កម្មការនីរោងចក្រត្អូញត្អែរប្រាក់ចំណូលថយចុះ ខណៈបុណ្យភ្ជុំបិណ្ឌជិតឈិតចូលមកដល់

កម្មការនីកំពុងដេរសម្លៀកបំពាក់។

ជារៀងរាល់ឆ្នាំនៅពេលពិធីបុណ្យភ្ជុំបិណ្ឌចូលមកដល់ ច្បាស់ណាស់មានបងប្អូនប្រជាពលរដ្ឋ អ្នកធ្វើការ នៅរាជធានីភ្នំពេញ នឹងចាកចេញទៅកាន់តាមបណ្តាខេត្ត ដើម្បីជួបជុំក្រុមគ្រួសារសាច់ញាតិ្តធ្វើបុណ្យទានជុំគ្នា។ កម្មករ កម្មការនី ថ្មីៗនេះទើបតែបានឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បច្ចុប្បន្ននេះ ជិតមកដល់ការឈប់សម្រាកភ្ជុំបិណ្ឌទៀតហើយ។

នៅពេលបុណ្យទានម្តងៗ កម្មករ និងកម្មការនី ក៏ត្រៀមលក្ខណៈធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួន ក្នុងកម្មករ កម្មការនី បានលើកឡើងថា ក្នុងឆ្នាំនេះ បានត្រៀមនូវថវិការ សម្រាប់ចូលរួមបុណ្យភ្ជុំបិណ្ឌរួចហើយ តែមិនមានច្រើនដូចឆ្នាំមុនទេ ដោយសារតែការងារតិច និងប្រាក់ចំណូលថយចុះ។

កម្មការនី ព្រុំ អេង ដែលមានស្រុកកំណើត នៅខេត្តស្វាយរៀង បច្ចុប្បន្នកំពុងបំពេញការងារនៅ រោងចក្រកាត់ដេរស្ថិតនៅក្នុងខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់កាលពីចុងសប្តាហ៍ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ អ្នកនាង ត្រូវប្រើប្រាស់ថវិការច្រើន ជាងពិធីបុណ្យនានា ព្រោះតម្រូវការនៃការទិញរបស់របរ ទុកជូនចាស់ៗនិងអ្នកមានគុណ។

កម្មការនីរូបនេះ បានអោយដឹងថា សម្រាប់ការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ មានគម្រោងតែមួយគត់គឺទៅលេងស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ហើយសម្រាប់មធ្យោបាយធ្វើដំណើរក្នុងឆ្នាំនេះ គឺធ្វើដំណើរតាមម៉ូតូ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ ឬការកក់ស្ទះការជិះរថយន្តឈ្នួលជុំគ្នានោះ។

អ្នកនាង ព្រុំ អេង បានបញ្ជាក់ថា «ទៅវត្តទៅអី! ខ្ញុំទៅស្រុករាល់ដងមិនសូវមានរបស់របរច្រើនទេ ព្រោះខ្ញុំទិញនៅស្រុកកំណើត ក្នុងឆ្នាំនេះមិនសូវទិញរបស់របរច្រើននោះទេ ព្រោះខ្ញុំមិនសូវបានបើកលុយដែរ។ ការងារខុសប្លែកច្រើន ព្រោះឥលូវមិនសូវមាន ក្រណាត់ មិនសូវមានរបស់របរធ្វើច្រើនទេ។ ប្រសិនបើយើងមានលុយច្រើន ធ្វើ(បុណ្យ)ច្រើន ព្រោះយើងឆ្នាំនេះយើងខ្សោយថវិការដែរ»។

ចំណែកកម្មការនីផ្សេងទៀត ក៏បានលើកឡើងដែរថា ក្រៅពីគម្រោងជួបជុំក្រុមគ្រួសារនៅស្រុកកំណើតក៏នឹងត្រៀម យកចង្ហាន់ទៅវត្តក្បែរៗផ្ទះ ដើម្បីឧទ្ទិសកុសលដល់ជីដូនជីតា និងញាត្តិមិត្តដែលបានចែកឋានទៅ។

អ្នកនាង ឆេង លឹងនាង ជាកម្មការនីរោងចក្រ បានបញ្ជាក់ថា «ឆ្នាំនេះមិនសូវមានចំណូលច្រើននោះទេ ដូច្នេះមិនសូវទិញរបស់របរច្រើនដូចពេលមុននោះទេ។ ឆ្នាំនេះប្រាក់ខែបើកបានតិចៗ មិនសូវមានលុយទិញរបស់របរនោះទេ រាល់ឆ្នាំម្នាក់ៗបានថែមម៉ោង ឆ្នាំនេះការងារមិនទៀង»។

ទាក់ទងទៅនឹងការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ កម្មករ និងកម្មការនី ទាំងនេះបានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រោង មានដំណើរកំសាន្តផ្សេងៗទៅកាន់ស្រុកកំណើត កុំភ្លេចការពារខ្លួន ពោលគឺកុំអោយឆ្លងជំងឺកូវីដ១៩ ឬជំងឺផ្សេងៗនៅក្នុងអំឡុងពេលបុណ្យទាននេះ ហើយសម្រាប់ថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ មានរយៈពេល៣ថ្ងៃគឺគិតចាប់ពីថ្ងៃទី១៦ដល់១៨ ខែសីហា ឆ្នាំ២០២០៕

Add new comment

1 + 1 =