ជំនាញចិត្តវិទ្យាមានទីផ្សារទូលាយ តែមាននិស្សិតតិចតួចចូលរៀន

រូបភាព តំណាងទំនាស់ក្នុងគ្រួសារ។

រយៈពេលជិត២ឆ្នាំមកនេះ មេរោគកូវីដ១៩ បានបង្កការលំបាកជាច្រើនចំពោះ មនុស្ស រាប់ទាំងទារក កុមារ យុវវ័យ មនុស្សចាស់ជាដើម។ ការបាត់បង់ការងារ មុខរបរ ការធ្លាក់ចុះសេដ្ឋកិច្ច បញ្ហាអតុល្យភាពសុខភាពសាធារណៈ បានបង្កការញាំញីដល់ផ្លូវចិត្តរបស់មនុស្សតិចឬច្រើនដូចគ្នា។ និស្សិតសិក្សាជំនាញចិត្តវិទ្យាមានបំណង យកចំណេះដឹងរបស់ខ្លួន បន្ទាប់ពីរៀនចប់ មកជួយប្រឹក្សាចិត្តសាស្រ្ត។

ក្នុងចំណោមមុខវិជ្ជាជាច្រើន មុចវិជ្ជាចិត្តវិទ្យាគឺជាជំនាញមួយបែបយ៉ាងពិសេស ដែលសិស្សនិស្សិតមិនគួរមើលរំលង វាមិនត្រឹមតែជាជំនាញទន់សម្រាប់អ្នកសិក្សាទាំងឡាយទេ ថែមទាំងសំខាន់សម្រាប់សង្គមជាតិផងដែរ។

មនុស្សជាច្រើនមិនទាន់មានការយល់ដឹងច្រើនពីនិយ័មន័យនៃចិត្តវិទ្យា ដែលជាហេតុធ្វើឱ្យមានការយល់ច្រឡំថា មុខវិជ្ជាចិត្តវិទ្យាពេលដែលរៀនចប់គឺធ្វើអ្នកព្យាបាលមនុស្សមានសតិមិនល្អតែ​ប៉ុណ្ណោះ។ ការពិត ជំនាញចិត្តវិទ្យានេះគឺទូលំទូលាយណាស់ ដែលជំនាញនេះសិក្សាពី ចិត្តមនុស្ស ដូច្នេះសម្រាប់អ្នកដែលសិក្សាជំនាញនេះ គឺអាចឈ្វេងយល់ចិត្តខ្លួនឯង និងអ្នកដទៃបាន ដែលជាទន់សម្រាប់ដោះស្រាយបញ្ហានានា ដែលកើតមានឡើងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

កញ្ញា ឈិន ចាន់ណារី ជានិស្សិតឆ្នាំទី៣ សិក្សាជំនាញចិត្តវិទ្យានៃតេប៉ាតឺម៉ងចិត្តវិទ្យា ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា មុខវិទ្យានេះគឺល្អមែនទែន ដោយសារតែជំនាញនេះសិក្សាពីបាតុភូតុផ្លូវចិត្តរបស់មនុស្ស ដូច្នេះអ្នកសិក្សាគាត់អាចឈ្វេងយល់ពីខ្លួនឯងផង និងពីអ្នកដទៃផង។ កញ្ញាបន្តថា សិក្សាជំនាញនេះ រូបនាងអាចប្រើប្រាស់មត្ថភាពឈ្វេងយល់ខ្លះៗពីជំងឺផ្លូវចិត្តនានាដែលសង្គមខ្មែរមិនទាន់បានបើកចំហពេញលេញនៅឡើយក្នុងការនិយាយពីវា និងទទួលសេវាកម្មព្យាបាលទេ។

កញ្ញាបញ្ជាក់ថា ជំនាញចិត្តវិទ្យាគឺពិតជាត្រូវការចាំបាច់ ក្នុងការប្រើប្រាស់នៅក្នុងសង្គមតាមរយៈការងារគ្រប់វិស័យ សូម្បីតែការរស់នៅប្រចាំថ្ងៃជាដើម ហើយបើនិយាយឱ្យចំគឺមានទីផ្សារការងារច្រើន នេះបើតាមការមើលឃើញជាក់ស្ដែង និងតាមការដឹងពីលោកគ្រូអ្នកគ្រូ និងសិស្សច្បងនានា។

និស្សិតរូបនេះក៏បានបញ្ជាក់ទៀតថា តាមពិតទៅសង្គមខ្មែរច្រើនតែគិតថាជំងឺផ្លូវចិត្តនេះគឺជាជំងឺឆ្កួត ដែលជាហេតុបណ្ដាលឱ្យអ្នកដែលប្រទះនិងជំងឺនេះមិនហ៊ានមកទទួលការព្យាបាលជាមួយអ្នកជំនាញ ម្យ៉ាងការលើកកម្ពស់សុខភាពផ្លូវចិត្តនៅក្នុងបរិបទស្រុកខ្មែរ គឺជាពិតជាសំខាន់ណាស់ ហើយពិតជាត្រូវការការចូលរួមពីគ្រប់មជ្ឈដ្ឋាន។

