ការចិញ្ចឹមសត្វតាមបច្ចេកវិទ្យាទំនើប នៅតែទទួលបានប្រាក់ចំណូលខ្ពស់

វិស័យកសិកម្មផ្នែកចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងមានលក្ខណៈល្អប្រសើរគួរឱ្យកត់សម្គាល់ ទោះបីជាប្រទេសកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលមេរោគកូវីដ១៩យ៉ាងណាក៏ដោ​យ ប៉ុន្តែការចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បានក្លាយជាមុខរបរមួយដែលមានការចាប់អារម្មណ៍ច្រើនពីសំណាក់កសិករ និងអាចរកចំណូលបានខ្ពស់ ប្រសិនបើចិញ្ចឹមតាមបច្ចេកទេសត្រឹមត្រូវ។

កសិដ្ឋានចិញ្ចឹមសត្វជ្រូកមួយកន្លែង ដែល​មានទីតាំងសិ្ថតនៅខេត្តព្រះវិហារ កំពុងទទួលបានប្រាក់ចំណេ​ញ​ពីការចិញ្ចឹមជ្រូកយកសាច់ ព្រោះតែកម្ពុជាកំពុងមានតម្រូវការទីផ្សារខ្ពស់។

អ្នកស្រី យ៉ែម សុធារី ជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក បានឱ្យ​ដឹងថា ការចិញ្ចឹមសត្វធ្វើឱ្យ​អ្នកស្រី​បានចំណូលខ្ពស់ ហើយប្រទេសកម្ពុជាកំពុងអភិវឌ្ឍ ប្រជាជនក៏មានកំណើនច្រើន អ្នកស្រី​ក៏ចាប់មុខរបរនេះដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

កសិដ្ឋានចិញ្ចឹមជ្រូកយកសាច់មួយនេះ មានទំហំប្រមាណជា២ហិចតា និងបានដំណើរការ២ឆ្នាំមកហើយ។ បច្ចុប្បន្នកសិដ្ឋានរបស់អ្នកស្រី យ៉ែម សុធារី មានរោងចិញ្ចឹមចំនួន២ និងអាចផ្ទុកសត្វជ្រូកបានចំនួន៨០០ក្បាលក្នុងមួយរោង។

លោកស្រី យ៉ែម សុធារី បាន​ប្រាប់បន្តថា ៖«យើងធ្វើអ្វីទៅតាមបច្ចេកទេសរបស់ក្រុមហ៊ុនជាអ្នកកំណត់ ជាហេតុធ្វើឱ្យបញ្ហាជំងឺមិនមានទេ។ យើងអាចគ្រប់គ្រងជំងឺបានដោយសារទ្រុងយើងបិទជិត ដែលធ្វើមិនឱ្យប៉ះពាល់ដល់កូនជ្រូកយើងនោះទេ»។

ម្ចាស់កសិដ្ឋានដដែលរូបនេះ​​ បានបញ្ជាក់បន្ថែមថា កសិដ្ឋានមានលទ្ធភាពផ្គត់ផ្គង់ជ្រូកសាច់ លក់លើទីផ្សារក្នុងស្រុកចំនួន ២ដង ក្នុងមួយឆ្នាំ ដោយក្នុងមួយឆ្នាំអាចនាំជ្រូកចេញប្រមាណ ៣០០ក្បាល និងអាចទទួលបានប្រាក់ចំណេញចន្លោះពី ១៦០ ទៅ១៨០លានរៀល។

លោកស្រី យ៉ែម សុធារី បាន​ថ្លែងថា​ ៖«ពីមុនកូវីដ១៩ ចំណូលបងក្នុងមួយវគ្គបងបានចំនួន ១ម៉ីនដុល្លារ ហើយនៅពេលដែលជំងឺកូវីដ១៩ចូលមកដល់ ក៏ចំណូលបងនៅតែដដែល ដោយសារបងសហការណ៍ជា​មួយក្រុមហ៊ុន បើយើងថែរក្សាបានល្អ បងនៅតែបានលុយច្រើន»។

លោកស្រី យ៉ែម សុធារី បានពន្យល់ថា ដើម្បីឱ្យការចិញ្ចឹមជ្រូកទទួលបានជោគជ័យ យើងត្រូវគ្រប់គ្រងប្រព័ន្ធជីវសុវត្ថិភាព ក៏ដូចជាការអនុវត្តតាមគោលការណ៍អនាម័យឱ្យបានច្បាស់លាស់៕

Add new comment

12 + 5 =