បទយកការណ៍៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងអត្ថន័យ និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ

សកម្មភាពរាប់បាត្ររបស់ពុទ្ធបរិស័ទ។

បើនឹកគិតទៅដល់ ថ្ងៃទី ១រោច ខែភទ្របទ ដល់ថ្ងៃទី ១៥ រោច ខែភទ្របទ​ ជារៀងរាល់ឆ្នាំ នៅតាមទីវាល ជនបទ ស្រុកស្រែ ចម្ការ តែងតែលឺសូរសម្លេង ចាបដូនតា តែងតែស្រែកយំ ដោយឡែកសម្រាប់អ្នករស់នៅទីក្រុង ជាពិសេសយុវវ័យជំនាន់ក្រោយ មិនចាប់អារម្មណ៍ តែបើសម្រាប់ប្រជាពលរដ្ឋដែរមានវ័យពាក់កណ្តាលឡើងទៅនោះ វាជាសញ្ញាប្រាប់ពីរដូវកាលនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានមកដល់។

ក្នុង​រយៈពេល​១៥​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​កាន់បិណ្ឌ​ទី​១​ រហូត​ដល់​ថ្ងៃ​ទី​១៥​ ឬ​ហៅ​ថា​ថ្ងៃ​ភ្ជុំ​បិណ្ឌ​ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ភូមិ​នីមួយៗ​បាន​ចែក​វេ​ណ​គ្នា​ ធ្វើ​បាយ​ម្ហូប​ ជា​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិ​ការ​ទាំង​ប្រាំពីរ​សន្ដាន​ ដែល​បាន​ចែក​ឋាន​ទៅ​។​ គេ​មាន​ជំនឿ​ថា​ ពេល​មនុស្ស​ស្លាប់​ទៅ​ ព្រលឹង​អ្នក​ស្លាប់​នោះ​អាច​ទៅ​កើត​នៅ​ស្ថាន​ទេវលោក​ ឬ​ក៏​ស្ថាន​នរក​ប្រេត​ ជាដើម​។​ អាស្រ័យ​ដោយជំនឿ ​ពិធីបុណ្យ​នេះ​ក្នុង​មួយ​ឆ្នាំ​មាន​រយៈពេល​១៥​ថ្ងៃ​ ហេតុ​ដូច្នេះ​ហើយ​ ទើប​ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ធ្វើបុណ្យ​នេះ​តាម​ជំនឿ​ពី​ដូនតា​មក​ ដើម្បី​ឲ្យ​ចិត្ត​ជ្រះថ្លា​។

ស្របពេល ​ដែល​វត្ត​អារាម​នានា​មមារ​ញឹក​ខ្លាំង​ ជាមួយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ដែល​មាន​រយៈពេល​១៥​ ថ្ងៃនេះ​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុស​ស្រី​ចូលរួម​ប្រតិបត្តិ​នៅ​ក្នុង​ពិធី​មួយ​នេះ​យ៉ាងច្រើន​កុះករ​ដែរ​។​ ជាក់ស្ដែង​ ដូច​ជា​ វត្តមហាមន្ត្រី និងវត្តសំពោងផលអណ្តែត ដែល​ជា​វត្ត​មួយ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក៏​មាន​សភាព​មមារ​ញឹក​ខ្លាំង​ កំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ដែរ​ ។​ ប្រជាពលរដ្ឋ​ដែល​ចូលរួម​នៅ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នេះ​ បាន​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជូ​ន​នូវ​សីលធម៌​ និង​ទំនៀមទម្លាប់​ ដែល​ខ្មែរ​មាន​តាំងពី​បុ​រម​បុរាណ​។​

ព្រះភិក្ខុ ហ៊ុយ ម៉េងទៀង គង់នៅវត្តមហាមន្ត្រី រាជធានីភ្នំពេញ មាន​សង្ឃដិការ​ថា​ «តាម​បរម​បុរាណ​មក​ ខ្មែរ​តែងតែ​ទៅ​វត្ត​ យក​បាយ​សម្ល​ទៅ​ ប្រគេន​ព្រះសង្ឃ​  ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​អ្នក​ស្លាប់​ទៅ​។​ ហើយ​ទើប​ជំនឿ​បុណ្យ​ភ្ជុំបិណ្ឌ​ និង​ការយ​កបាយ​សម្លទៅ​ប្រគេន​ព្រះសង្ឃ​នេះ​ ប្រជាពលរដ្ឋ​ខ្មែរ​ចាប់​អនុវត្ត​ត​គ្នា​បែប​នេះ​រៀង​មក​»។​

