បន្លែសរីរាង្គមានតម្រូវការ និងទីផ្សារច្រើនក្នុងពេលវិបត្តិកូវីដ១៩

បន្លែសរីរាង្គដែលដាំក្នុងខេត្តកណ្តាល។

បន្លែសរីរាង្គដែលពាក់ព័ន្ធនឹងវិស័យកសិកម្មនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកដែលទិញ និងទទួលទាន។ ក្នុងខេត្តកណ្តាលប្រជាកសិករបានងាកមកចាប់អារម្មណ៍ ការដាំដំណាំសរីរាង្គ ដែលជាការជំរុញមួយ និងតម្រូវការខ្លាំងក្នុងកំឡុងពេលនៃវិបត្តិកូវីដ១៩។

 

លោក ចាប វិបុល ជាម្ចាស់កសិដ្ឋានដាំដំណាំសរីរាង្គ នៅក្នុងខេត្តកណ្តាល លោកបានបញ្ជាក់ថា បន្លែដែលទទួលស្គាល់ជាបន្លែសុវត្ថិភាព លុះត្រាតែទទួលស្គាល់ និងបញ្ជាក់ជាប្រភេទបន្លែដែលបានអនុវត្តតាម ការណែនាំរបស់មន្ទីរឬក្រសួងកសិកម្ម។ ការដាំដំណាំបន្លែសរីរាង្គ គឺមិនអនុញ្ញាត្តអោយប្រើថ្នាំកសិកម្ម សរីរាង្គ ឬហៅថា អរម៉ូន ឬក៏សារធាតុគីមីសំយោគផ្សេងៗនោះទេ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពមនុស្សសត្វ និងបរិស្ថាន។

 

លោក ចាប វិបុល បានបញ្ជាក់ថា សម្រាប់ស្តង់ដារសរីរាង្គអឺរ៉ុប មិនអនុញ្ញាត្តអោយប្រើប្រាស់ នូវផលិតផលធម្មជាតិមួយចំនួនដូចជា ថ្នាំជក់ ផ្លែស្លែង កាកសំណល់ផ្ទះបាយ កាកសំណល់នៅក្នុងបន្ទប់ទឹកសម្រាប់មនុស្សប្រើបា្រស់ សូម្បីតែទឹកងូត​ និងលាងចាន ព្រោះថាសារធាតុសាប៊ូដែលមនុស្សប្រើប្រាស់ មានធាតុគីមីដែលប៉ះពាល់ដល់បន្លែ។

 

បន្លែសរីរាង្គឬបន្លែសុវត្ថិភាព មានតម្លៃថ្លៃជាងបន្លែដែលលក់នៅតាមទីផ្សារ ហើយបន្លែសរីរាង្គក៏កំពុងមានតម្រូវការខ្ពស់ ក្នុងពេលដែលកម្ពុជា និងពិភពលោក កំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩។

 

លោក ចាប វិបុល បានបង្ហើបថា «ទាក់ទងនឹងបន្លែសុវត្ថិភាពដែលក្រុមកសិដ្ឋានយើងខ្ញុំ កំពុងតែផលិតឃើញថា តម្រូវការទីផ្សារមានការកើនឡើងខ្ពស់។ យើងខ្ញុំក៏ចង់លើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ អោយចាប់អារម្មណ៍ពីបន្លែដែលមានលក្ខណៈសុវត្ថិភាព ដើម្បីជួយផ្គត់ផ្គង់ទីផ្សារ ព្រោះបញ្ហាកូវីដ​ ដែលកំពុងតែកើតឡើងតម្រូវការនៃការហូបចុក បន្លែសុវត្ថិភាពក៏កើតមានឡើងផងដែរ»។

 

លោក ចាប វិបុល បានបន្តទៀតថា រហូតមកដល់ពេលបច្ចុប្បន្ននេះ បន្លែមានការចាប់អារម្មណ៍ច្រើន។ ក្នុងស្ថានភាពទំនិញ និងតម្រូវការម្ហូបអាហារមានតម្រូវការបែបនេះ កសិដ្ឋានបន្លែសរីរាង្គក៏មិនបានដំឡើងថ្លៃនោះដែរ ដោយលក់តាមរបៀបធម្មតា។

 

អ្នកដាំបន្លែរូបនេះ បានសម្លឹងឃើញពីឱកាសរបស់ប្រជាកសិករ ដែលចង់ចេះនូវជំនាញដូចរូបលោក គឺលោកបើកទូលាយសម្រាប់បទពិសោធទាំងនេះ ហើយក៏អាចជំរុញការពង្រីកការដាំដុះបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារអោយបានគ្រប់គ្រាន់ និងជៀសវាងការនាំចូលបន្លែពីបរទេសនោះ៕

Add new comment

1 + 15 =