ថ្ងៃឈប់សម្រាកកម្មករខ្លះទៅស្រុក និងខ្លះទៀតនៅបន្តធ្វើការ

ប្រជាពលរដ្ឋធ្វើដំណើរ កាលពីពេលឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ។

កម្មករ កម្មការនី នៅក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅថ្ងៃឈប់សម្រាក ចាប់ពីថ្ងៃទី ១៧​ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០ ពួកគាត់ខ្លះធ្វើដំណើរទៅកាន់ស្រុកកំណើត និងខ្លះទៀតនៅបន្តការងារជាធម្មតា។

ក្នុងនោះ កម្មការនី កញ្ញា សូ លីណា ដែលមានស្រុកកំណើតនៅខេត្តព្រៃវែង បានថ្លែងអោយដឹងថា ក្នុងកំឡុងពេលឈប់សម្រាកសងចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ គឺកញ្ញាបានទៅលេងស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារនិងសាច់ញាត្តិ «ទៅស្រុកទៅលេងផ្ទះ ការធ្វើដំណើរយើងត្រូវតែការពារខ្លួនឯងកុំអោយឆ្លងជំងឺផ្សេងៗ»។

ដោយឡែកកម្មការនីពីររូបផ្សេងទៀតដែលមកពីខេត្តកំពត បច្ចុប្បន្នកំពុងតែបម្រើការងារនៅរាជធានីភ្នំពេញ បានលើកឡើងស្រដៀងៗគ្នាថា សម្រាប់ថ្ងៃឈប់សម្រាកសងនោះ ពួកគាត់មិនបានឈប់សម្រាកនោះទេ ដោយខាងរោងចក្រមានការងារច្រើនត្រូវធ្វើ ដូច្នេះពួកគាត់នៅបន្តការងារ ដោយខាងរដ្ឋបាលរោងចក្រ បានប្រកាសនឹងផ្តល់ថ្ងៃឈប់សម្រាក សងនៅថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខវិញ។

កញ្ញា ស៊ុន ស្រីណែត បាននិយាយថា «គាត់ប្រជុំប្រាប់រឿងឈប់សម្រាកនៅពេលភ្ជុំ ហើយនឹងនៅពេលអុំទូកវិញ តែរឿងឈប់សម្រាកចូលឆ្នាំមិននិយាយទេ»។

កម្មការនីរូបនេះ បានបន្ថែមថា ការមិនឈប់សម្រាកពេលនេះគឺចំណេញវិញ ដោយសារតែបង្កើនប្រាក់ចំណូល ដោយសារតែភ្ជាប់ជាមួយភ្ជុំបិណ្ឌវិញគឺបានចំនួនច្រើនថ្ងៃជាង។

ដើម្បីសងថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់អោយមន្ត្រីរាជការ កម្មករនិយោជិត គ្រប់រូបឈប់សម្រាកចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ ការសម្រេចលើកពេលឈប់សម្រាកក្នុងខែមេសា ដោយសារតែកម្ពុជា និងពិភពលោកកំពុងប្រឈមជាមួយនឹងជំងឺកូវីដ១៩៕

Add new comment

1 + 0 =