ព្រះភិក្ខុ មានព្រះជន្នជាង ៣០វស្សាអង្គនេះ បន្ដ​ថា​ «​ជា​ប្រពៃណី​ខ្មែរ​យើង​ពី​បុ​រម​បុរាណ​មក​ ហេតុ​ដូច្នេះ​រាប់បាត្រ​ហ្នឹង​  ដើម្បី​បញ្ជូន​មគ្គផល​ ដល់​ញាតិ​ការ​ប្រាំពីរ​សន្ដាន​ ដែល​បាន​ចែក​ឋាន​ទៅ​ ខណៈ​លោក​ខាង​មុខ​ ។​ គឺថា​ យើង​មក​ត្រូវ​រាប់បាត្រ​ហ្នឹងហើយ​ ដើម្បី​ឲ្យ​ព្រះ​អង្គ​លោក​វេរ​បញ្ជូន​ទៅ​ឲ្យ​យើង​ ពីព្រោះ​អ្នកមាន​សីល​។​ យើង​បញ្ជូន​ខ្លួន​យើង​អត់​ដល់​ទេ​»​។​

ចំណែកព្រះភិក្ខុមួយអង្គទៀត ព្រះនាម  វឌ្ឍនវង្សា ទែនវ៉ាន់នី ព្រះគ្រូសូត្រស្តាំ វត្តសំពោងផលអណ្តែត ក្នុងខ័ណ្ឌច្បារអំពៅ    បានមានថេដិការថា    «​វា​មាន​អត្ថប្រយោជន៍​ដែល​បាន​ ដូច​ថា​យើង​ក្នុង​មួយ​ឆ្នាំ​ធ្វើ​ម្ដង​ ​ ដើម្បី​បញ្ជូន​ឲ្យ​ជីដូន​ជីតា​យើង​ដែល​បាន​ស្លាប់​ទៅ​ ជួនកាល​គាត់​ក៏​បាន​ទៅ​កើត​ខ្ពង់ខ្ពស់​ទៅ​ ខ្លះ​ក៏​ទៅ​ជា​ប្រេត​ទៅ​។​ ហេតុ​ដូច្នេះ​ គឺថា​ យើង​យក​ធ្វើ​ក្នុង​ម្ដង​ហ្នឹង​ បញ្ជូន​ទៅ​ឲ្យ​គាត់​។​ បញ្ជូន​ទៅ​ឲ្យ​គាត់​ហ្នឹង​ យើង​បញ្ជូន​ខ្លួនឯង​អត់​បាន​ទេ​ ទាល់តែ​លោក​អ្នកមាន​សីល​។​ ម្ល៉ោះហើយ​ យើង​រាប់បាត្រ​ ដើម្បី​ប្រគេន​ព្រះសង្ឃ​ទៅ​ ហើយ​ព្រះសង្ឃ​វេរ​បញ្ជូន​ទៅ​ឲ្យ​»​។

ព្រះភិក្ខុ វឌ្ឍនវង្សា​ ទែនវ៉ាន់នី ដដែលបានមានថេដិការ បន្តថា «ក្នុងរយៈពេលភ្ជុំ បិណ្ឌនេះចាស់ៗបាននាំគ្នាទៅស្នាក់នៅវត្តធ្វើសមាទានសីល បម្រើព្រះសង្ឃ សម្អាតទីអារាម។ ចំណែកប្រជាពលរដ្ឋមួយចំនួនទៀតបានចែកវេនគ្នា ជាវេនចំនួន១៥ថ្ងៃឬយើងហៅថាថ្ងៃកាន់បិណ្ឌ»។

ព្រះគ្រូ សូត្រស្តាំ រូបនេះ បានបន្តថាអោយដឹងបន្ថែមថា ក្នុងថ្ងៃកាន់បិណ្ឌនីមួយៗ គេតែងធ្វើពិធីដូចជា ពេលយប់ ជួបជុំពុទ្ធបរិស័ទប្រគេនភេសជ្ជៈចំពោះព្រះសង្ឃ និង ជូនចំពោះចាស់ៗព្រឹទ្ធាចារ្យនមស្ការ គោរពព្រះរតនត្រ័យ និមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្តែងធម៌ទេសនា។ ពេលព្រឹកប្រគេនអាហារចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជនដែលធ្វើមរណកាលទៅហើយ និងជាពិធីជួបជុំគ្នានៃញាតិសន្តានសាច់ញាតិទាំងអស់ដែលនៅទីឆ្ងាយៗ។​