និស្សិតឆ្នាំទី៣រូបនេះ បានឱ្យដឹងពីមូលហេតុ ដែលខ្លួនសម្រេចចិត្តរៀនជំនាញនេះដោយសារតែចិត្តស្រលាញ់ និងចាប់អារម្មណ៍ចំពោះមុខវិជ្ជាមួយនេះ ព្រោះកាលពីមុនគិតថារៀននៅសាកលវិទ្យាល័យពេលរៀនចប់នឹងធ្វើគ្រូ តែតាមពិតក្រោយពីបានរៀនសូត្រជំនាញនេះ ទើបរូបគាត់ដឹងថាវាពិតជាមានឱកាសការងារច្រើនមែនទែននៅក្នុងសង្គម។ កញ្ញាថា ក្រោយរៀនចប់អាចក្លាយជាអ្នកប្រឹក្សាចិត្តសាស្រ្តនៅតាមសាលារៀន គ្លីនិក អាចធ្វើជាគ្រូបង្រៀន ជាពិសេសគឺអាចធ្វើជាអ្នកស្រាវជ្រាវ ជាបុគ្គលិកនៅក្នុងអង្គការនានា ឬប្រឡងចូលក្របខណ្ឌក្រសួងកិច្ចការនារី ជាដើម។

 

កញ្ញា ឡោ ផាលីន ជានិស្សិតទី៣ សិក្សាជំនាញចិត្តវិទ្យា ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងមិនខុសគ្នានិងនិស្សិតខាងលើទេ។ តាមការលើកឡើងរបស់និស្សិតរូបនេះ យល់ឃើញថា ជំនាញចិត្តវិទ្យាគឺមិនត្រឹមតែផ្ដល់ជាប្រយោជន៍ដល់សង្គមទេ ថែមទាំងផ្ដល់ការគិត ការយល់ឃើញបែបទូលំទូលាយក្នុងការដោះស្រាយបញ្ហាក្នុងគ្រួសារ និងចំពោះខ្លួនឯងផងដែរ។

កញ្ញា ឡោ ផល្លីន បានប្រាប់ថា ដោយសារតែរូបគាត់ចូលចិត្តលើកទឹកចិត្តអ្នកដទៃ ចង់ជួយដោះស្រាយបញ្ហាដែលអ្នកជុំវិញខ្លួនជួបប្រទះ ហើយណាមួយដោយសារតែចិត្តស្រលាញ់ជំនាញនេះផងនោះ ទើបធ្វើឱ្យរូបគាត់ជ្រើសរើសយកជំនាញនេះតែម្ដង។ ជាងនេះទៅទៀត ជំនាញនេះគឺមានទីផ្សារការងារធំទូលាយ ទាំងក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងក្នុងស្ថាប័នដទៃទៀតសុទ្ធតែត្រូវការអ្នកចិត្តវិទ្យាមកធ្វើការជាមួយគ្នា។

កញ្ញាក៏បានលើកឡើងដែរថា បើក្នុងសង្គមមិនមានជំនាញចិត្តវិទ្យា ឬអ្នកចិត្តវិទ្យាទេនឹងជួបបញ្ហាប្រឈមច្រើនក្នុងការទំនាក់ទំនង ការមិនយល់ចិត្តគ្នា ការប្រឈមនិងការរស់នៅប្រចាំថ្ងៃ បញ្ហាផ្លូវចិត្តនឹងកើនឡើង ជាអត្រាអ្នកមានវិបត្តិផ្លូវចិត្តកើនឡើងអាចឈានដល់ការធ្វើអត្តឃាតជាដើម។

និស្សិតឆ្នាំទី ៣រូបនេះ បន្តថា ដោយសារតែចំនួនអ្នកសិក្សាជំនាញនេះនៅមានចំនួនតិចតួចនៅឡើយ ស្របពេលដែលតម្រូវការក្នុងសង្គមច្រើន ដូច្នេះទីផ្សារការងារពិតជាត្រូវការចាំបាច់ និងទូលំទូលាយមែនទែន ពិសេសគឺសម្រាប់ផ្នែកអប់រំតែម្ដង។

និស្សិតរូបនេះលើកឡើងថា បញ្ហាផ្លូវចិត្តពិតជាសំខាន់ បើអ្នកមានសុខភាពផ្លូវកាយល្អតែអ្នកកំពុងតែទូលវិបត្តិផ្លូវចិត្ត នោះការរស់នៅរបស់អ្នកពិតណាស់ថាគ្មានសេចក្ដីសុខទេ។ ដូច្នេះ ការយល់ដឹងពីចិត្តវិទ្យា និងបញ្ហាផ្លូវចិត្ត ពិតជាមានសារៈសំខាន់ដែលគ្រប់គ្នាគួរចាប់អារម្មណ៍ និងឱ្យតម្លៃជំនាញនេះ៕

Add new comment

1 + 5 =