អាណាព្យាបាលសប្បាយចិត្តនិងចូលរួមសហការណ៍ជាមួយសាលាក្នុងការបើកដំណើរការសាលារៀនដំណាក់កាលទី២

សិស្សានុសិស្សនៃសាលាបឋមសិក្សាចតុមុខ ចូលរៀននៅព្រឹកនេះ។

ការបើកដំណើរការសាលារៀននៅក្នុងដំណាក់កាលទី២នេះ គឺនឹងត្រូវធ្វើឡើងសម្រាប់សិស្សានុសិស្សទាំង៣កម្រិត ដែលរាប់បញ្ចូលទាំងថ្នាក់មត្តេយ្យ បឋមសិក្សា និងមធ្យមសិក្សា។ តាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ផងដែរថា ការបើកដំណើរការសាលារៀនជាថ្មីនៅក្នុងដំណាក់កាលទី២នេះ គឺធ្វើឡើង សម្រាប់សាលារៀនរដ្ឋមួយចំនួន និងសាលារៀនឯកជនមួយចំនួន​តែប៉ុណ្ណោះ។

សម្រាប់ការបើកដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី២នេះ បានចាប់ផ្តើមនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះហើយ ដែលតម្រូវអោយគ្រឹះស្ថានសិក្សាទាំងអស់នោះ គឺត្រូវតែអនុវត្តទៅតាម លក្ខខណ្ឌតម្រូវបច្ចេកទេសនិងការបង្រៀនដែលកំណត់ដោយ ក្រសួងអប់រំ យុវជន និងកីឡា​ តាមរយៈវិធីសាស្រ្តសិក្សាតាមបែបចម្រុះ មានន័យថាការសិក្សានៅក្នុងថ្នាក់រៀនផង និងការសិក្សាតាមប្រព័ន្ធអនឡាញផង ដោយអមជាមួយនឹងសន្លឹកកិច្ចការជំនួយខ្លះ និងសៀវភៅគោលខ្លះតាមតម្រូវការជាក់ស្តែង។

តាមការលើកឡើងរបស់លោក សូ ធី ជានាយករងសាលាបឋមសិក្សាចតុមុខ បានលើកឡើងថា សាលារៀនបានរៀបចំការងារមួយចំនួន ដោយនៅពេលនេះសិស្សានុសិស្ សបានចូលមកសាលារៀនជាបណ្តើរៗ។

លោក សូ ធី បានបញ្ជាក់ថា «សាលារៀនកំពុងតែធ្វើការទំនាក់ទំនងជាមួយនឹងអាជ្ញាធរ មណ្ឌលសុខភាព ខ័ណ្ឌដូនពេញ ដើម្បីអោយគាត់ រកវិធានការក្នុងការជួយ ជាវិធីសាស្រ្តសុខាភិបាលផ្សេងៗ។ សិស្សចូលរៀន យើងនឹងរៀបចំមានភ្នាក់ងារសុខភាព វាស់កំដៅមុនពេលអោយសិស្សចូលរៀន ទាំងគ្រូទាំងសិស្សគឺត្រូវតែវាស់កម្តៅហើយ អោយសិស្សចូលរៀន ក្នុងករណីកំដៅខ្លួន លើសពី៣៧កន្លះ គឺសាលារៀនមិនអនុញ្ញាត្តអោយពួកគាត់ចូលសាលារៀននោះទេ។ មិនអនុញ្ញាត្តអោយឪពុកម្តាយនាំកូនចូល សាលារៀន ឬក៏ជិះកង់ ម៉ូតូចូលក្នុងសាលារៀនដូចមុនបានទៀតនោះទេ»។

