ក្រូចវល្លិ៍អាចផ្តល់ចំណូលបានរាប់ពាន់ដុល្លាក្នុងមួយខែ

ផ្លែផាសិន ឬហៅជាភាសាខ្មែរថា ក្រូចវល្លិ៍។

វិស័យកសិកម្មចាត់ទុកជាវិស័យអាទិភាពមួយរបស់ប្រទេសកម្ពុជា ដោយសារតែស្ថានភាពពេលនេះ យើងមើលឃើញថា វិស័យកសិកម្មនៅតែមានតម្រូវការខ្ពស់ ព្រោះតែប្រជាពលរដ្ឋត្រូវការដើម្បីបំពេញក្រពះជាប្រចាំថ្ងៃ ជាក់ស្តែងផលិតផលកសិកម្មកម្ពុជា មិនទាន់ផ្អាកការបញ្ជាទិញណាមួយឡើយ។

ផ្លែតណ្ហា ឬហៅម្យ៉ាងទៀតថា ក្រូចវល្លិ៍ មានការពេញនិយមខ្លាំង ជាពិសេសនៅតាមបណ្តាហាងកាហ្វេ ភោជនីយដ្ឋាន តែងតែមានតម្រូវការជានិច្ច។ ដំណាំមួយប្រភេទនេះនៅពេលដែលទទួលបានផលហើយនោះ គឺមិនខ្វះទីផ្សារ។ មួយវិញទៀតផ្លែឈើនេះ មានអត្ថប្រយោជន៍ច្រើន ជាប្រភពនៃវីតាមីនសេ ក៏ជាចំណែកមួយទប់ស្កាត់ជំងឺមហារីកដែរ។

ក្រូចវល្លិ៍នេះ មិនពិបាកក្នុងការដាំដុះនោះទេ ហើយក្នុងពេលបច្ចុប្បន្ននេះកំពុងតែពេញនិយមនៅលើទីផ្សារផងដែរ និងមានការបញ្ជាទិញច្រើន រហូតដល់ប្រជាកសិករ មិនអាចផលិតទន្និផលទាន់ផងដែរ។​ លោក សំ តុលា ជាគ្រូបង្រៀននិងបានឆ្លៀតពេលដាំរុក្ខជាតិក្រូចវល្លិ៍នេះ បានអោយដឹងថា ដំបូងឡើយលោកបានដាំក្រូចនេះ ប្រមាណជា៣០០គុម្ពតែប៉ុណ្ណោះ ក្នុងឆ្នាំ២០១៦ តែដោយសារតែ ទន្នផលទទួលបានច្រើន និងលក់បានថ្លៃ ថែមទាំងមានទីផ្សារល្អ លោកក៏បានពង្រីកការដាំដុះជាបន្តបន្ទាប់រហូតដល់ ១៣០០គុម្ពក្នុងពេលបច្ចុប្បន្ននេះ។

អ្នកដាំក្រូចវល្លិ៍នេះ បានបន្តថា​ បច្ចុប្បន្ននេះក្រូចវល្លិ៍នេះគឺមានទីផ្សារច្រើន បើទោះបីជាប្រមូលផលក្នុងមួយថ្ងៃ១តោនក៏មានអ្នកទទួលទិញផងដែរ។

ជាគ្រូបង្រៀន និងជាអ្នកដាំក្រូចនេះ បានរៀបរាប់បន្ថែមថា ក្នុងផ្ទៃដីដាំដុះ១ហិចតាកន្លះ លោកបានចំណាយទុនប្រមាណជា៨ពាន់ដុល្លាអាមេរិក ហើយអាចប្រមូលផលបានចន្លោះពី២ទៅ៣តោនក្នុងមួយខែ ចំណែកតម្លៃវិញ ចន្លោះពី៨០០០ទៅ៩០០០រៀលក្នុងមួយគីឡូក្រាម។

លោក តុលា បានបញ្ជាក់បន្ថែមថា ក្រូចវល្លិ៍នេះ គិតចាប់ពីថ្ងៃដាំរហូតដល់ បានផលប្រហែលជា៨ទៅ៩ខែ ហើយក្នុងមួយឆ្នាំដំណាំនេះអោយផល ប្រហែលជា៨ខែ។

លោក តុលា បាននិយាយថា «ពីដំបូងឡើយយើងដាំប្រហែលជា៣០០គុម្ពទេ ប៉ុន្តែយើងឃើញថាទិន្នផលវាផ្តល់ផ្លែច្រើន និងទីផ្សារក៏ល្អ។ យើងក៏បានធ្វើការដាក់ដាំបន្ថែមទៀត បច្ចុប្បន្ននេះយើងដាំបានប្រហែលជា១ហិចតាកន្លះ»៕

Add new comment

3 + 2 =