ក្នុងរដូវភ្ជុំនេះ អ្នកប្រកបរបរដឹកភ្ញៀវមិនដំឡើងថ្លៃទេ

រថយន្តតាក់ស៊ី រងចាំអតិថិជន ក្នុងរដូវកាលភ្ជុំបិណ្ណកាលពីពេលថ្មីៗនេះ។

ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ ក្នុងនោះយើងឃើញថា ការធ្វើដំណើរទៅស្រុកកំណើតរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅ និងប្រកបការងារក្នុងរាជធានីភ្នំពេញ បានចាក​ចេញទៅកាន់ទីកន្លែងកំណើតយ៉ាងច្រើនកុះករ។

ស្របពេលនឹងការចាកចេញរបស់ប្រជាពលរដ្ឋ ទៅកាន់បណ្តាខេត្តនានា ស្ទើរតែពាសពេញផ្ទៃប្រទេស អ្នកប្រកបរបររកស៊ីទទួលទានជាអ្នករត់តាក់ស៊ី (ឡានដឹកអ្នកដំណើរ)ឬរថយន្តឈ្នួល ភាគច្រើនមិនបានដំ​ឡើង​ថ្លៃនោះទេ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ដោយសារតែពិភពលោកកំពុងជួបនឹងវិបត្តិជំងឺកូវីដ១៩។

ចំណតឡានផ្សារថ្មីក្នុងរាជធានីភ្នំពេញ ដែលស្គាល់ជាទូទៅថាជាបេនឡានធំជាងគេមួយមានអ្នកប្រកបរបរ​បើកបររថយន្ត ក៏ដូចជារថយន្តលក់សំបុត្រនានា ដែលសុទ្ធតែអះអាងថា កាលពីបុណ្យភ្ជុំបិណ្ឌកន្លងមកនោះ មិនមានការដំឡើងថ្លៃនោះទេ។

ក្នុងឆ្នាំនេះដែរ បើទោះបីជាមានលំហូរចាកចេញពីរាជធានីក៏ពិតមែន ប៉ុន្តែមានសភាពស្ងប់ស្ងាត់ជាងបណ្តាឆ្នាំមុនៗ ដែលបណ្តាលមកពីប្រជាពលរដ្ឋខ្លាចនឹងការឆ្លងជំងឺកូវីដ១៩ ចំណុះគ្នាច្រើនប្តូរមកប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ដូចជាម៉ូតូ ឬរថយន្ត ដើម្បីរក្សាគម្លាតសុវត្ថិភាពសង្គម តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

លោក អូន ឧស្សាហ៍​ ជាអ្នករត់តាក់ស៊ី ភ្នំពេញ សៀមរាប បានអោយដឹងកាលពីចុងសប្តាហ៍ថា «មួយថ្ងៃរត់ (បើកបរ) បានតែមួយជើងនោះទេ ដោយក្នុងមួយនាក់យកតម្លៃ ៥ម៉ីនរៀល។ តម្លៃនេះមិនឡើងថ្លៃនោះទេ តាំងពីមុនភ្ជុំនិងក្រោយភ្ជុំ ដោយអតិថិជន ជិះវិលជុំជាងរៀងរាល់ថ្ងៃ»។

អ្នកបើកតាក់ស៊ីអស់ពេលប្រមាណ១០ឆ្នាំរូបនេះ បន្តថា កត្តាដែលមិនដំឡើងថ្លៃក្នុងឆ្នាំនេះ ដោយសារតែកត្តារួមផ្សំជាច្រើនរួមមាន ប្រទេសកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ១៩ ដែលធ្វើអោយកម្រិតជីវភាពប្រជាពលរដ្ឋថយចុះ។ កត្តាតម្លៃសាំងនិងហ្គាស ថយតម្លៃជាងឆ្នាំមុនៗ និងប្រជាពលរដ្ឋធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួនច្រើនជាងធ្វើដំណើតដោយរថយន្តឈ្នួល។

ចំណែកអ្នកបើកតាក់ស៊ីមួយរូបទៀត លោក ឈ្នួន កក្កដា បាននិយាយថា ៖ «បើប្រៀបធៀបជាមួយនឹងឆ្នាំមុន មនុស្សច្រើនជាង ក្នុងឆ្នាំនេះមនុស្សធ្វើដំណើរមានតិចតួច។ ឡានតាក់ស៊ីពួកខ្ញុំមិនដំឡើងថ្លៃទេ ក្នុងឆ្នាំនេះ ព្រោះមិនមានភ្ញៀវជិះនោះទេ ដោយរក្សាតម្លៃធម្មតាដដែល»។

ចំណែកអ្នករត់តាក់ស៊ី ភ្នំពេញ ខេត្តពោធិសាត់ លោក ឈ្នួន បូរ៉ាណែត​ បាននិយាយថា សព្វថ្ងៃនេះ ក្នុងមួយថ្ងៃបើកបរបានតែមួយជើងនោះទេ ដោយរក្សាតម្លៃដដែលមិនមានការដំឡើងថ្លៃនោះទេ ព្រោះតែមិនមានភ្ញៀវជិះ ដោយសារ​វិបត្តិនៃជំងឺកូវីដ១៩។

បើទោះបីជាកត្តារួមផ្សំបណ្តាលមកពីជំងឺកូវីដ១៩ ដែលធ្វើអោយតម្លៃនៃសំបុត្ររថយន្តរក្សាបានតម្លៃថេរ ដោយមិនមានការដំឡើងថ្លៃ។ ក្នុងនោះប្រជាពលរដ្ឋមួយភាគធំ បានប្តូរមកប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន​ ជាជាងការធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយរួម ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩៕

Add new comment

15 + 5 =