កសិករបង្កើនការដាំដំណាំផ្លែត្របែកផ្អែម

កសិករដាំផ្លែត្របែកផ្អែម។

កសិករស្ថិតនៅក្នុងទឹកដីខេត្តកណ្តាល បង្កើនការដាំដុះប្រភេទផ្លែត្របែកផ្អែម ដែលងាយស្រួលក្នុងការដាំដុះ និងមិនពិបាកក្នុងការរកទីផ្សារនោះទេ ដើម្បីបង្កើនកម្រិតជីវភាពក្រុមគ្រួសាររបស់ពួកគាត់អោយប្រសើរឡើងបន្ថែមទៀត។

ក្នុងសកម្មភាពកាត់បន្ស៊ាំកូនត្របែក នៅក្នុងចម្ការកាលពីពេលថ្មីៗនេះ លោក សៅ ម៉េងអាន់ ដែលជាម្ចាស់ចម្ការត្របែកផ្អែម និងក៏ជាអ្នកបច្ចេកទេសដាំដំណាំហូបផ្លែ បានបញ្ជាក់ថា លោក បានប្រឹងប្រែងដាំដំណាំត្របែកផ្អែម ដើម្បីទទួលបាននូវផ្លែលក់ជារៀងរាល់ថ្ងៃ និងបាននាំចេញទៅកាន់ទីផ្សារក្រៅខេត្តនិងក្នុងខេត្តផង។

លោកបន្តថា កសិករប្រចាំតំបន់នេះបាន កំណត់យកដំណាំត្របែកផ្អែមធ្វើជា ផលិតផលភូមិមួយសម្រាប់ដាក់ បញ្ចូលប្រកួតប្រជែងនៅក្នុងទីផ្សារ ហើយបច្ចុប្បន្នមានអតិថិជនគាំទ្រច្រើន​ ដូច្នេះកសិករគួរសិក្សាពីបច្ចេកទេស ដាំដុះថែទាំ និងយកពូជទៅដាំបន្តអោយបានច្រើន។

លោក អែម សាវីន កសិករមកពីខេត្តកំពង់ចាម បានអោយដឹងថា ដំណាំឈើហូបផ្លែត្របែកផ្អែម មានទីផ្សារស្រួលលក់ជាងដំណាំ ឧស្សាហកម្មផ្សេងៗទៀត ព្រោះឈ្មួញបង្អាប់ថ្លៃមិនបាន។ លោកបានបន្តថា​ ដំណាំផ្លែត្របែកផ្អែមនេះ ធ្វើការដាំដុះអស់រយៈពេលជាង ៣ឆ្នាំមកហើយ។

លោកស្រី អូ មករា ជាអាជីវករ លក់ផ្លែឈើ បានទទួលស្គាល់ថា ផ្លែត្របែកផ្អែមដែលកសិករដាំ ស្រួលលក់ជាងផ្លែឈើផ្សេងៗទៀត ព្រោះប្រជាពលរដ្ឋនិយម និងទទួលស្គាល់ប្រភពដាំដុះបែបធម្មជាតិច្បាស់លាស់ មិនបង្កប៉ះពាល់សុខភាពដល់អ្នកបរិភោគ៕

Add new comment

11 + 2 =