ការចំណាយកើន ចំណូលថយចុះ ហើយកិច្ចការផ្ទះក៏កាន់តែច្រើន

 នៅក្នុងខណៈពេលដែលមេរោគកូវីដ ១៩ នៅតែបន្តឆ្លងរីករាលដាលនៅទូទាំងប្រទេស បងប្អូនស្រ្តី នៅកម្ពុជាបានរអ៊ូរទាំថា ការចំណាយប្រចាំគ្រួសារមានការកើនឡើង ខណៈដែលចំណូលថយចុះ ហើយពួកគេក៏ត្រូវហត់នឿយខ្លាំងបន្ថែមទៀតនៅលើកិច្ចការផ្ទះ មើលថែទាំកូន ខណៈដែលពួកគេ មិនបានទៅសាលារៀន ។

លោកស្រី ថន ចាន់ថេន ជាអ្នកគ្រូមតេយ្យសាលាឯកជនមួយកន្លែង បានលើកឡើងថា នៅក្នុងកំឡុង ពេលកូវីដ-១៩រីករាលដាលនេះ ការចំណាយនៅក្នុងគ្រួសារលោកស្រីមានការកើនឡើងជាងមុន ខណៈ ចំណូលក្នុងគ្រួសារក៏ត្រូវបានថយ ដោយបងស្រី ផ្ទាល់ត្រូវបានកាត់បន្ថយ ប្រាក់ខែប្រមាណជា២០ ភាគរយៈនៅ ក្នុងមួយខែ។

លោកស្រីបានបន្ថែមថា នេះគឺជាការលំបាកមួយ ពីព្រោះសព្វថ្ងៃនេះ ជាមួយនឹងប្រាក់ចំណូលប្រចាំខែ ក្រៅពីចំណាយថ្លៃជីវភាពប្រចាំថ្ងៃរបស់គ្រួសាររបស់លោកស្រី ហើយនោះ លោកស្រី ក៏ត្រូវតែសន្សំសំចៃ មួយចំណែកសម្រាបបង់រំលួសសងប្រាក់ធនាគារ ការចំណាយទៅលើការសិក្សារបស់កូន និងការចំណាយ លើថ្នាំព្យាបាលឪពុកម្តាយក្មេកជារៀងរាល់ខែ។

លោកស្រីបានបញ្ជាក់ថា " កាលពីមិនទាន់មានកូវីដ-១៩ ខ្ញុំបានទិញដីបង់រំលោះមួយកន្លែង ដោយគិតថា វាអាចរត់ទៅរួច ដែលដល់ពេលកូវីដ-១៩មកដល់ ស្រាប់តែគេកាត់ប្រាក់ខែ ដូច្នេះក៏ កំពុងតែជួបការលំបាក លើការបង់សងប្រាក់ធនាគារ ដោយសារតែមួយខែៗគឺប្រាក់ខែដែលនៅសល់ គឺសម្រាប់តែការចាយវាយថ្លៃជីវភាព និង ការចំណាយទៅលើការសិក្សារបស់កូនៗ" ។

លោកស្រី ចាន់ថេន បានឲ្យដឹងថា សព្វថ្ងៃនេះលោកស្រីមានកូន៣នាក់នៅក្នុងបន្ទុក ដោយកូនគាត់ម្នាក់ បានចូលរៀនថ្នាក់មតេយ្យ ម្នាក់ថ្នាក់ទី២ និងម្នាក់ទៀតថ្នាក់ទី៧។ លោកស្រីលើកឡើងថា នៅពេលព្រឹកលោកស្រីជួយបង្រៀនកូនបានប្រហែលជា២០នាទី និងថ្ងៃឡើង បង្រៀន អានអក្សរនិងរាប់លេខសម្រាប់កូនមតេយ្យ និងថ្នាក់ទី២ឱ្យគាត់មើលមេរៀន និងធ្វើលំហាត់ ដែលគ្រូគាត់ដាក់ឱ្យ សម្រាប់កូនបងថ្នាក់ទី៧គឺគាត់រៀនដោយខ្លួនឯង។

លោកស្រីលើកឡើងថា នេះចេះកូនគាត់រាងធំធាត់គ្រាន់បើ ប៉ុន្តែសម្រាប់អ្នកដែលមានកូនតូចវិញ គឺរិតតែពិបាក នៅពេលគាត់ធ្វើការផងមើលកូនដូចលោកស្រីនៅក្នុងពេលបច្ចុប្បន្ននេះ ។

នៅក្នុងពេលជាមួយគ្នានេះដែរ លោកស្រី ទីសុវណ្ណ ច័ន្ទធារី បានឱ្យដឹងដែរថា ចំណូលនៅក្នុង គ្រួសារ របស់លោកស្រីមានការធ្លាក់ចុះខ្លាំងដែរ ហើយការចំណាយនៅ ក្នុងគ្រួសារក៏មានការកើនឡើងទ្វេដង ព្រោះសេដ្ឋកិច្ចធ្លាក់ចុះតែទំនិញ ឬក៏អីវ៉ាន់គឺវា មានការកើនឡើង។

លោកស្រីបានឱ្យដឹងទៀតដែរថា ការលឺមាត់ ឬក៏ឈ្លោះប្រកែកគ្នាក្នុងគ្រួសារ ពេលខ្លះក៏វាមាន ទៅតាមអារម្មណ៍មួរម៉ៅម្តងម្កាលដែរ ដោយសារតែបញ្ហានេះ ។ លោកស្រីបានបន្តទៀតដែរថា នៅក្នុងកំឡុងពេលកូវីដ-១៩នេះផងដែរ ក្នុងនាមគាត់ជាស្រី្តមេផ្ទះ មានការលំបាកជាខ្លាំងក្នុងការទៅផ្សារ ព្រោះទី១គាត់ខ្លាចមានការឆ្លងពីគេត្រឡប់មកផ្ទះ។

តាមទិន្នន័យរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ កញ្ញានេះអោយដឹងថា មានអ្នកឆ្លងកូវីដ១៩ចំនួន528អ្នកជាសះស្បើយ447អ្នកស្លាប់13ដែលធ្វើអោយកម្ពុជាមានអ្នកឆ្លងសរុប95,828 អ្នកស្លាប់1,970 និងជាសះស្បើយសរុប91,131។

Add new comment

2 + 12 =