ក្នុងស្លៀកសំពត់​ហូល​ ពាក់អាវ​ប៉ាក់​ ឈាង​ដោយ​កន្សែង​ អ្នកនាង ស៊ិន កញ្ចនា បាន​ និយាយ​ថា​ ក្រោយ​ពេល​ដែល​អ្នកនាង ​បាន​មក​ធ្វើបុណ្យ​ ​សប្បាយចិត្ត​។​ ព្រោះ​អី​ការ​ធ្វើបុណ្យ​នេះ​ បាន​ឧទ្ទិស​កុសល​ដល់​អ្នក​មានគុណ​ និង​ញាតិ​ការ​ទាំង​ប្រាំពីរ​សន្ដាន​។​

ចំណែកយុវជនមួយរូបទៀត ​ ពាក់​អាស​ដៃខ្លី​តឺ​ណុ​យ​ខោខ្មៅ​វិញ​ម្ដង​ លោក ឡេង ហ៊ួយ បាន​ ប្រាប់​ថា​ ក្រោយ​ពេល​ បាន​យក​បាយ​សម្ល​ ទៅ​ប្រគេន​ព្រះសង្ឃ​ និង​រាប់បាត្រ​រួច​ហើយ​ បាន​ធ្វើ​ ឲ្យ​​មាន​អារម្មណ៍​ស្រស់ស្រាយ​ និង​រីករាយ​ក្នុង​ការ​ធ្វើបុណ្យ​ «​មាន​អារម្មណ៍​សប្បាយចិត្ត​ ហើយ​ត្រេកអរ​ក្នុង​ការ​ធ្វើបុណ្យ​ ហើយ​មាន​អារម្មណ៍​ថា​ ខ្លួនឯង​ហ្នឹង​បាន​មក​សន្សំ​កុសល​ជា​ថ្មី​ម្ដងទៀត​»​។​

​លោក ឡេង ហ៊ួយ បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ដែល​លោក​ យក​បាយ​សម្ល​មក​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​នេះ​ គឺ​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ជីដូន​ជីតា​ និង​ញាតិសន្ដាន​ ដែល​បាន​ចែ​យ​ឋាន​ទៅ​ «​ដើម្បី​ជូន​ដល់​យាយ​តា​ បងប្អូន​ទាំងអស់​ ដែល​បាន​ចែក​ឋាន​ទៅ​»​។​

តាមឯកសារទំនៀមទម្លាប់ខ្មែរមួយចំនួន បានបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ បានកកើតនៅលើទឹកដីខ្មែរ តាំងពីយូរ​លង់ណាស់ មកហើយពោលគឺ កើតតាំងពីសម័យអាណាចក្រខ្មែរ គឺស្របពេលដែលព្រះពុទ្ធសាសនា ហូរ​ចូលជាលើកដំបូងមក ក្នុងទឹកដីមួយនេះ ។

តាមសាស្ត្រាអានិសង្ស បិណ្ឌមានសេចក្តីថា ព្រះដ៏មានបុណ្យទ្រង់​ត្រាស់ ចំពោះអនាថបិណ្ឌិកសេដ្ឋី ថា អស់ម្តាយឪពុកញាតិកា បងប្អូនកូនចៅ របស់ជនទាំងឡាយ ដែលបាន​ស្លាប់ទៅមុនៗនោះ ទោះទៅកើតឯណាៗក្តី តែដល់រនោចខែភទ្របទដែលគេរៀបកាន់បិណ្ឌ តែងតែមកជួបជុំ​នៅពេលនោះ ។ ហេតុតែតេជះអានិសង្ឃនៃបុណ្យ ដែលអស់ញាតិសន្តានបានធ្វើបាយបិណ្ឌ បាយបិតបូរ នាខែ​ភទ្របទ ហើយឧទ្ទិសផលជូនទៅនោះ ពួកគេក៏បានរំដោះ រួចអំពីនរក ប្រេត។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមវិធីបុណ្យប្រពៃណី ដ៏ធំផ្សេងៗទៀតរបស់ខ្មែរ។ តាំងពីបូរាណ​កាល មករហូតដល់សម័យបច្ចុប្បន្ន ប្រជាជនខ្មែរ តែងប្រារព្ធពិធីបុណ្យនេះ មិនដែល​អាក់​ខាន​ម្តង​ណា​ឡើយ លើកលែង​តែ​ក្នុង របប​ប៉ុលពត​កាន់​កាប់​ប៉ុណ្ណោះ ៕

Add new comment

7 + 8 =