
ឆាលី ឆេបលីន ឬជនជាតិខ្មែរស្គាល់ថា សាក់ឡូ ជាតារាកំប្លែងបរទេសដ៏ល្បីល្បាញ
លោកឆាល់ ស្ពេនសឺ ឆេបលីន ឬឆាលី ឆេបលីន ដែលជនជាតិខ្មែរ ស្គាលថា សាក់ឡូ កើតនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៨៨៩ នៅទីក្រុងឡុង ចក្រភពអង់គ្លេស និងស្លាប់នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៧ នៅទីក្រុង ឃ័រស្យេ សៀ វីវ៉េ ប្រទេសស្វីស។ លោកសាក់ឡូ គឺជាតារាសម្តែងកំប្លែង សមិទ្ធិករភាពយន្ត អ្នករៀបចំសេណារីយ៉ូ ផលិតករ និងជាអ្នកនិពន្ធបទភ្លេង ជនជាតិអង់គ្លេស។
ក្លាយជាតួអង្គនៃភាពយន្តគរ ចាប់តាំងពីពាក់កណ្តាលទសវត្សឆ្នាំ១៩១០ និងជាពិសេសតួអង្គកំប្លែង។ លោកសាក់ឡូ ច្រើនដើរតួអង្គ ជាអ្នកដើរអនាថា។ បន្ទាប់មក លោកសាក់ឡូ បានទទួលកិត្តិនាមដ៏ល្បីល្បាញ និងការទទួលស្គាល់កាន់តែទូលំទូលាយតាមរយៈការសម្តែង ក៏ដូចជាការផលិតខ្សែភាពយន្ត។ ក្នុងអំឡុងអាជីបដ៏វែងរយៈពេល ៦៥ឆ្នាំ លោកបានដើរតួសម្តែងក្នុងរឿងជាង ៨០។
លោកសាក់ឡូធំធាត់នៅក្នុងគ្រួសារទុរគតមួយជាមួយនឹងអវត្តមានលោកឪពុក និងម្តាយដែលទាំងតែជួបប្រទះការខ្វះខាតលុយគ្រប់ពេលវេលា។ ឪពុកម្តាយរបស់លោកគឺជាសិល្បករនៅសាលសម្តែងតន្រ្តី ហើយបានលែងលះគ្នាតាំងពីលោកចាប់កំណើតមកម្ល៉េះ។ ក្រោយមក ម្តាយរបស់លោកមានរោគចិត្ត តម្រូវឲ្យទៅនៅមន្ទីរពេទ្យវិកលចរិត នៅពេលដែលលោកមានអាយុត្រឹម ១៤ឆ្នាំ ប៉ុណ្ណោះ។ នៅអាយុ ៥ឆ្នាំ លោកបានឡើងឆាកជាលើកទី១ លោកក៏បានចាប់ផ្តើមសម្តែងនៅក្នុងសាលតន្រ្តីហើយក៏បានក្លាយជាតួសម្តែងយ៉ាងឆាប់រហ័ស។ នៅអាយុ ១៩ឆ្នាំ លោកសាក់ឡូ ទៅកាន់សហរដ្ឋអាម៉េរិក។ លោកសាក់ឡូ បានដើរតួសម្តែងក្នុងខ្សែភាពយន្តជាលើកទី១ នៅឆ្នាំ ១៩១៤ នៅក្នុងរឿង មានចំណងជើង ដើម្បីចិញ្ចឹមជីវិត។ លោកសាក់ឡូ បានដើរតួនៅក្នុងក្រុមហ៊ុនផលិតកម្មសិល្បៈធំៗ ជាច្រើននៅអាម៉េរិក។ នៅឆ្នាំ១៩១៨ លោកសាក់ឡូ គឺជាបុគ្គលដ៏ល្បីល្បាញមួយរូបក្នុងចំណោមបុគ្គលល្បីល្បាញជាច្រើន។
នៅឆ្នាំ១៩១៩ លោកសាក់ឡូចូលរួមជាមួយក្រុមហ៊ុន United Artists និងទទួលគ្រប់គ្រងស្នាដៃទាំងអស់របស់លោក ដូចជា រឿងទាហានសាក់ឡូ នៅឆ្នាំ១៩១៨ រឿង ឃីដ នៅឆ្នាំ១៩២១ រឿងមតិសាធារណៈនៅឆ្នាំ១៩២៣ រឿងការសម្រុកទៅរកមាស នៅឆ្នាំ១៩២៥ រឿងសៀក នៅឆ្នាំ១៩២៨។ គាត់បដិសេធថតភាពយន្តសម្លេង ហើយបន្តផលិតខ្សែភាពយន្តគនៅក្នុងទសវត្សឆ្នាំ១៩៣០ ដូចជាជារឿង ពន្លឺនៅទីក្រុងនៅឆ្នាំ១៩៣១ រឿងវិហារទំនើបនៅឆ្នាំ១៩៣៦។ បន្ទាប់មកស្នាដៃរបស់លោកសាក់ឡូ ក៏កាន់តែក្លាយជារឿងនយោបាយ ដូចជារឿង ជនផ្តាច់ការនៅឆ្នាំ១៩៤០ ដែលលោកចំអកឲ្យលោកហ៊ីត្លែរ និងមូស៊ូលីនី។ ប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះនៅទសវត្សឆ្នាំ១៩៤០ ដោយហេតុផលនៃការជជែកវែកញែកអំពីរឿងរបស់លោកដែលមានទំនាក់ទំនងស្នេហាជាមួយនារីនៅវ័យក្មេងជាងរូបគាត់ពេក និងទទួលរងការប្តឹងផ្តល់ឲ្យទទួលស្គាល់ភាពជាឪពុក។ លោកក៏បានជ្រើសរើសទៅរស់នៅនៅស្វីសនៅឆ្នាំ១៩៥២។
លោកឆេបលីន ជាសមិទ្ធករ និងផលិតករភាគច្រើននៃរឿងរបស់លោក លើសពីនេះ លោកក៏សម្តែង និងនិពន្ធតន្រ្តី។ លោកជាអ្នកធ្វើអ្វីស្រឡាញ់ភាពឥតខ្ចោះ ហើយឯករាជ្យភាពខាងលុយកាក់របស់លោកធ្វើឲ្យលោកអាចចំណាយពេលជាច្រើនឆ្នាំដើម្បីអភិវឌ្ឍស្នាដៃរបស់លោកម្តងមួយៗ។ លោកសាក់ឡូគឺជាអ្នកសម្តែងរឿងកំប្លែង ប៉ុន្តែជាការកំប្លែងដែលលើកយកការឈឺចាប់ និងទុក្ខវេទនាក្នុងជីវិតមកធ្វើជារឿងកំប្លែង។
នៅឆ្នាំ១៩៧២ រដ្ឋបណ្ឌិតសភា វិទ្យាសាស្រ្ត និងសិល្បៈរូបភាពរស់រវើកនៅអាម៉េរិកបានផ្តល់ឲ្យលោកនូវពានរង្វាន់កិត្តិយសអូស្ការ សម្រាប់ការចូលរួមដែលមិនអាចកាត់ថ្លៃបានរបស់លោកទៅក្នុងឧស្សាហកម្មខ្សែភាពយន្ត ហើយខ្សែភាពយន្តភាគវែងៗ របស់លោក សព្វថ្ងៃនេះ ត្រូវបានចាត់ទុកជាផ្នែកនៃភាពយន្តដ៏ល្បីល្បាញបំផុតសម្រាប់គ្រប់សម័យកាល។


Add new comment