ជុំវិញការបើកសាលារៀនក្នុងដំណាក់កាលទី២នេះ អាណាព្យាបាលក៏ដូចជាសិស្សដែលកំពុងសិក្សានៅសាលាបឋមសិក្សា បានបង្ហាញការគាំទ្រផងដែរ។ អាណាព្យាបាល ក៏បញ្ជាក់ថា ពួកគាត់នឹងចូលរួម ជាមួយនឹងសាលាដើម្បីធ្វើយ៉ាងណាអប់រំកូនៗរបស់គាត់ និងបង្រៀនពួកគាត់អោយស្វែងយល់ កាន់តែច្បាស់ពីវិធីសាស្រ្ត ការការពារ ការចម្លងជំងឺកូវីដ១៩។

អ្នកស្រី អូន មុំ ជាជីដូនសិស្សថ្នាក់ទី៤នៃសាលាបឋមសិក្សាចតុមុខ បានលើកឡើងថា «មីងចង់អោយបើកសាលារៀនអ៊ីចឹងដែរ ព្រោះចង់អោយកូនចៅបានមករៀន។ មីងនឹងបន្តការចូលរួម គឺអោយចៅមកសាលារៀន គឺពាក់ម៉ាស លាងដៃសម្អាតអោយស្អាត»។

ចំណែកអ្នកស្រី អេង គង្គា ជាម្តាយសិស្សថ្នាក់ទី២នៃសាលាបឋមសិក្សាចតុមុខ បានបញ្ជាក់ថា «ការដែលគាត់រៀនតាមអនឡាញ វាមិនដូចការដែលគាត់រៀន នៅក្នុងសាលារៀននោះទេ ការចូលរៀននៅសាលារៀនផ្ទាល់មានគ្រូពន្យល់ បានដិតដល់ ហើយប្រសិនបើខ្ញុំពន្យល់គាត់នៅផ្ទះ ក៏មិនបានដូចគ្រូពន្យល់ដែរ»។

រីឯ កុមារី អេលីហ្សា ម៉ូនិច ជាសិស្សថ្នាក់ទី៣នៃសាលាបឋមសិក្សាចតុមុខ បានលើកឡើងថា «ខ្ញុំសប្បាយរីករាយ ដែលបានជួបមិត្តភត្តិវិញ ហើយក៏ជួបលោកគ្រូ អ្នកគ្រូ ដែលបានបង្រៀនផ្ទាល់។ ការរៀនអនឡាញ យើងអាចនឹងមានបញ្ហាខាងអ៊ីនធឺណែត ពេលយើងឆ្ងល់យើងពិបាកសួរ អ្នកគ្រូ លោកគ្រូ ដើម្បីពន្យល់យើង។ ខ្ញុំនឹងចូលរួមការពារ ជំងឺកូរ៉ូណាទាំងអស់គ្នា អោយបានល្អជាងមុនបន្ថែមទៀត»។

លោកស្រី ភួង ស៊ីផាន មេភូមិទី១០ បានបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរបានត្រៀមខ្លួនក្នុងការសហការជាមួយ សាលារៀនដើម្បីត្រៀមជួយសាលារៀន ក្នុងកាលៈទេសៈណាមួយ។

លោក ស្រី ភួង ស៊ីផាន បានបញ្ជាក់ថា «ក្នុងនាមខ្ញុំតំណាងអាជ្ញាធរ បានត្រៀមសហការជាមួយសាលារៀន ដើម្បីអោយសិស្សានុសិស្សទាំងតូចទាំងធំ​ បានចូលរៀន ដើម្បីកុំអោយខាតពេលវេលា និងអាយុជីវិតរបស់គាត់ ព្រោះគាត់ធំជាងរៀងរាល់ថ្ងៃ ខ្ញុំក៏រួចចំណែកការពារ ការសម្អាត ការរក្សាគម្លាត ដើម្បីដំណើរការ សាលារៀនទៅមុខបានល្អ»។

សូមបញ្ជាក់ថា សាលារៀននៅទូទាំងប្រទេសកម្ពុជា បានបើកទ្វារស្វាគមន៍ជាថ្មីសម្រាប់សិស្សានុសិស្សចូលរៀនឡើងវិញក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី៧ ខែកញ្ញា នេះតទៅ៕

ដោយ សុផានិត​

Add new comment

1 + 2 =