសាទ ប្រកបរបចិញ្ចឹមជីវិត ដោយសារការនេសាទត្រីនៅទីតាំងនេះ ក្នុងឆ្នាំនេះស្ថានភាពទឹកទន្លេហាក់រៀងតូចជាងឆ្នាំមុន ដែលធ្វើអោយការនេសាទរបស់គាត់គឺមិនសូវសម្បូរត្រីដូចកាលពីពេលមុននោះទេ។

លោក រស់ អូន ជាប្រជានេសាទ នៅទីតាំងទន្លេសាបក្បែរស្ពាន ជ្រោយចង្វាររាជធានីភ្នំពេញ បានលើកឡើងថា «វាមិនដូចកាលពីប៉ុន្មានឆ្នាំមុនៗទេ ព្រោះត្រីកាន់តែខ្សត់ ហើយឆ្នាំនេះទឹកទន្លេតូច ធ្វើអោយត្រីពងកូនវាពិបាកក្នុងការបង្កាត់ពូជ។ ស្ថានភាពក្នុងឆ្នាំនេះ ទឹកមិនទាន់លិចដល់ព្រៃលិចទឹក ជាហេតុធ្វើអោយត្រីពងកូនរកជម្រកពងកូនមិនបាន នៅពេលដល់រដូវពងកូនហើយ ត្រីមិនអាចចូលកន្លែងពងកូនបាន ត្រីពងបណ្តែតតាមទឹកទន្លេ ត្រីធំស៊ីត្រីតូច។ ខ្ញុំសង្ឃឹមថាឆ្នាំនេះ ទឹកធំឡើងវិញទៅ វានឹងធ្វើអោយត្រីសម្បូរឡើងវិញ»។

លោក អ៊ុន ឧស្សាហ៍ ជាប្រជានេសាទមួយរូបទៀត បានថ្លែងថា​ «ឆ្នាំនេះទឹកតូច ហើយពិបាករកត្រី តែត្រីមានតម្លៃថ្លៃ។ ក្នុងមួយថ្ងៃខ្ញុំរកត្រីបានប្រហែលជា ២ទៅ៣គីឡូក្រាម និងពេលខ្លះអាចរកបានប្រហែល ៥ទៅ៦គីឡូក្រាមក៏មាន »។

ប្រជានេសាទរូបនេះ បានបន្តថា ក្នុងឆ្នាំនេះចំនួនត្រីខ្សត់។ ប្រជានេសាទនៅទីនេះ គឺនេសាទត្រីទៅតាមលក្ខខណ្ឌគ្រួសារ ដោយប្រើឧបករណ៍នេសាទប្រពៃណីតែប៉ុណ្ណោះ។

ការលើកឡើងរបស់ប្រជានេសាទបានបង្ហាញថា ការនេសាទត្រីក្នុងរដូវនេះ ហាក់ពិបាកជាងឆ្នាំមុន។​ ជុំវិញបញ្ហាទឹកទន្លឆ្នាំនេះតូច លោក ចាន់ យុទ្ធថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា នៅឆ្នាំនេះទឹកទន្លេតូចដោយសារតែ កាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាបានរងឥទ្ធពលបាតុភូត Elnino ដែលជំរុញអោយទឹកភ្លៀងនៅដើមរដូវវស្សា នៅឆ្នាំនេះតូចនឹងទន្លេ មេឃ មិនសម្បូរទឹកភ្លៀង ជាហេតុធ្វើអោយទឹកទន្លេមេគង្គ និងទន្លេសាបតូច ដូច្នេះហើយការប្រកបរបរ របស់ប្រជានេសាទមិនសម្បូរនោះទេ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងរូបនេះ​ បានបន្តថា នៅពេលបន្តិចទៀតនេះទឹកទន្លេងនឹងចាប់ផ្តើមឡើងខ្លាំងជាងមុន ដោយសារតែបាតុភូតផ្សេងៗនៅក្នុងប្រទេសកម្ពុជា ធ្វើអោយមានភ្លៀងធ្លាក់ខ្លាំងច្រើន ហើយការប្រកបរបរចិញ្ចឹមជីវិត និងការនេសាទត្រីនឹងសម្បូរផងដែរ។

លោក ចាន់ យុទ្ធថា បានបង្ហាញថា «ទាក់ទងជាមួយនឹងការនេសាទធម្មតា កាលណាទឹកទាបដូច្នេះធ្វើអោយប៉ះពាល់ដល់ការពងកូន ការរីកធំធាត់របស់ត្រី ដោយសារតែកាលណាទឹកឡើងវាចាក់ចូលទៅក្នុងបឹងទន្លេសាប ធ្វើអោយផ្ទៃបឹងទន្លេសាបរីកធំជាងមុន វាធ្វើអោយរលួយកម្ទេចកម្ទី រុក្ខជាតិនៅក្នុងផ្ទៃបឹងនឹងក្លាយទៅជាចំណីរបស់ត្រី ដូច្នេះគេចមិនផុតទេពីការប៉ះពាល់លើបញ្ហាទឹក ដូច្នេះដូចខ្ញុំបញ្ជាក់អ៊ីចឹងនេះជាដើមរដូវវស្សាតែប៉ុណ្ណោះ ហើយទឹកទន្លេសាប ទឹកទន្លេមេគង្គក្តី នឹងកើនឡើងជាបន្តបន្ទាប់ចាប់ពីពេលនេះតទៅ»។

រដូវទឹកឡើងនៅក្នុងប្រទេសកម្ពុជា គឺចាប់ពីខែឧសភា រហូតដល់ខែតុលា ហើយរដូវទឹកស្រកចាប់ពីខែវិច្ឆិកា ដល់ខែមេសា។ បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីពេលថ្មីៗនេះ បានបង្ហាញថា កម្ពស់ទឹកនៅតាមបណ្តាស្ថានីយ៍ជលសាស្ត្រទាំងប្រាំបី របស់ប្រទេសកម្ពុជា ហាក់ហក់ឡើងបន្តិចបន្តួច៕

ដោយ សុផានិត

Add new comment

1 + 0 =