គ្រួសារក្រីក្រមានមានប្រសើរច្រើនបន្ទាប់ពីទទួលបានសាច់ប្រាក់ឧបត្ថម្ភ

នៅក្នុងអំឡុងពេលកម្ពុជាជួបប្រទះជំងឺកូវីឌ១៩នេះ បានប៉ះពាល់ដល់គ្រួសារប្រជាពលរដ្ឋកម្ពុជា មួយចំនួនលើផ្នែកសេដ្ឋកិច្ចគ្រួសារ។ ជាក់ស្តែងគ្រួសារក្រីក្រដែលទទួលបាន នូវប្រាក់ឧបត្ថម្ភដែលជាជំនួយសង្គមនេះ បានលើកឡើងថា ប្រាក់នេះបានជួយសម្រួលជីវភាពគ្រួសារពួកគាត់ នៅក្នុងពេលលំបាកនេះ។

ជាពិសេសទៀតនោះ ជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្រោយពេលទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ដែលជាជំនួយសង្គមជុំទី១ខែមីថុនាកន្លងទៅ ពួកគាត់អាចយកថវិការទាំងនោះទៅដោះស្រាយ នូវជីវភាពឬក៏ទិញនូវអ្វីដែលជាការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងការហូបចុកប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។

មានទីលំនៅស្ថិតនៅសង្កាត់ចង្អ្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ សម្រាប់គ្រួសារក្រីក្រដែលបានបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវភាពសប្បាយចិត្ត​រីករាយ ដែលទទួលបាននូវការឧបត្ថម្ភសង្គមនេះ។

ជាក់ស្តែងគ្រួសារក្រីក្រ ដែលរស់នៅសង្កាត់ចង្អែ្រលើ បានថ្លែងបា្រប់កាលពីចុងសប្តាហ៍នេះថា សាច់ប្រាក់ដែលបានជួយក្នុងកំឡុងពេលនេះ បានធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ បានដោះស្រាយនូវជីវភាពខ្វះខាត ហើយភាពប្រសើរនេះអាចឱ្យពួកគាត់ អាចយកថវិការនេះទៅចំណាយ ទិញអង្ករ ទិញថ្នាំសង្កូវ និងចំណាយផ្សេងៗដែលជាចំណាយចាំបាច់ សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់គ្រួសារ។

អ្នកស្រី តូច គីមលី ជាប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងពេលវិបត្តិកូវីឌ១៩ បាននិយាយថា «ចា! បានជួយសម្រួលបានកន្លះខែ បានទិញទឹកដោះគោចៅ ទិញអង្ករ ទិញម្ហូបអាហារបានប្រហែលកន្លះខែដែរ។ ខ្ញុំទិញអង្ករជាគីឡូទេ ដោយក្នុងមួយថ្ងៃមួយគីឡូ តែក្រោយពេលបានលុយពីរដ្ឋ យើងអាចទិញអង្ករបានជាបេ (បាវ)»។

ជាប្រជាពលរដ្ឋដែលស្ថិតក្នុងចំណោមងាយរងគ្រោះមួយរូបទៀត អ្នកស្រី ជា សម្បត្តិ បាននិយាយថា «ពេលបានលុយនេះ បានយកទៅទិញអីហូប និងទិញថ្នាំសង្កូវ។ លុយនេះបានច្រើន គ្រាន់នឹងទិញអង្ករ ម្ហូបអាហារ សម្រាប់ហូប»។

ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងពេលវិបត្តិជំងឺកូវីឌ១៩នេះ ជាកម្មវីធីថ្មីដែលរដ្ឋាភិបាល បានដាក់ចេញឡើងដើម្បីសម្រួលជីវភាព រស់នៅរបស់គ្រួសារក្រីក្រ ដោយធ្វើឡើងជាដំណាក់កាល។ ចាប់ផ្តើមដំបូងក្នុងខែមិថុនា ឆ្នាំ២០២០នេះ ​សម្រាប់ការឧបត្ថម្ភសាច់ប្រាក់ជុំទី១ បានបិទបញ្ចប់ត្រឹមថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០​ ម៉ោង៦ល្ងាច។ រីឯការឧបត្ថម្ភសាច់ប្រាក់នៅជុំទី២ គឺបានបើកចាប់ពីថ្ងៃ ២៥ ខែកក្កដា ឆ្នាំ២០២០នេះ តទៅ។

កន្លងមកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ​ក៏បានក្រើនរំលឹកជាច្រើនសារ ប្រាប់ដល់គ្រួសារក្រីក្រ ដែលត្រូវថវិការក្នុងជុំទី១ ត្រូវរូសរាន់មកផ្ទៀងផ្ទាត់ និងបើកថវិការ ឱ្យបានត្រឹមម៉ោង៦ល្ងាច ថ្ងៃទី ២៤ ខែកក្កដា។ ការជំរុញឱ្យមានការ រូសរាន់បំពេញកាតព្វកិច្ចនេះ ព្រោះថាការមកផ្ទៀងផ្ទាត់ និងបើកសាច់ប្រាក់មានការយឺតយ៉ាវ ឈានដល់ថ្ងៃទី ២៥​ ខែកក្កដានោះ គ្រួសារក្រីក្រ នឹងមិនអាចទទួលបានថវិការសម្រាប់ជុំទី១ នៅក្នុងខែមិថុនានោះទេ៕

ដោយ សុផានិត

Add new comment

14 + 1 =